26 C
Phnom Penh

មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​មេខ្លោង​ចែក​ចាយ​ថ្នាំញៀន​កាប់​នឹង​ដាវ​សាមូរ៉ៃ​ អំឡុង​ការ​ចុះ​ឆ្មក់​ចាប់ថ្នាំញៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា មន្ត្រី​ប្រឆាំង​គ្រឿង​ញៀន​ម្នាក់​​​ត្រូវ​បាន​កាប់​មួយ​ដាវ​សាមូរ៉ៃ​​កាលពី​​ល្ងាច​ថ្ងៃ​ពុធ ខណៈ​ចុះ​​​​ទៅ​ចាប់​ខ្លួន​បុរស​ពីរ​នាក់​ដែល​គេ​ជឿ​ថា ​ជា​មេខ្លោង​ចែក​ចាយ​ថ្នាំ​ញៀន​​ប្រភេទ​មេតំហ្វេតាមីន​ក្នុង​ក្រុង​កំពង់ឆ្នាំង។

លោក ​ពៅ ស៊ីផាន នាយការិយាល័យ​នគរ​បាល​ប្រឆាំង​​គ្រឿង​ញៀន​ខេត្ត​បានមាន​ប្រសា​សន៍​ថា លោក ទេព សារ៉ាត់ ត្រូវ​ដេរ​ប្រាំ​ថ្នេរ​​ត្រង់​ដៃ​​បន្ទាប់ពី​ត្រូវ​មេខ្លោង​​ចែកចាយ​ថ្នាំញៀន​កាប់​នឹង​ដាវ​សាមូរ៉ៃ​នៅ​ក្នុង​ផ្ទះ​ជួល​របស់​ពួកគេ​ស្ថិត​ក្នុង​​សង្កាត់​កំពង់ឆ្នាំង ក្នុង​ក្រុង​នេះ​។

​លោក​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​បាន​ឆ្មក់​ចូល​ផ្ទះ​នោះ​បន្ទាប់ពី​ចាប់​ខ្លួន​​មនុស្ស​អ្នក​ចែក​ចាយ​ថ្នាំញៀនជាប់សង្ស័យ​​ប្រាំបី​នាក់​ទៀត​​នៅ​ពី​ព្រឹក​ថ្ងៃ​នោះ។

លោក ស៊ីផាន បាន​បង្ហាញ​ឈ្មោះ​ជន​ដៃដល់​ថា ឈ្មោះ អុឹម សុខឌី ​អាយុ​៣០ឆ្នាំ និង​ ឌុយ គឹមសឿន អាយុ​២៧​ឆ្នាំ។ លោក​បាន​មាន​ប្រសាសន៍​ថា “មេខ្លោង​ទាំង​នោះ​​​នៅ​​ក្នុង​ក្រុង​កំពង់​ឆ្នាំង បាន​កាប់​មន្ត្រី​របស់​យើង​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទីនោះដើម្បី​ជួយ​​”។

លោក​បាន​បន្ថែម​ថា “មន្ត្រី​ម្នាក់​ក្នុង​ចំណោម​មន្ត្រីទាំង​នោះ​ត្រូវ​បាន​កាប់​រយះ​ដល់​ឆ្អឹង ហើយ​ត្រូវ​ដេរ​ប្រាំថ្នេរ​”។

លោក ជុន ថារិទ្ធ ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​កាលពី​ម្សិល​មិញ​បានកើត​ឡើង​រយៈ​ពេលជាង៥ម៉ោង​​ និង​បន្ទាប់ពីការ​ស៊ើបអង្កេត​​ការ​ចែក​ចាយ​ថ្នាំញៀន​នៅ​ក្នុង​ខេត្ត​នេះ​រយៈ​ពេល​មួយ​ខែ​មក។ លោក​បានមាន​ប្រសាសន៍ថា ទោះ​ជាយ៉ាង​ណា​ ប្រតិបត្តិការ​នោះ​​រក​ឃើញ​​ម៉ាទឹក​កក​តែ​បី​ក្រាមប៉ុណ្ណោះ។

យោង​តាម​លោក ស៊ីផាន បាន​​ឲ្យ​ដឹង​ថា អ្នក​ចែក​ចាយ​ថ្នាំ​ញៀន​ជាប់​សង្ស័យ​​ទាំង​នោះ​កំពុង​ត្រូវ​ឃុំខ្លួន និង​សាកសួរ​នៅ​ប៉ុស្តិ៍​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​៕ សារុន​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស