28 C
Phnom Penh

រថយន្ត​​​ដឹកទំនិញ​រោងចក្រ​​​ បើកបុក​ចូល​​ហ្វូង​កម្មករ​​​​ដែល​កំពុង​តវ៉ា​​ បណ្ដាល​ឲ្យ​បួន​នាក់​រង​របួស​​ធ្ងន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​បុរស​​​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ម្សិលមិញ​ បន្ទាប់ពី​បើក​រថយន្ត​ដឹកទំនិញ​​បុក​ចូល​​ហ្វូង​កម្មករ​​ដែល​កំពុង​​ធ្វើ​ការ​តវ៉ា​​នៅ​រោងចក្រ​កាត់​ដេរ​មួយ​របស់​កូរ៉េ​ខាង​ត្បូង ​ក្នុងខណ្ឌពោធិ៍សែនជ័យ បណ្ដាល​ឲ្យ​ស្ត្រី​បួន​នាក​់​រង​របួសធ្ងន់ ដោយ​ម្នាក់​​ក្នុង​ចំណោម​នោះ​​ ​​​ជា​ស្ត្រី​មាន​ផ្ទៃ​។

លោក ហុីង ប៊ុនធឿន អនុប្រធាន​សម្ព័ន្ធ​សហជីព​​ស្មារតី​កម្មករ​ខ្មែរ​​ បាន​មាន​ប្រសាសន៍​ថា ​កម្មករ​ប្រហែល​៥០០​នាក់​មកពី​រោងចក្រ​​កាត់​ដេរ​ អេស អេច អុីនធើណេសិនណល​ (S.H. International) ​ក្នុង​ខណ្ឌពោធិ៍សែន​ជ័យ បាន​ធ្វើ​កូដកម្ម​ចាប់​តាំងពី​ថ្ងៃទី​២៨ ខែ​ឧសភា​មក​ម៉្លេះ​ បន្ទាប់ពី​នាយកគ្រប់គ្រង​រោងចក្រ​របស់​កូរ៉េខាង​ត្បូង​មួយ​នេះ​ បាន​រត់​ចោល​​រោងចក្រ​​ ដោយ​មិន​បើក​ប្រាក់​ខែ​​សម្រាប់​ខែ​ឧសភា​ឲ្យ​កម្មករ​។

អ្នកស្រី ផាន់ យឿន អាយុ​៣៦​ឆ្នាំ ដែល​ស្ថិត​ក្នុង​ចំណោម​កម្មករ​តវ៉ា​និយាយ​ថា កាលពី​ព្រឹក​ម្សិលមិញ កម្មករ​កាត់​ដេរ​ប្រមាណ​១០០​នាក់​បាន​រាំង​​​ច្រក​​​ទ្វារ​រោងចក្រ​ នៅ​ពេល​តំណាង​ម្នាក់​របស់​ក្រុម​ហ៊ុន​បង្ហាញ​មុខ​អម​ដោយ​​ដីកា​​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដែល​បង្គាប់​ឲ្យ​ពួកគេ​​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​​​ ជា​​ហេតុ​ធ្វើ​ឲ្យ​កម្មករ​ទាំង​នេះ​​ខឹង​កាន់​តែ​ខ្លាំង​។​គាត់​និយាយ​ទៀត​ថា “​ពួកគេ​ហៅ​ឲ្យ​​យើង​ចូ​ល​ធ្វើ​ការ​វិញ ប៉ុន្តែ​គ្មាន​អ្នក​ណា​បើក​ប្រាក់​​ខែ​ឲ្យ​យើង​ទេ។ តើ​ឲ្យយើង​ធ្វើ​ការ​ម៉េច​នឹង​កើត​?”។

​គាត់​​​និយាយ​​ថា មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​​អានដីកា​តុលាការ​រួច​​ រថយន្ត​មួយ​គ្រឿង​របស់​រោងចក្រ​ដែល​ដឹក​មា៉ាស៊ីន​ដេរ ​បាន​ព្យាយាម​​បើក​ចេញទៅ​ខាងក្រៅ​របង ប៉ុន្តែ​កម្មករ​បាន​ព័ទ្ធ​រថយន្ត​ជិត​។ “​កម្មករ​បាន​​ពាំង​​ផ្លូវ​ឡាន ប៉ុន្តែ​តៃកុង​ឡាន​មិន​ស្ដាប់​ ហើយ​ក៏​បើក​បំបុក​ចូល​ហ្វូង​កម្មករ​​តែ​ម្តង​”។

ស្ត្រី​រូប​នេះ​និយាយ​ទៀត​ថា ​ពេល​នោះ​កម្មករ​បាន​បិទ​ទ្វារ​របង​ ឃាត់​រថយន្ត​ និង​អ្នក​បើក​បរ​​ឲ្យ​ជាប់​នៅ​ក្នុង​រោងចក្រ​។ “​បើ​យើង​មិន​បាន​ចាក់​សោ​ទ្វារ​ទេ​នោះ ប្រហែល​ជាមាន​កម្មករ​រាប់​សិប​នាក់​ផ្សេង​ទៀត​ស្លាប់ ​ឬរង​​របួស​ជា​មិនខាន​”។

លោក ជា សុវណ្ណ នាយ​​​ការិយា​​នគរ​បាល​ព្រហ្មទណ្ឌខណ្ឌ​ ​បាន​​ប្រាប់​​អត្តសញ្ញាណ​កម្មករ​រង​របួស​ដែល​មាន​ឈ្មោះ​ដូច​ជា ថៃ ស្រីណៃ អាយុ​២៥​ឆ្នាំ ខាំ សុផល អាយុ​៣៥​ឆ្នាំ វ៉េត គឹមហេង អាយុ​៣២​ឆ្នាំ និង​ ខូវ ដានី អាយុ​២៦​ឆ្នាំ។

លោក​ថ្លែង​ថា ​អ្នក​រង​របួស​​ទាំង​បួន​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​​ជម្ពូវ័ន្ត​ ហើយ​រហូត​មក​​ទល់​ម៉ោង​​៧យប់មិញ ជន​រងគ្រោះ​ពីរ​នាក់​សន្លប់​ស្តូក​ស្តឹង​​នៅ​ឡើយ ហើយ​ពីរ​នាក់​ទៀត​ដឹង​ខ្លួន ប៉ុន្តែ​មិន​អាច​កម្រើក​បាន​។

លោក​បាន​បន្ត​ថា នគរ​បាល​បាន​ឃាត់​ខ្លួន​អ្នក​បើក​បរ​ឈ្មោះ គឹម សាធ ​វ័យ​២២​ឆ្នាំ​ ភ្លាមៗ​បន្ទាប់​ពី​កើត​ហេតុ ហើយ​កំពុង​ធ្វើ​ការ​​សួរ​​​នាំ​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​កាលពី​ល្ងាច​ម្សិលមិញ​។ “​យើង​កំពុង​តែ​ស៊ើបអង្កេត​ថា​​ តើ​ក្រុម​ហ៊ុន​ ឬ​​ក៏មាន​នរណា​ម្នាក់​​បញ្ជា​ឲ្យ​​គេធ្វើ​បែប​នេះ​។ យើង​​ប្រហែលជា​ត្រូវ​បញ្ជូន​គាត់​ទៅ​សាលា​ដំបូង​រាជធានី​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​”។

លោក ហុីង ប៊ុនធឿន ​ដែល​ជា​ប្រធាន​សហជីព ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដាក់​​ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​ខណ្ឌរួច​​ហើយ ដោយ​ចោទ​ប្រកាន់​​ទាំង​រោងចក្រ និង​អ្នក​បើក​បរ​ពីបទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​​។ លោក​បាន​​​លើក​ឡើង​​ថា ​”​ខ្ញុំ​មិន​អាច​ទទួក​យក​​បាន​ឡើយ​ចំពោះ​អ្វី​ដែល​ក្រុម​ហ៊ុន​បាន​ធ្វើ ពីព្រោះ​ពួកគេ​មិន​បាន​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​​នោះ​ទេ​ ហើយ​ថែម​ទាំង​ព្យាយាម​សម្លាប់​ពួកគេ​ទៀត​”។

ទោះ​ជាយ៉ាង​ណា តំណាង​រោងចក្រ​ អេស អេច អុីនធើណេសិនណល មិន​អាច​ទាក់​ទង​​​សុំ​ការ​បំភ្លឺ​បាន​ឡើយ​៕ សុខុម​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស