ស្ត្រីម្នាក់ដែលធ្វើពលកម្មទាំងបង្ខំរយៈពេលជាច្រើនខែនៅការដ្ឋានទំនប់១មករាក្នុងខេត្តកំពង់ធំ បានឡើងនិយាយនៅសាលាក្តីខ្មែរក្រហមកាលពីថ្ងៃព្រហស្បតិ៍ ដោយរៀបរាប់ប្រាប់អំពីបន្ទុកពលកម្មដ៏ធ្ងន់ ដែលត្រូវធ្វើមិនថាពេលឈឺ ឬរបួសឡើយ។
ឡើងនិយាយកាលពីថ្ងៃព្រហស្បតិ៍ជាថ្ងៃចុងក្រោយនៃនីតិវិធីរដ្ឋប្បវេណីមុនការឈប់សម្រាកនៅរដូវក្តៅ អ្នកស្រី កង អ៊ុត ជាកសិករកើតនៅឆ្នាំ១៩៥១ក្នុងខេត្តកំពង់ធំ បានរៀបរាប់អំពីរយៈពេលបួន ឬប្រាំខែ ដែលអ្នកស្រីបានធ្វើពលកម្មរែកដីនៅឯការដ្ឋានទំនប់នោះក្នុងឆ្នាំ១៩៧៧។ អ្នកស្រីបានមានប្រសាសន៍ថា កម្លាំងធ្វើការមានភាគច្រើនជាយុវជននិងយុវនារីក្នុងវ័យប្រហែល២០ឆ្នាំ ពួកគេជាច្រើនជាចាមត្រូវគេនាំមកពីខេត្តកំពង់ចាម។
កងរបស់អ្នកស្រីមានមនុស្សជាង១០នាក់ ហើយត្រូវបានគេបញ្ជូនទៅការដ្ឋានទំនប់១មករា នៅចម្ងាយប្រាំគីឡូម៉ែត្រពីភូមិកំណើតរបស់អ្នកស្រី ក្នុងឃុំបាឡាំង ជាការប្រឹងប្រែងមួយផ្នែកដើម្បីឲ្យគម្រោងដ៏ធំនោះទាន់ផែនការរបស់អង្គការ។
អ្នកស្រីបានមានប្រសាសន៍ថា ពលករត្រូវបានគេបង្ខំឲ្យធ្វើការពីម៉ោងបួនជិតភ្លឺ រហូតដល់ពេលអធ្រាត្រ ដោយសម្រាកហូបបាយថ្ងៃនៅម៉ោង១១ ហើយគេមិនឲ្យយើងឈប់ទេ សូម្បីនៅពេលឈឺ ឬរបួសក៏ដោយ។ ចំណែកទឹកផឹកវិញច្រើនតែជាទឹកល្អក់ ហើយពេលយប់ពលករត្រូវសង្កើចខាំ។
អ្នកស្រី អ៊ុត មានប្រសាសន៍ក្រោមការសួរដេញដោលពីព្រះរាជអាជ្ញារងជាន់ខ្ពស់ វាំងសង់ ដឺ វិល (Vincent de Wilde) ថា “ខ្ញុំត្រូវខំទ្រាំនឹងការងារទាំងនេះ បើទោះជាខ្ញុំអស់កម្លាំងហត់ហេវនៅពេលនោះ និងរបួសយ៉ាងណាក្តី”។
នៅពេលសួរថាហេតុអ្វី អ្នកស្រីនិងពលករផ្សេងទៀតមិនហ៊ាននិយាយ អ្នកស្រីបាននិយាយថា គ្មាននរណាហ៊ានប្រថុយទេ។
អ្នកស្រីមានប្រសាសន៍ថា “ខ្ញុំត្រូវប្រកាន់ខ្ជាប់តាមការណែនាំ បើពុំនោះទេ ខ្ញុំនឹងត្រូវគេកសាង ឬដាក់ទណ្ឌកម្ម”។
អ្នកស្រីបានមានប្រសាសន៍ថា អ្នកស្រីបានឃើញអ្នកទោសជាច្រើននាក់ត្រូវគេដឹកតាមរទេះគោទៅវត្តបារាយជាន់ដែក ក្នុងភូមិកំណើតរបស់់អ្នកស្រី ដែលត្រូវបានប្រែក្លាយជាមន្ទីរសន្តិសុខ។ អ្នកស្រីមានប្រសាសន៍ថា មនុស្សដែលគេនាំមកភាគច្រើន មិនបានចេញទៅវិញទេ។
អ្នកស្រីឲ្យដឹងទៀតថា “មនុស្សមួយចំនួនត្រូវបានគេសម្លាប់ចោល ខ្លះត្រូវដោះលែង…ប៉ុន្តែអ្នកដែលត្រូវគេបញ្ជូនទៅទីនោះ ត្រូវគេសម្លាប់ចោល” ហើយក្លិនស្អុយភាយតាមខ្យល់នៅក្រៅវត្ត សូម្បីក្រោយពីរបបនេះដួលរលំហើយក៏ដោយ។
“ខ្ញុំបានឃើញសាកសពបួនឬប្រាំ ប៉ុន្តែខ្ញុំមិនអាចប្រាប់អ្នកនូវចំនួនសពក្នុងរណ្តៅបានទេ។ រណ្តៅទាំងនោះធំៗណាស់”៕ និត