33.3 C
Phnom Penh

សាក្សី​រៀបរាប់​អំពី​ពលកម្ម​ទាំង​បង្ខំ​នៅ​ការដ្ឋាន​ទំនប់​កំពង់​ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​ម្នាក់​ដែល​ធ្វើ​ពលកម្ម​ទាំង​បង្ខំ​រយៈ​ពេល​ជា​ច្រើន​ខែ​នៅ​ការដ្ឋាន​ទំនប់​១​មករា​ក្នុង​ខេត្ត​កំពង់​ធំ បាន​ឡើង​និយាយ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​រៀបរាប់​ប្រាប់​អំពី​បន្ទុក​ពលកម្ម​ដ៏​ធ្ងន់ ដែល​ត្រូវ​ធ្វើ​មិន​ថា​ពេល​ឈឺ ឬ​របួស​ឡើយ។

ឡើង​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​នីតិ​វិធី​រដ្ឋ​ប្បវេណី​មុន​ការ​ឈប់​សម្រាក​នៅ​រដូវ​ក្តៅ អ្នក​ស្រី កង អ៊ុត ជា​កសិករ​កើត​នៅ​ឆ្នាំ​១៩៥១​ក្នុង​ខេត្ត​កំពង់​ធំ បាន​រៀបរាប់​អំពី​រយៈ​ពេល​បួន ឬ​ប្រាំ​ខែ ដែល​អ្នក​ស្រី​បាន​ធ្វើ​ពលកម្ម​រែកដី​នៅ​ឯ​ការដ្ឋាន​ទំនប់​នោះ​ក្នុង​ឆ្នាំ​១៩៧៧។ អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា កម្លាំង​ធ្វើការ​មាន​ភាគច្រើន​ជា​យុវជន​និង​យុវនារី​ក្នុង​វ័យ​ប្រហែល​២០ឆ្នាំ ពួកគេ​ជាច្រើន​ជា​ចាម​ត្រូវ​គេ​នាំ​មក​ពី​ខេត្ត​កំពង់ចាម។

កង​របស់​អ្នក​ស្រី​មាន​មនុស្ស​ជាង​១០​នាក់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ការដ្ឋាន​ទំនប់​១​មករា នៅ​ចម្ងាយ​ប្រាំ​គីឡូម៉ែត្រ​ពី​ភូមិ​កំណើត​របស់​អ្នក​ស្រី ក្នុង​ឃុំ​បាឡាំង ជា​ការ​ប្រឹងប្រែង​មួយ​ផ្នែក​ដើម្បី​ឲ្យ​គម្រោង​ដ៏​ធំ​នោះ​ទាន់​ផែនការ​របស់​អង្គការ។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា ពលករ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើការ​ពី​ម៉ោង​បួន​ជិត​ភ្លឺ រហូត​ដល់​ពេល​អធ្រាត្រ ដោយ​សម្រាក​ហូប​បាយ​ថ្ងៃ​នៅ​ម៉ោង​១១ ហើយ​គេ​មិន​ឲ្យ​យើង​ឈប់​ទេ សូម្បី​នៅ​ពេល​ឈឺ ឬ​របួស​ក៏ដោយ។ ចំណែក​ទឹក​ផឹក​វិញ​ច្រើនតែ​ជា​ទឹក​ល្អក់ ហើយ​ពេល​យប់​ពលករ​ត្រូវ​សង្កើច​ខាំ​។

អ្នក​ស្រី អ៊ុត មាន​ប្រសាសន៍​ក្រោម​ការ​សួរ​ដេញដោល​ពី​ព្រះ​រាជ​អាជ្ញា​រង​ជាន់​ខ្ពស់ វាំងសង់ ដឺ វិល (Vincent de Wilde) ថា “ខ្ញុំ​ត្រូវ​ខំ​ទ្រាំ​នឹង​ការងារ​ទាំង​នេះ បើ​ទោះ​ជា​ខ្ញុំ​អស់​កម្លាំង​ហត់ហេវ​នៅ​ពេល​នោះ និង​របួស​យ៉ាងណា​ក្តី”។

នៅ​ពេល​សួរ​ថា​ហេតុ​អ្វី អ្នក​ស្រី​និង​ពលករ​ផ្សេងទៀត​មិន​ហ៊ាន​និយាយ អ្នក​ស្រី​បាន​និយាយ​ថា គ្មាន​នរណា​ហ៊ាន​ប្រថុយ​ទេ។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា “ខ្ញុំ​ត្រូវ​ប្រកាន់​ខ្ជាប់​តាម​ការ​ណែនាំ បើ​ពុំ​នោះ​ទេ ខ្ញុំ​នឹង​ត្រូវ​គេ​កសាង ឬ​ដាក់​ទណ្ឌកម្ម”។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា អ្នក​ស្រី​បាន​ឃើញ​អ្នក​ទោស​ជាច្រើន​នាក់​ត្រូវ​គេ​ដឹក​តាម​រទេះ​គោ​ទៅ​វត្ត​បារាយ​ជាន់​ដែក ក្នុង​ភូមិ​កំណើត​របស់់​អ្នក​ស្រី ដែល​ត្រូវ​បាន​ប្រែក្លាយ​ជា​មន្ទីរ​សន្តិសុខ។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា មនុស្ស​ដែល​គេ​នាំ​មក​ភាគច្រើន មិន​បាន​ចេញ​ទៅ​វិញ​ទេ។

អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា “មនុស្ស​មួយ​ចំនួន​ត្រូវ​បានគេ​​សម្លាប់​ចោល ខ្លះ​ត្រូវ​ដោះលែង…​ប៉ុន្តែ​អ្នក​ដែល​ត្រូវ​គេ​បញ្ជូន​ទៅ​ទី​នោះ ត្រូវ​គេ​សម្លាប់​ចោល” ហើយ​ក្លិន​ស្អុយ​ភាយ​តាម​ខ្យល់​នៅ​ក្រៅ​វត្ត សូម្បី​ក្រោយពី​របប​នេះ​ដួល​រលំ​ហើយ​ក៏ដោយ។

“ខ្ញុំ​បាន​ឃើញសាកសព​បួន​ឬ​ប្រាំ ប៉ុន្តែ​ខ្ញុំមិន​អាច​ប្រាប់​អ្នក​នូវ​ចំនួន​សព​ក្នុង​រណ្តៅ​បាន​ទេ។ រណ្តៅ​ទាំង​នោះ​ធំៗ​ណាស់”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស