បន្ទាប់ពីដំណើរចុះទៅកាន់តំបន់មានជម្លោះតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាមអស់រយៈពេលប៉ុន្មានសប្ដាហ៍រួចមក គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយទាមទារឲ្យរដ្ឋាភិបាលរុះរើគណៈកម្មាធិការព្រំដែនរបស់ខ្លួន លុបចោលសន្ធិសញ្ញាព្រំដែនឆ្នាំ២០០៥ និងយកសំណុំរឿងប្រឆាំងនឹងវៀតណាមទៅកាន់តុលាការអន្តរជាតិ។
យុទ្ធនាការចុងក្រោយក្នុងចំណោមយុទ្ធនាការជាយូរមកហើយរបស់គណបក្សសង្គ្រោះជាតិប្រឆាំងនឹងការដោះស្រាយរបស់រដ្ឋាភិបាលក្នុងការវាស់វែងព្រំដែនរបស់កម្ពុជាជាមួយប្រទេសវៀតណាម គឺផ្ដោតលើតំបន់ចំនួនបួនមានដូចជាខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តកណ្ដាល និងខេត្តត្បូងឃ្មុំ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញកាលពីថ្ងៃព្រហស្បតិ៍ គណបក្សសង្គ្រោះជាតិបានលើកឡើងថា បន្ទាប់ពីការចងក្រងឯកសារទាក់ទិននឹងការឈ្លានពានជាច្រើនលើកច្រើនសារពីសំណាក់វៀតណាម រដ្ឋាភិបាលត្រូវតែធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅចំពោះវិធីសាស្ត្រនៅក្នុងការវាស់វែងព្រំដែន។
គណបក្សសង្គ្រោះជាតិទាមទារឲ្យរដ្ឋាភិបាល “ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ហើយទាមទារឲ្យរដ្ឋសភារៀបចំកិច្ចប្រជុំមួយដើម្បីអនុម័តលើការលុបចោលនៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥”។
គណបក្សសង្គ្រោះជាតិក៏អំពាវនាវឲ្យមានការបង្កើតគណៈកម្មាធិការព្រំដែនថ្មីមួយ ដែលរួមមានសមាជិកមកពីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ក៏ដូចជាការបង្ហាញនូវផែនទីដែលកំពុងត្រូវបានប្រើប្រាស់ក្នុងការចរចាគ្នារវាងកម្ពុជា និងវៀតណាមផងដែរ ហេតុដូច្នេះគេអាចពិនិត្យផែនទីនេះ ដើម្បីប្រៀបធៀបនឹងបង្គោលព្រំដែនជាក់ស្ដែង។
លោក ម៉ៅ មុនីវណ្ណ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិដែលជាអ្នកដឹកនាំដំណើរក្នុងពេលថ្មីៗចុះទៅកាន់តំបន់ព្រំដែន បានលើកឡើងកាលពីម្សិលមិញថា កំណត់ទូតចំនួនពីរក្នុងពេលថ្មីៗនេះ ដែលក្រសួងការបរទេសផ្ញើទៅកាន់ប្រទេសវៀតណាម ដោយជូនដំណឹងអំពីភាពមិនប្រក្រតីតាមព្រំដែននៅក្នុងខេត្តរតនគិរី និងខេត្តកណ្ដាលនោះអាចផ្ដល់ជាកម្លាំងជំរុញសម្រាប់ការធ្វើកំណែទម្រង់។
លោក មុនីវណ្ណ បានមានប្រសសន៍ថា “ដោយសាររដ្ឋាភិបាលកម្ពុជាក៏ទទួលស្គាល់ថា វៀតណាមបានជីកស្រះនៅលើទឹកដីកម្ពុជា [ក្នុងខេត្តរតនគិរី] ហើយកំពុងសាងសង់ប៉ុស្តិ៍យោធានៅលើតំបន់មានជម្លោះក្នុងខេត្តកណ្ដាលដែរនោះ ហេតុដូច្នេះវាជារឿងសមហេតុផលសម្រាប់រដ្ឋសភាបើកសម័យប្រជុំពេញអង្គដើម្បីលុបចោលសន្និសញ្ញាព្រំដែនបំពេញបន្ថែម ដែលចុះហត្ថលេខាដោយកម្ពុជា និងវៀតណាមក្នុងឆ្នាំ២០០៥”។
សន្ធិសញ្ញាឆ្នាំ២០០៥ដ៏ចម្រូងចម្រាសនេះ បានទទួលរងការរិះគន់ពីគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីសម្ដេចឪ នរោត្តម សីហនុ រហូតដល់សកម្មជនមកពីគណបក្សប្រឆាំងជាច្រើនរូបទៀត ដែលក្នុងនោះមួយចំនួនត្រូវបានចាប់ដាក់ពន្ធនាគារពីបទរិះគន់សន្ធិសញ្ញានេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ពីបទបរិហាកេរ្តិ៍។
គេមិនអាចទាក់ទងលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនបានឡើយកាលពីថ្ងៃសុក្រ។ លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សសង្គ្រោះជាតិកំពុងប្រើប្រាស់បញ្ហាព្រំដែននេះដើម្បីទាញប្រយោជន៍នយោបាយ។
លោកបានមានប្រសាសន៍ថា “អ្វីក៏ដោយដែលពួកគេកំពុងនិយាយ និងធ្វើនេះគឺគ្រាន់តែជាការឃោសនាផ្នែកនយោបាយប៉ុណ្ណោះ ដើម្បីទាញប្រយោជន៍ និងប្រជាប្រិយភាពសម្រាប់គណបក្សខ្លួន។ លើសពីនេះទៅទៀត វាគ្មានហេតុផលត្រូវលុបចោលសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឡើយ ព្រោះយើងបានអនុវត្តវាយ៉ាងរលូនអស់រយៈពេល១០ឆ្នាំមកហើយ”។
លោក សុខ ឦសាន ក៏បានលើកឡើងផងដែរថា មិនចាំបាច់ត្រូវការកែប្រែគណៈកម្មាធិការព្រំដែននោះឡើយ។
លោកបានមានប្រសាសន៍ថា “តាមពិតទៅ កិច្ចការព្រំដែនគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។ ហេតុដូច្នេះ មិនចំាបាច់ត្រូវការបង្កើតគណៈកម្មាធិការព្រំដែនមួយផ្សេងទៀតឡើយ ព្រោះរដ្ឋាភិបាលមានគណៈកម្មាធិការព្រំដែនដែលជាទីភ្នាក់ងារសម្រាប់ធ្វើការលើរឿងនេះស្រាប់រួចហើយ”៕ ស៊ុយឈាង