បេក្ខជនរាប់ពាន់មឺុននាក់បានសម្រុកមកកាន់វិទ្យាល័យ និងអនុវិទ្យាល័យនានាទូទាំងរាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងមកនេះដើម្បីធ្វើតេស្តប្រឡងភាសាកូរ៉េ ដោយសង្ឃឹមថានឹងមានឱកាសរកបានការងារមានប្រាក់ខែខ្ពស់នៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមបេក្ខជនប្រឡងបានលើកឡើងកាលពីម្សិលមិញ។
យោងតាមកាលវិភាគប្រឡងដែលត្រូវបានប្រកាសកាលពីដើមខែនេះដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំការប្រឡងនេះ បានបង្ហាញថា សិស្សបានចូលរួមប្រឡងនៅសាលាចំនួនប្រាំពីរកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
នៅឯអនុវិទ្យាល័យចតុមុខក្នុងខណ្ឌដូនពេញកាលពីម្សិលមិញ ថោង បូរ៉េត អាយុ២៩ឆ្នាំមកពីខេត្តកំពង់ស្ពឺ បាននិយាយថា គាត់មានបំណងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅរោងចក្រផលិតទូរស័ព្ទដៃ ឬគ្រឿងសង្ហារិម។
បុរសរូបនេះបាននិយាយថា “អ្នកជិតខាងខ្ញុំដែលទទួលបានប្រាក់ពីកូនៗដែលកំពុងធ្វើការនៅទីនោះ [កូរ៉េខាងត្បូង] បានប្រាប់ខ្ញុំថា បើខ្ញុំធ្វើការនៅទីនោះ ខ្ញុំនឹងទទួលបានយ៉ាងហោចណាស់១.០០០ដុល្លារក្នុងមួយខែ ។ ខ្ញុំធ្លាប់ធ្វើជាជាងជួសជុលម៉ាស៊ីនដេរ នៅរោងចក្រមួយក្នុងខេត្តតាកែវ។ នៅទីនោះខ្ញុំទទួលបានប្រហែល២០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ”។
បុរសរូបនេះបាននិយាយបន្តទៀតថា គាត់បានចំណាយប្រាក់៥០ដុល្លារ ទៅលើថ្លៃវគ្គសិក្សាភាសាកូរ៉េរយៈពេលប្រាំមួយខែនៅមជ្ឈមណ្ឌលភាសាមួយកន្លែងនៅជាយរាជធានីភ្នំពេញ បន្ទាប់មកបានចំណាយ២៤ដុល្លារទៅឲ្យក្រសួងការងាររបស់កូរ៉េខាងត្បូងដើម្បីធ្វើតេស្តប្រឡងភាសាកូរ៉េកាលពីម្សិលមិញ។
នៅឯអនុវិទ្យាល័យចតុមុខដដែល នារីម្នាក់ឈ្មោះ ឈាង គន្ធា អាយុ២២ឆ្នាំមកពីខេត្តកណ្តាលនិយាយថា បងស្រីរបស់នាងរកបានការងារធ្វើនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានបញ្ចុះបញ្ចូលនាងឲ្យធ្វើតាមខ្លួន។
នាងនិយាយថា “ពេលនេះ គាត់ទទួលបាន១.៣០០ដុល្លារក្នុងមួយខែពីការងារកោររោមជ្រូក។ គាត់អាចផ្ញើ១.២០០ដុល្លារមកផ្ទះវិញជារៀងរាល់ខែ ដោយសារកន្លែងធ្វើការរបស់គាត់ចេញថ្លៃស្នាក់នៅ និងអាហារ”។
នាងនិយាយទៀតថា កាលពីនាងធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែងក្នុងឆ្នាំ២០១៣នាងទទួលបានតែ១០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ៕សុខុម