26 C
Phnom Penh

កសិករ​ពីរនាក់​ជាប់​ពន្ធនាគារ​ អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​កោះ​ហៅ​ជុំវិញ​វិវាទ​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កសិករពីរនាក់ដែលជាប់ពាក់ព័ន្ធ​នៅក្នុង​វិវាទ​​ដីធ្លី​មួយ​​ដែល​ធ្វើឲ្យ​ អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​ដ៏លេច​ធ្លោរ​មួយ​​រូប និង​​មន្ត្រី​​តុលាការ​​ចំនួន​​ពីររូប​​ដាក់​​ពាក្យ​​ប្ដឹង​គ្នា​​ទៅវិញ​ ទៅមក​នោះ ត្រូវបានរកឃើញថា ​មានទោសកំហុស ពីបទ​រានដី​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃសុក្រ ​ដោយ​សាលា​ដំបូង​ខេត្ត​សៀមរាប ហើយ​ត្រូវ​បាន​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរឆ្នាំ។

បុរសទាំងពីរនាក់នេះ ដែលម្នាក់ឈ្មោះ បឿន សុខ និងម្នាក់ទៀតឈ្មោះ វ៉ែន ឡន ត្រូវបាន​បញ្ជូន​ទៅ​ពន្ធនាគារ​​តាំងពី​ខែមករាមកម្លេ៉ះ ​តែទោះ​ជាយ៉ាង​ណា​ក្នុង​ចំណោម​ពួកគេ​ទាំងពីរ​​នាក់នឹង​មាន​ម្នាក់​ជាប់​ ពន្ធនាគារ​​មិន​ដល់២ខែ​ ​និងម្នាក់​ទៀត​​មិន​​ដល់​១ខែផង​​ ដោយ​ទោស​​ដែល​នៅ​​សេស​សល់​​ត្រូវ​បាន​ព្យួរ។​ ​ប៉ុន្តែ ​សាល​ក្រម​​ដែល​រកឃើញ​ថា​​មាន​ទោស​​កំហុស​​នេះ ​មិនមែន​ជា​សញ្ញា​ល្អ​ឡើយ​សម្រាប់​លោក ​នី ចរិយា ប្រធាន​ផ្នែក​ឃ្លាំមើល​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ដែល​ជាអ្នក​តតាំង​ផ្នែក​ច្បាប់​ជាមួយ​មន្ត្រី​តុលាការ​ ពីររូបបន្ទាប់ពីអះអាងថា មន្ត្រីតុលាការទាំងពីររូបនេះដោះស្រាយសំណុំរឿងវិវាទដីធ្លីនេះមិនត្រឹមត្រូវ។

កសិករពីរ ​នាក់ផ្សេងទៀត​ដែលម្នាក់ឈ្មោះ មាន ​ស្រីមុត និង​ម្នាក់ទៀតឈ្មោះ សូត ឌាំង ត្រូវបាន​ផ្ដន្ទា​ទោស​កំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំក្នុងម្នាក់ៗ ដោយត្រូវ​បាន​ព្យួរ​ទោស​មួយឆ្នាំ​ពីបទ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​​ការ​រានដីដែល ​ជាកម្មសិទ្ធិរបស់​ក្រុមហ៊ុន​កសិពាណិជ្ជកម្ម​មួយ​ឈ្មោះ Community Takhmao Development ​Agricultural & ​Industrial ដែលទទួល​បាន​សិទ្ធិកាន់កាប់​ដីសម្បទាន​សង្គម​កិច្ច​ទំហំ​៤១៩​ហិកតា​ នៅក្នុងស្រុកវ៉ារិន ​ខេត្តសៀមរាប ​កាលពីឆ្នាំ២០១២។

ចៅក្រម កូយ សៅ បានមានប្រសាសន៍ដោយសំដៅដល់ប្រធានក្រុមហ៊ុន Community Takhmao Development ​Agricultural & Industrial ថា “តុលាការបាន​ផ្ដន្ទា​ទោស​លោក ​មាន ​ស្រីមុត ​ឲ្យជាប់​ពន្ធនាគារ​​រយៈ​ពេល​២ឆ្នាំ ​ព្រោះគាត់​​ជាមេខ្លោង​​ដែល​ញុះ​ញង់ពលរដ្ឋ​ឲ្យ​បំផ្លិច​បំផ្លាញ​ចម្ការ​ ដំឡូងមី​ជិត​២០ហិកតា​របស់លោក​ [លី] ​គឹមហ៊ុន”។

កសិករ​ទាំងបួន​នាក់នេះក៏ត្រូវ​បាន​បង្គាប់ឲ្យ​បង់ប្រាក់​សំណង​ជំងឺចិត្ត​សរុប​ចំនួន១០លានរៀល (ប្រហែល​២.៥០០ដុល្លារ)​​ ផងដែរ។

លោក នី ចរិយា បានចូលខ្លួនមក​ពាក់ព័ន្ធនៅ​ក្នុងសំណុំ​រឿងវិវាទ​ដីធ្លីនេះ​កាលពី​ខែឧសភា នៅពេល​អង្គការ​អាដហុក​បាន​ប្រកាសថា ខ្លួននឹង​ចាប់​ផ្ដើម​ចាត់វិធានការ​ផ្លូវច្បាប់​ជំនួស​មុខ​ឲ្យ​សហគមន៍​មួយ​ នៅក្នុង​ស្រុក​ស្វាយលើ ​ដែលអះអាងថា ម្ចាស់​គ្រប់គ្រង​​ដីសម្បទាន​សង្គម​បាន​ឆ្ការាន​ឆ្លង​ព្រំ​ប្រទល់​ស្រុក​ចូល ​ដល់​ដី​នៅក្នុង​សហគមន៍របស់ខ្លួន។

ពាក្យបណ្ដឹងនេះផ្ដោតលើមន្ត្រីតុលាការ ​ចំនួនពីររូប​នៅក្នុង​ខេត្ត​សៀមរាប ​គឺព្រះរាជអាជ្ញារង​ សុខ ​កែវបណ្ឌិត និង​ចៅក្រមស៊ើបសួរ គី រិទ្ធី ដែលត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​អនុវត្ត​នីតិវិធី​មិនត្រឹម​ត្រូវ​នៅក្នុង​ ការ​ដោះ​ស្រាយ​សំណុំ​រឿងនេះ។

ជាការ​ឆ្លើយតប​ មន្ត្រីតុលាការ​ទាំងពីរ​រូបនេះ​បាន​ដាក់ពាក្យ​បណ្ដឹង​តបត​វិញ ​ដោយ​ចោទ​ប្រកាន់​លោក​ នី ចរិយា ​ពីបទ​បរិហា​កេរ្តិ៍ ​បង្កាច់កេរ្តិ៍ ​និងប៉ុនប៉ង​បំភិត​បំភ័យ​មន្ត្រី​តុលាការ។​ បទល្មើស​ទាំងនេះ​អាចមាន​ទោស​ជាប់​ពន្ធនាគាររហូតដល់១៨ខែ។

ពេលត្រូវបានទាក់ទងកាលពីថ្ងៃសុក្រ លោក លី គឹមហ៊ុន ប្រធាន​ក្រុមហ៊ុន​កសិពាណិជ្ជកម្ម​មួយ​នេះ​បាន​លើក​ឡើងថា​ ការ​យល់​ច្រឡំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នេះ​បាន​កើត​ឡើង​ក្រោយ​ការ​ បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ នៅ​ពេល​ព្រំប្រទល់​ស្រុក​ត្រូវ​បាន​ផ្លាស់ប្ដូរ។

លោកបានអះអាងថា “មុនការបោះ​ឆ្នោត ដីនេះ​ស្ថិត​នៅ​ក្នុង​ស្រុកវ៉ារិន ប៉ុន្តែ​បន្ទាប់ពី​ការ​បោះឆ្នោត​វា​ត្រូវ​បាន​កាត់​ចូល​ក្នុង​ស្រុក​ ស្វាយលើ។ ខ្ញុំ​បាន​បំពេញ​សំណុំ​បែបបទ​ឯកសារ​រួចរាល់​ហើយ​ជាមួយ​សាលា​ស្រុក​ស្វាយលើ​ កាល​ពីខែ​សីហា ឆ្នាំ​២០១៤”។

គេមិនច្បាស់ឡើយថា តើការអះ​អាង​របស់​លោក ​លី គឹមហ៊ុន ​ពិតឬ​មិន​ពិត​នោះ។ប៉ុន្តែ​លិខិត​មួយ​ច្បាប់​ចុះ​កាល​បរិច្ឆេទ​ថ្ងៃទី៦ ​ខែសីហា ​ពីសាលា​ខេត្តបាន​បង្ហាញ​ថា​ ក្រុមហ៊ុន Community Takhmao Development Agricultural​ & Industrial ​ត្រូវបាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​អភិវឌ្ឍ​ដី​ដែល​នៅ​ក្នុង​ស្រុក​ស្វាយលើ​នេះ បន្ទាប់ពី​ក្រុម​ការងារ​មកពី​សាលា​ខេត្ត​បានចុះ​ទៅ​ត្រួត​ពិនិត្យ​តំបន់​មាន ​វិវាទ​នេះ។

លិខិត​នេះ​មានខ្លឹមសារដូច្នេះថា ដីដែលក្រុមហ៊ុនរបស់លោក លី គឹមហ៊ុន កាន់កាប់ និង​ដាំដុះ​មិន​ស៊ីគ្នា​នឹង​ផែនទី​នៃដី​សម្បទាន​ឡើយ។

លិខិតនេះ​មានខ្លឹមសារ​បន្តដូច្នេះ​ថា “សាលាខេត្ត​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​អភិវឌ្ឍន៍​លើដី​នេះ​ជា​បណ្ដោះ​អាសន្ន”។

លោក លី គឹមហ៊ុន បានលើកឡើងទៀតថា សាលាដំបូងរាជធានីភ្នំពេញ​បាន​កោះ​ហៅ​លោក នី ចរិយា មក​សាក​សួរកាល​ពី​ថ្ងៃទី​១៣ ​ខែកក្កដា។

លោកបាន ​មានប្រសាសន៍ថា “ខ្ញុំនឹងឆ្លើយសំណួររបស់តុលាការ ព្រោះខ្ញុំគ្មានធ្វើអ្វីខុសឡើយ។ ខ្ញុំបាន​រៀបចំ​ភ័ស្តុតាង​គ្រប់​គ្រាន់​ហើយ​ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ”។

គេមិនអាចទាក់ទងលោក គី រិទ្ធី បានឡើយ រីឯលោក សុខ កែវបណ្ឌិត វិញបាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយទេ៕​ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស