អង្គការមិនមែនរដ្ឋាភិបាលបានប្រមូលផ្តុំមនុស្សប្រហែល៣០០នាក់មកជួបជុំគ្នានៅមុខរដ្ឋសភាកាលពីម្សិលមិញដើម្បីតវ៉ានឹងការអនុម័តច្បាប់ដែលនឹងបង្ខំឲ្យអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ និងសមាគមនានានៅក្នុងប្រទេសចុះឈ្មោះ និងដាក់របាយការណ៍ទៀងទាត់ទៅរដ្ឋាភិបាល។
អ្នករិះគន់សេចក្តីព្រាងច្បាប់នេះ ដែលកំពុងត្រូវបានពិនិត្យនៅរដ្ឋសភានៅមុនការបោះឆ្នោតនោះ លើកឡើងថា ច្បាប់នេះមានភាពមិនច្បាស់លាស់ និងបទប្បញ្ញត្តិទូលំទូលាយដែលនឹងផ្តល់ អំណាចបន្ថែមទៀតដល់រដ្ឋាភិបាលក្នុងការបិទ ឬបដិសេធការចុះឈ្មោះដល់អង្គការនានា ដែលរិះគន់ដល់គណបក្សប្រជាជនកម្ពុជា ឬចេញការគំាទ្រដល់គណបក្ស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាជំរុញច្បាប់នេះតាមរយៈរដ្ឋសភា បើទោះជាមានឬគ្មានគណបក្សប្រឆាំងក៏ដោយ ដែលជំទាស់នឹងច្បាប់នេះ។
អ្នកស្រី ឆាយ គឿន ដែលបានទទួលជំនួយពីអង្គការមិនមែនរដ្ឋាភិបាលនានាក្នុងរាជធានីភ្នំពេញទាក់ទងវិវាទដីធ្លីជាមួយគម្រោងផ្លូវរថភ្លើងដែលផ្តល់មូលនិធិដោយម្ចាស់ជំនួយដែលគាំទ្រដោយរដ្ឋាភិបាលបានមានប្រសាសន៍ថា “ខ្ញុំបានមកចូលរួមតវ៉ានេះដើម្បីគាំទ្រអង្គការនានា ពីព្រោះពួកគេប្រឹងប្រែងធ្វើការដើម្បីជួយប្រជាពលរដ្ឋ”។
អ្នកស្រីបានមានប្រសាសន៍ថា “ច្បាប់នេះនឹងដាក់សម្ពាធលើអង្គការនានា ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ពីព្រោះពួកគាត់ត្រូវការជំនួយពីអង្គការទាំងនោះ”។
លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក ជាអង្គការមិនមែនរដ្ឋាភិបាលដែលតែងតែរិះគន់រដ្ឋាភិបាលនោះបានមានប្រសាសន៍ថា ការអនុម័តច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ពោលគឺ អាមេរិក និងអង្គការសហប្រជាជាតិ បានជំទាស់នឹងច្បាប់នេះ ហើយក៏ប៉ះពាល់ដល់ការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជាដែរ។
លោកបាននិយាយទៅកាន់អ្នកយកព័ត៌មានថា “តើអ្នកគួរបោះឆ្នោតឲ្យគណបក្សដែលបានធ្វើបាបអ្នកជួយរបស់ខ្លួនឬទេ?”។ ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនបញ្ឈប់ច្បាប់នេះទេនោះ គណបក្សនេះនឹងបាត់បង់ប្រជាប្រិយភាពរបស់ខ្លួនមិនខាន”។
រដ្ឋាភិបាលលើកឡើងថា ខ្លួនត្រូវការច្បាប់នេះដើម្បីការពារការគំរាមកំហែងពីការផ្តល់ហិរញ្ញប្បទានភេរវកម្ម ដែលហូរចូលក្នុងប្រទេសតាមរយៈអង្គការមិនមែនរដ្ឋាភិបាល។
ទោះយ៉ាងណា លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសមកពីអង្គការសិទ្ធិមនុស្សលីកាដូ ជាអង្គការមិនមែនរដ្ឋាភិបាលមួយទៀតដេលតែងតែរិះគន់នោះបានមានប្រសាសន៍ថាច្បាប់នេះគ្រាន់តែជាល្បិចនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដើម្បីបំបិទមាត់អ្នកប្រឆំាងតែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “យើងធ្វើការតវ៉ានៅថ្ងៃនេះដើម្បីបញ្ជូនសារទៅរដ្ឋាភិបាល និងរដ្ឋសភាថា យើងមិនត្រូវការច្បាប់នេះទេ ពីព្រោះច្បាប់នេះវាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងច្បាប់អន្តរជាតិ”។
ក្រុមអ្នកតវ៉ាបានដើរក្បួនពីរលើកជំុវិញប្លុករដ្ឋសភានោះ តែមិនត្រូវបានរារាំងដោយសន្តិសុខ នគរបាល ឬទាហានឡើយ ហើយបានបំបែកគ្នាដោយសន្តិវិធីមុនពេលថ្ងៃត្រង់៕សារុន