សកម្មជនបីនាក់មកពី អង្គការមាតាធម្មជាតិជាអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថាន និងអ្នកឃ្លាំមើលសិទ្ធិមនុស្សម្នាក់ត្រូវបានឃាត់ខ្លួននៅក្នុងខណ្ឌចំការមនរាជធានីភ្នំពេញរយៈពេលប្រហែល៣ម៉ោង កាលពីម្សិលមិញ បន្ទាប់ពីសាលារាជធានីចាត់ទុកថា ជាការហែក្បួនតាមការគ្រោងទុកទៅកាន់រដ្ឋសភាដោយខុសច្បាប់។
សកម្មជនទាំងនេះបាននិយាយថា មនុស្សប្រហែល១០ទៅ១៥នាក់មានគម្រោងហែក្បួនពីមជ្ឈមណ្ឌលភ្នំពេញតាមមហាវិថីសុធារស ទៅកាន់រដ្ឋសភាដើម្បីដាក់ញត្តិស្នើឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ក្នុងវិវាទមួយរវាងអ្នកភូមិខេត្តកោះកុង និងក្រុមហ៊ុនបូមខ្សាច់។
សាក្សីបាននិយាយថា ប៉ុន្តែ នៅម៉ោងប្រហែល៨និង៣០នាទីព្រឹក សន្តិសុខខណ្ឌបានមកដល់ ដោយឃាត់ខ្លួនសកម្មជនបីនាក់ និងអ្នកឃ្លាំមើលរូបនេះមកពីអង្គការសិទ្ធិមនុស្សអាដហុក ដោយបញ្ឈប់ការហែក្បួននេះមុនពេលចាប់ផ្តើម។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា សាលារាជធានីបានសម្រេចបញ្ឈប់ ពីព្រោះទំហំនៃការតវ៉ាបានកើនឡើងធំណាស់។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “មានមនុស្សរាប់រយនាក់តវ៉ា និងហែក្បួនទៅដាក់ញត្តិនៅមុខរដ្ឋសភា ដោយមិនមានលិខិតអនុញ្ញាតឡើយ។ វាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ…ពួកគេមិនអាចធ្វើសកម្មភាពដូចេនះបានទេ”។
យោងតាមសកម្មជនដែលត្រូវបានឃាត់ខ្លួននោះបានឲ្យដឹងថា ទោះយ៉ាងណា សមាជិកមកពីអង្គការមាតាធម្មជាតិផ្សេងទៀត និងលោក ណៃ វណ្ណដា អនុប្រធានជំនួយផ្នែកសិទ្ធិមនុស្ស និងច្បាប់នៅអង្គការសិទ្ធិមនុស្សអាដហុក ដែលបានឃ្លាំមើលហេតុការណ៍កាលពីម្សិលមិញ បានឲ្យដឹងថា មិនមានមនុស្សលើសពី២០នាក់ចូលរួមក្នុងការហែក្បួននោះទេ។
លោក វណ្ណដា បានមានប្រសាសន៍ថា មានមនុស្សប្រហែល១០ទៅ២០នាក់ប៉ុណ្ណោះ។ ពួកគាត់មានសិទ្ធិសំដែងកង្វល់របស់ខ្លួនដោយអហិង្សាអំពីការបូមខ្សាច់”។
នៅពេលត្រូវបានសួរអំពីភាពខុសគ្នាពីចំនួនអ្នកតវ៉ាដែលមានវត្តមានកាលពីម្សិលមិញ លោក ឡុង ឌីម៉ង់ បានអះអាងថា តួលេខរបស់លោកត្រឹមត្រូវ។ លោកបានមានប្រសាសន៍ថា “អ្នកដឹងហើយ ប៉ុន្តែ អ្នកធ្វើពុតជាមិនដឹងតែប៉ុណ្ណោះ”។
ក្នុងនាមជាអ្នកប្រឆាំងម្នាក់ក្នុងចំណោមអ្នកប្រឆាំងដែលនិយាយឥតសំចៃទាក់ទងទំនប់វារីអគ្គិសនីអារ៉ែងក្នុងខេត្តកោះកុង អង្គការមាតាធម្មជាតិត្រូវគេគិតថា បានបង្កបញ្ហាយូរមកហើយដល់រដ្ឋាភិបាល។ សហស្ថាបនិករបស់អង្គការនេះ គឺលោក អាឡិច ហ្គន់សាឡេស ដាវីដសុន ជនជាតិអេស្ប៉ាញត្រូវបាននិរទេសកាលពីខែកុម្ភៈ បន្ទាប់ពីរដ្ឋាភិបាលមិនព្រមបន្តទិដ្ឋាការដល់គាត់។
បន្ទាប់ពីត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញ សកម្មជនឈ្មោះ សុន ចាន់តារា អាយុ២៣ឆ្នាំ ចេក នីត្រា អាយុ២១ឆ្នាំ និង ដឹម គន្ធី អាយុ២០ឆ្នាំត្រូវបានបញ្ជូនទៅទីស្នាក់ការខណ្ឌជាមួយ ឌិត សុទ្ធី អាយុ៣១ឆ្នាំជាអ្នកឃ្លាំមើលនៅអង្គការអាដហុក។
លោក ជ័រ គឹមស័រ អភិបាលរងខណ្ឌបានសាកសួរអ្នកទាំងបួននាក់នេះរហូតដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ មុនពេលដោះលែងពួកគេវិញ។
នៅពេលសាកសួរចប់សព្វគ្រប់ លោក គឹមស័រ បានបដិសេធមិនធ្វើអត្ថាធិប្បាយពីអ្វីដែលបានកើតឡើងឡើយ។ ទោះជាយ៉ាងណាលោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា
សកម្មជនទាំងនេះត្រូវបានអប់រំ ហើយអ្នកឃ្លាំមើលសិទ្ធិមនុស្សមកពីអង្គការអាដហុកនោះត្រូវបានឃាត់ខ្លួនដោយភាន់ច្រឡំតែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “យើងមិនស្គាល់ថា គាត់ជានរណាឡើយ។ អ្នកដែលប្រឆាំងនឹងអាជ្ញាធរ… យើងត្រូវតែចាប់ពួកគេ”។
បន្ទាប់ពីត្រូវបានដោះលែង លោក ចាន់តារា ជាសកម្មជនម្នាក់ក្នុងចំណោមសកម្មជនទាំងនោះបាននិយាយថា សន្តិសុខបានប្រើអំពើហិង្សាលើពួកគាត់ ខណៈពួកគាត់ត្រូវបានឃាត់ខ្លួននោះ ។
លោកបានមានប្រសាសន៍ថា “សន្តិសុខបានឃាត់ខ្លួនពួកយើង ហើយបន្ទាប់មកទះកំផ្លៀងពួកយើង និងដកហូតយកញត្តិរបស់យើងអស់។ តើវាមិនខុសច្បាប់ទេឬ?”៕សារុន