29 C
Phnom Penh

លោក សម រង្ស៊ី៖ពេល​​​នេះ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​ផែនទី​​​ព្រំដែន​កម្ពុជា​​​-​​​វៀតណាម​​​ហើយ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី ប្រធាន​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពេល​​​នេះ​​គណបក្ស​​​ប្រឆាំង​​​មាន​​​ផែន​​​ទី​​​ព្រំដែនកម្ពុជា​​​-វៀតណាម​​​ ដែល​​​​​​ត្រឹម​​​ត្រូវ​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញ​​​ហើយ​​​ ហើយ​​​មិន​​​យូរ​​​ទេ​​​នឹង​​​ចាប់​​​ផ្តើម​​​ប្រើ​​​ប្រាស់​​​​​​​​​វា​​​ជា​​​មួយ​​​បច្ចេកវិទ្យា​​​ GPS ដើម្បី​​​​​​បញ្ជាក់​​​ថា តើ​​​បង្គោល​​​ព្រំដែន​​​ដែល​​​​​​​​​ត្រូវ​​​បាន​​​បោះ​​​​​​នៅ​​​តាម​​​បណ្តោយ​​​ព្រំដែន​​​ប្រវែង​​​១.២២៨គីឡូម៉ែត្រ​​​ត្រឹម​​​ត្រូវ​​​ដែរ​​​​​​ ឬទេ។

ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​មក​​​នេះ​​​ ក្រុម​​​តំណាង​​​រាស្ត្រ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបា​​​ល​​​បញ្ចេញ​​​ផែន​​​ទី​​​ផ្លូវ​​​ការ​​​នៃ​​​ព្រំដែន​​​កម្ពុជា​​​-វៀតណាម​​​ដើម្បី​​​ឲ្យ​​​ក្រុម​​​ការ​​​ងារ​​​របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​ថា តើ​​​​​​បង្គោល​​​ព្រំដែន​​​ត្រូវ​​​បាន​​​បោះ​​​​​​ត្រឹម​​​ត្រូវ​​​ ដែរ​​​ឬ​​​ទេ ប៉ុន្តែ ​​​ត្រូវរដ្ឋាភិបាល​​​​​​បាន​​​បដិសេធ​​​។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គណបក្ស​​​ប្រឆាំង​​​បាន​​​ងាក​​​ទៅ​​​ប្រមូល​​​ច្បាប់​​​ចម្លង​​​នៃ​​​ផែន​​​ទី​​​ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​អំឡុង​​​ការ​​​ត្រួត​​​ត្រា​​​របស់​​​អាណានិគមនិយម​​​បារាំង​​​ ពីវិទ្យាស្ថាន​​​​​​ភូមិសាស្ត្រ​​​ជាតិ​​​ (National Geographic Institute) ក្នុង​​​ទី​​​ក្រុង​​​ប៉ារីស​​​។

ទាំង​​​២៦​​​បំណែក​​​នៃ​​​ផែន​​​ទី​​​នេះ​​​ដែល​​​ត្រូវ​​​បាន​​​គូរ​​​​​​ដោយ​​​ប្រើ​​​ខ្នាត​​​១/១០០.០០០ នឹង​​​ត្រូវ​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ជួយ​​​ដល់​​​តំណាង​​​រាស្ត្រ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​អំឡុង​​​ពេល​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើ​​​ល​​​ការ​​​រំលោភ​​​បំពាន​​​ទឹក​​​ដី​​​ពី​​​សំណាក់​​​វៀតណាម​​​។

​​​ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​ចង់​​​ពិនិត្យ​​​មើល​​​បង្គោល​​​ព្រំដែន។ យើង​​​ត្រូវ​​​ការ​​​ប្រើ​​​ប្រាស់​​​កុំព្យូទ័រ​​​ដើម្បី​​​ប្តូរ​​​ទិន​​្នន័យ​​​ផែន​​​ទី​​​ទៅ​​​ជា​​​ទម្រង់​​​ឌីជីថល ហើយ​​​យើង​​​នឹង​​​ទៅ​​​ពិនិត្យ​​​មើល​​​បង្គោល​​​ព្រំដែន និង​​​​​​ប្រមូល​​​កូអ័រ​​​ដោណេ​​​ GPS ហើយ​​​កុំព្យូទ័រ​​​នឹង​​​ជួួ​​យ​​​យើង​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត​​​់​​​កន្លែង​​​ជាក់​​​លាក់​​​ទាំង​​​នោះ​​​។ យើង​​​នឹង​​​ពិនិត្យ​​​មើល​​​ថា តើ​​​បង្គោល​​​ព្រំដែន​​​ដែល​​​បោះ​​​រួច​​​ ស្ថិត​​​នៅ​​​ខាង​​​ក្នុង​​​ ឬ​​​ខាង​​​ក្រៅ​​​ទឹក​​​ដី​​​កម្ពុជា​​​នៅ​​​ក្នុង​​​ផែន​​​ទីនេះ​​​​​​”។​​​

បំណែក​​​នីមួយ​​​ៗនៃ​​​បំណែក​​​ផែន​​​ទី​​​ទាំង​​​២៦​​​ ត្រូវ​​​បាន​​​លោក ហុង សុខហួរ សមាជិក​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​​​​គណបក្ស​​​ សម រង្ស៊ី ស្គែន​​​​​យ៉ាង​​​ច្បាស់​​​​​​នៅ​​​វិទ្យា​​​ស្ថាន​​​ភូមិសាស្ត្រ​​​ជាតិ​​​ ក្នុង​​​ទី​​​ក្រុង​​​ប៉ារីស​​​ ហើយ​​​នាំ​​​យក​​​មក​​​កម្ពុជា​​​ដោយ​​​សារ​​​តែ​​​​​​រដ្ឋាភិបាល​​​គ្មាន​​​ឆន្ទៈ​​​ផ្តល់​​​​​​ច្បាប់​​​ចម្លង​​​នៃ​​​ផែន​​​ទី​​​នេះ​​​។

រដ្ឋធម្មនុញ្ញ​​​ចែង​​​ថា ផែន​​​ទី​​​ព្រំដែន​​​ដែល​​​គូរ​​​​​​ចន្លោះ​​​ពីឆ្នាំ​​​១៩៣៣ ដល់​​​ឆ្នាំ​​​១៩៥៣​​​​​​ដោយ​​​ប្រើ​​​ខ្នាត​​​១/១០០.០០០​​​ គឺ​​​ជា​​​ផែន​​​ទី​​​ស្រប​​​ច្បាប់​​​តែ​​​មួយ​​​គត់​​​។

លោក សម រង្ស៊ី បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​ផែន​​​ទី​​​តែ​​​មួយគត់ នេះគឺ​​​ផែន​​​ទី​​​។ វា​​​ជា​​​អ្វី​​​ដែល​​​មាន​​​ចែង​​​យ៉ាង​​​ច្បាស់​​​នៅ​​​ក្នុង​​​រដ្ឋធម្មនុញ្ញ”។

លោក សុខ ឦសាន អ្នក​​​នាំពាក្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ បាន​​​មានប្រសាសន៍​​​ថា រដ្ឋាភិបាល​​​រីករាយ​​​នឹង​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​ថា តើ​​​ផែន​​​ទី​​​ដែល​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​នៅ​​​ក្នុង​​​ដៃ​​​គឺជា​​​ផែន​​​ទី​​​ត្រឹម​​​ត្រូវ​​​​​​ដែរ​​​ឬ​​​ទេ​​​ ប៉ុន្តែ បាន​​​យល់​​​ស្រប​​​នឹង​​​លោក សម រង្ស៊ី​​​ ថា​​​ ​​​វា​​​គួរ​​​តែ​​​ជាក់​​​ស្តែង​​​។

អ្នក​​​នាំពាក្យ​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា​​​ “មាន​​​ផែន​​​ទីតែ​​​មួយ​​​គត់​​​។ ​​​ផែន​​​ទី​​​ដែល​​​រដ្ឋាភិបាល​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​កំណត់​​​ព្រំដែនកម្ពុជា​​​-​​​វៀតណាម​​​​​​ ត្រូវ​​​បាន​​​បន្សល់​​​ទុក​​​ពី​​​សម័យ​​​អាណានិគមនិយម​​​បារាំង​​​ ហើយផែន​​​ទី​​​នេះ​​​ក៏​​​ត្រូវ​​​បាន​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហនុ​​​ យក​​​ទៅ​​​រក្សា​​​ទុក​​​​​​នៅ​​​អង្គការ​​​សហប្រជាជាតិ​​​ដែរ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៦៤​​​។ ដូច្នេះ​​​ហើយ​​​គ្មាន​​​អ្វី​​​ចម្លែក​​​ទេ​​​ចំពោះ​​​រឿង​​​នេះ​​​។ ប្រសិន​​​បើ​​​គាត់​​​មាន​​​ផែន​​​ទី​​​ សូម​​​យក​​​វា​​​ប្រគល់​​​ឲ្យ​​​គណៈកម្មការ​​​ព្រំដែន​​​របស់​​​រដ្ឋាភិបាល​​​ ហើយ​​​គណៈកម្មការ​​​ព្រំដែន​​​​​​នឹង​​​ផ្ទៀង​​​ផ្ទាត់​​​​​​”។

លោក​​​ វ៉ា គឹមហុង ប្រធាន​​​គណៈកម្មការ​​​ព្រំដែន​​​រួម​​​កម្ពុជា​​​-វៀតណាម​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ច្បាស់​​​ថា តើ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​​​​ចោទ​​​ប្រកាន់​​​គណៈកម្មការ​​​របស់​​​លោក​​​ថា បាន​​​បោះ​​​បង្គោល​​​ព្រំដែន​​​ខុស​​​ដោយ​​​គ្មាន​​​ផែន​​​ទី​​​​​​បែប​​​នេះ​​​ដោយ​​​របៀប​​​ណា​​​ឡើយ​​​​​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្វាគមន៍​​​ការ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​េនះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ខ្ញុំ​​​រីក​​​រាយ​​​ដែល​​​ពេល​​​នេះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​ផែន​​​ទី​​​។ ​​​ពួកគេ​​​បាន​​​រិះ​​​គន់​​​យើង​​​ដោយ​​​គ្មាន​​​ផែន​​​ទី​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​។ អ្នក​​​ជំនាញ​​​ខាង IT និង​​​ GPS របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​អាច​​​ធ្វើ​​​រឿង​​​េនះ​​​បាន​​​។ ប្រសិន​​​បើ​​​ពួក​​​​​​គេ​​​មាន​​​សមត្ថភាព​​​វាស់​​​បង្គោល​​​ព្រំដែនដោយ​​​​​​ប្រើ​​​ GPS​​​ និង​​​ផែន​​​ទី​​​​​​របស់​​​ពួក​​​គេ​​​ យើង​​​សូម​​​អប​​​អរ​​​សាទរ​​​ពួក​​​គេ​​​។ នេះ​​​គឺ​​​ដើម្បី​​​ប្រទេស​​​របស់​​​យើង​​​ និងផល​​​ប្រយោជន៍​​​ជាតិ​​​។ យើង​​​ស្វាគមន៍​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ដែល​​​មាន​​​ផែនទី​​​ធ្វើ​​​ការ​​​ជាមួយ​​​”។

ចាប់​​​តាំង​​​ពីខែ​​​មុន​​​មក ​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ចុះ​​​​​​ទៅ​​​ពិនិត្យ​​​​​​មើល​​​ការ​​​អះ​​​អាង​​​អំពី​​​ការ​​​រំលោភ​​​បំពាន​​​​​​​​​ពី​​​សំណាក់​​​វៀត​​​ណាម​​​ តាម​​​បណ្តោយ​​​ព្រំដែន​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ ខេត្ត​​​ស្វាយ​​​រៀង​​​ ខេត្ត​​​ត្បូង​​​ឃ្មុំ និង​​​ខេត្ត​​​រតនគិរី​​​ ដែល​​​ក្រោយ​​​មក​​រដ្ឋាភិបាល​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​តវ៉ា​​​ទៅ​​​ប្រទេស​​​វៀតណាម​​​ចំពោះ​​​ការ​​​ចូល​​​លុក​​​លុយ​​​។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ គណបក្ស​​​ប្រឆាំង​​​គ្មា​​​ន​​​គម្រោង​​​ស្វែង​​​រក​​​ការ​​​ចូល​​​លុក​​​លុយ​​​តាម​​​បណ្តោយ​​​ព្រំដែន​​​ទាំង​​​ប្រវែង​​​១.២២៨​​​គីឡូម៉ែត្រ​​​ជាប់​​​​​​ប្រទេស​​​វៀតណាម​​​​​​នោះ​​​ទេ​​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា ផែន​​​ទី​​​ទាំង​​​នេះ​​​ និង​​​ GPS នឹង​​​ជួយ​​​ធ្វើ​​​ឲ្យ​​​ការ​​​វិភាគ​​​របស់​​​គណបក្ស​​​កាន់​​​តែ​​​ប្រសើរ ​​​នៅ​​​ពេល​​​មាន​​​ការ​​​អះ​​​អាង​​​អំពី​​​ការ​​​រំលោភ​​​បំពាន​​​របស់​​​វៀតណាម​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “យើង​​​នឹង​​​ធ្វើ​​​ការងារ​​​នេះ​​​តាម​​​គំរូ​​​ នៅ​​​កន្លែង​​​ណា​​​ដែល​​​មាន​​​ពាក្យ​​​បណ្តឹង​​​ពីប្រជា​​​ពល​​​រដ្ឋ​​​។ យើង​​​នឹង​​​មិន​​​ចូល​​​ទៅ​​​ក្នុង​​​ព្រៃ​​​ដើម្បី​​​ស្វែង​​​រក​​​ការ​​​​​​ចូល​​​លុក​​​លុយ​​​ដោយ​​​ព្រាវ​​​ៗ​​​នោះទេ​​​​​​​​​​​​។​​​ វា​​​អាស្រ័យ​​​ទៅ​​​លើ​​​ភូមិ​​​ និង​​​តំបន់​​​ព្រំដែន​​​ដែល​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្តឹង​​​តវ៉ា​​​អំពី​​​ការ​​​បាត់​​​បង់​​​ដី​​​ធ្លី​​​​​​”៕សុខុមLayout 1

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស