ប័ណ្ណសារ

អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា បិទ​មណ្ឌល​ឃុំ​ខ្លួន​ព្រៃ​ស្ពឺ

By

June 26, 2015

មណ្ឌលបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ពោធិ៍​សែន​ជ័យ​ក្រុង​ភ្នំពេញ ដែល​គេ​ហៅ​ថា ព្រៃ​ស្ពឺ ជា​ថ្មី​ម្តង​ទៀត​បាន​រង​ការ​រិះគន់ ដោយ​មន្ត្រី​ទទួល​ស្គាល់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ជនអនាថា​ជា​ច្រើន​នាក់​ដែល​ត្រូវ​គេ​ចាប់​ឃុំ​នៅ​ទី​នោះ មុន​បុណ្យ​សព​លោក ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​សប្តាហ៍​មុន មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ​ទេ។

ជា​ផ្នែកមួយ​នៃ​ការ​រៀបចំ​សម្រាប់​ពិធី​បុណ្យ​សព​ថ្ងៃ​ទី​១៩​ខែ​មិថុនា ប៉ូលិស​បាន​ប្រមូល​ក្មេង​ចិញ្ចើម​ផ្លូវ អ្នក​សុំ​ទាន និង​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​រាប់​សិប​នាក់ ហើយ​បញ្ជូន​ពួកគេ​ទៅ​មណ្ឌល​នេះ ដែល​ក្រុម​សិទ្ធិ​មនុស្ស​បាន​ចងក្រង​ឯកសារ​នៃ​ការ​រំលោភ​រាងកាយ​និង​ផ្លូវ​ភេទ​ជាច្រើន។

ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អង្គការ​សិទ្ធិ​មនុស្ស (HRW) បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​អ្នក​ទាំង​នោះ​ដែល​ជាប់​ឃុំ​នៅ​ព្រៃស្ពឺ និង​បិទ​មណ្ឌល​នេះ និង​កន្លែង​ផ្សេង​ទៀត​ដែល​ដូច​ទី​នេះ។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ​អនុប្រធាន​អង្គការ​ឃ្លាំមើល​​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា “ថ្ងៃ​ឈប់​សម្រាក​និង​ពិធីបុណ្យ​កម្ពុជា​មិន​គួរ​ប្រារព្ធ ដោយ​មាន​ការ​ចាប់​ខ្លួន​ជន​ងាយ​រងគ្រោះ​បំផុត​នៅ​ប្រទេស​នេះ​ស្រេចតែ​ចិត្ត​នោះ​ទេ។ អ្នក​ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ដាក់​ចូល​ ‘មណ្ឌលឱកាស’ មាន​ឈ្មោះ​មិន​ល្អ​នេះ គួរ​ត្រូវ​ដោះលែង​ភ្លាមៗ “។

លោក ហ្វីល រ៉ូបឺតសុន បាន​បន្ថែម​ថា “ការ​ទុក​មណ្ឌល​ឃុំ​ខ្លួន​ដូចជា​ព្រៃ​ស្ពឺ​ឲ្យ​នៅ​បើក​តទៅ​ទៀត នាំ​ឲ្យ​កើត​មាន​មិន​ចេះ​ចប់​ចំពោះ​អាជ្ញាធរ​ក្នុង​ការ​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស ដែល​គេ​មិន​ចង់​បាន។ រដ្ឋាភិបាល​គួរ​បិទ​មណ្ឌល​ទាំង​នេះ​ភ្លាមៗ ហើយ​គាំទ្រ​សេវា​ស្ម័គ្រ​ចិត្ត​ពិត​ប្រាកដ ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា​ទន់​ខ្សោយ”។

លោក សន សុផល ប្រធាន​មន្ទីរ​សង្គម​កិច្ច​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា មនុស្ស​មិន​ដល់​១០០​នាក់​ត្រូវ​បាន​គេ​ចាប់​ចេញ​ពី​ផ្លូវ​មុន​ពិធី​បុណ្យ​សព​លោក ជា ស៊ីម ហើយ​មាន​មនុស្ស​១០​ទៅ​២០​នាក់​នៅ​ក្នុង​មណ្ឌល​នោះ​នៅ​ឡើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ នៅ​ពេល​សួរ​មូលហេតុ​ដែល​ចាំបាច់​ត្រូវ​បញ្ជូន​មនុស្ស​ចេញ​ពី​ផ្លូវ​មុន​ពេល​បុណ្យ​សព លោក សុផល បាន​ដាក់​ទូរស័ព្ទ​ចុះ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​ក្រុង បាន​មាន​ប្រសាសន៍​ថា ព្រៃ​ស្ពឺ នឹង​មិន​ត្រូវ​បិទ​ទេ។

លោក ឌីម៉ង់ មាន​ប្រសាសន៍​ថា “យើង​នឹង​មិន​ធ្វើ​តាម​អនុសាសន៍​របស់​អង្គការ​បរទេស​នេះ​ទេ”។ លោក​មាន​ប្រសាសន៍​ថា “ព្រៃ​ស្ពឺ​មិន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ” ប៉ុន្តែ​លោក​បន្ថែម​ថា ការ​អះអាង​អំពី​ការ​រំលោភ​បំពាន​នៅ​មណ្ឌល​នេះ​គឺ​គ្មាន​មូលដ្ឋាន​ឡើយ។

លោក ហែម សារិន ជា​សន្តិសុខ​នៅ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ពោធិ៍​សែន​ជ័យ បាន​មាន​ប្រសាសន៍​ថា មនុស្ស​៨០​នាក់​ត្រូវ​បាន​គេ​នាំ​មក​មណ្ឌល​នេះ​មុន​បុណ្យ​សព​លោក ជា ស៊ីម ហើយ​៤០​នាក់​ត្រូវ​បាន​ដោះលែង​កាលពី​ថ្ងៃ​ពុធ។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​មិន​ធ្វើ​អ្វី​ទេ​នៅ​ទី​នេះ។ ពួកគេ​គ្រាន់តែ​ហូប​និង​សម្រាក ហើយ​យើង​មិន​មាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ណាមួយ​ដល់​ពួកគេ​ទេ”៕ និត