
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា គណៈកម្មការអន្តរក្រសួងត្រូវបានបង្កើតឡើងជាថ្មីម្ដងទៀត ដើម្បីស៊ើបអង្កេតការធ្វើឃាតលោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត មេដឹកនាំសហជីពសេរីកម្មករពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៧។
លោក ជា វិជ្ជា ប្រធានស្ថាបនិកសហជីពសេរីកម្មករត្រូវបានបាញ់សម្លាប់ដោយបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងកាលពីខែមករា ឆ្នាំ២០០៤ ហើយលោក រស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី ជាសកម្មជនមកពីសហជីពតែមួយ ត្រូវបានបាញ់សម្លាប់ក្នុងកាលៈទេសៈស្ទើរតែដូចគ្នាបេះបិទនៅចុងឆ្នាំ២០០៤ និងឆ្នាំ២០០៧។
ករណីទាំងបីនេះត្រូវបានផ្តន្ទាទោសក្នុងតុលាការ ដោយបុរសពីរនាក់ឈ្មោះ ប៊ន សំណាង និង សុខ សំអឿន បានអនុវត្តទោសជាប់ពន្ធនាគារជាច្រើនឆ្នាំពីបទសម្លាប់លោក ជា វិជ្ជា មុនពេលត្រូវបានដោះលែងវិញដោយសារខ្វះភ័ស្តុតាងកាលពីឆ្នាំ២០១៣។
ឥឡូវនេះ រយៈពេលជាង១០ឆ្នាំកន្លងមកហើយបន្ទាប់ពីការធ្វើឃាតទី១ក្នុងចំណោមការធ្វើឃាតចំនួនបី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធស៊ើបអង្កេតករណីធ្វើឃាតទាំងនេះឡើងវិញ។
អនុក្រឹត្យចុះថ្ងៃទី១០ ខែមិថុនា ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន មានខ្លឹមសារថា “រដ្ឋាភិបាលបានបង្កើតគណៈកម្មការស៊ើបអង្កេតអន្តរក្រសួងពិសេសមួយសម្រាប់ពាក្យបណ្ដឹងពីការសម្លាប់លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត មេដឹកនាំសហជីព”។
អនុក្រឹត្យនេះលើកឡើងថា គណៈកម្មការនេះនឹងត្រូវធ្វើជាប្រធានដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងធ្វើជាអនុប្រធានដោយរដ្ឋលេខាធិការមួយរូបមកពីក្រសួងការងារ និងមួយរូបទៀតមកពីក្រសួងយុត្តិធម៌ រួមទាំងសមាជិកមកពីក្រសួងផ្សេងៗទៀត នគរបាល និងយោធាជាដើម។
អនុក្រឹត្យនេះបន្តថា គណៈកម្មការនេះនឹងមានភារកិច្ច “សហការជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធដើម្បីប្រមូលព័ត៌មាន និងភ័ស្តុតាង ចុះទៅសិក្សាពីព័ត៌មានលម្អិតទាំងនោះ” ក្នុងគោលបំណងរាយការណ៍ពីលទ្ធផលរបស់ខ្លួនអំពីការធ្វើឃាតនេះទៅអង្គការពលកម្មអន្តរជាតិ។
លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា និងបានកាន់តួនាទីជំនួសលោកជាប្រធានសហជីពសេរីកម្មករនោះ បានមានប្រសាសន៍ថា លោកគ្មានសង្ឃឹមថា ការស៊ើងអង្កេតនោះនឹងទទួលបានជោគជ័យច្រើនជាងការសើុបអង្កេតនាពេលកន្លងមកឡើយ។
លោក ជា មុនី បានមានប្រសាសន៍ថា “ខ្ញុំរីករាយណាស់ដែលរដ្ឋាភិបាលបានបង្កើតគណៈកម្មការស៊ើបអង្កេតអន្តរក្រសួងនេះ ប៉ុន្តែខ្ញុំគិតថា គណៈកម្មការនេះគួរតែមានមន្ត្រីមកពីសង្គមស៊ីវិល និងសមាជិកក្រុមគ្រួសារជនរងគ្រោះផងដែរ”។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនជឿថា ពួកគេនឹងរកឃាតករពិតឃើញឡើយ ដូច្នេះខ្ញុំនឹងដេកចាំមើលថាតើរដ្ឋាភិបាលអាចស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគាត់បានឬអត់”។
លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបង្វែរសំណួរអំពីគណៈកម្មការនេះទៅលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងដែលគេមិនអាចទាក់ទងបាន។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា លោកបានឮអំពីការបង្កើតគណៈកម្មការនេះ ប៉ុន្តែមិនមានព័ត៌មានអំពីរឿងនេះឡើយ។
លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា លោកសង្ឃឹមថា ការងាររបស់គណៈកម្មការនេះនឹងបង្ហាញពីការធ្វើពិតប្រាកដច្រើនជាងការខិតខំប្រឹងប្រែងកន្លងមក។
លោកបានមានប្រសាសន៍ថា “ប្រសិនបើរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងនេះមែន សូមឲ្យមានឆន្ទៈនយោបាយពិតប្រាកដដើម្បីស្វែងរកឃាតករពិត កុំគ្រាន់តែបង្កើតដើម្បីប្រជាភិថុតិនោះ ពីព្រោះក្រុមគ្រួសារជនរងគ្រោះបានរង់ចាំយុត្តិធម៌រយៈពេលយូរមកហើយ”៕ សារុន