ក្រុម មន្ត្រីបាននិយាយកាលពីម្សិលមិញថា ក្មេងប្រុងអាយុ១៥ឆ្នាំម្នាក់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីសប្តាហ៍មុនបន្ទាប់ពីបានចាប់កុមារីម្នាក់ជាចំណាប់ខ្មាំង ខណៈដែលស្ថិតក្រោមឥទ្ធិពលថ្នាំញៀន។
យោង តាមលោក សែម សុជាតិ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឲ្យដឹងថា ដោយកាន់អំបែងកែវតម្រង់ថ្ងាសក្មេងស្រីអាយុ១ឆ្នាំប្រហែលជាវេលា ថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍នោះ ក្មេងប្រុសជំទង់រូបនេះបានគំរាមសម្លាប់នាងខណៈដែលនគរបាលបាន ព្យាយាមឲ្យជននេះស្ងប់អារម្មណ៍ ហើយសួរនាំពីការទាមទារមិនច្បាស់លាស់នោះ។
លោក សុជាតិ បានមានប្រសាសន៍ថា “ជន នេះបានចាប់ក្មេងស្រីតូចនេះដោយគ្មានបំណងច្បាស់លាស់ឡើយ មិនមែនដើម្បីទាមទារប្រាក់ ឬអ្វីនោះឡើយ។ វាឈឺចាប់ដោយសារថ្នាំញៀននៅក្នុងខ្លួន ដែលធ្វើឲ្យវាមិនអាចគ្រប់គ្រងអារម្មណ៍បាន”។
លោកបានបន្ថែមថា ទីបំផុតនគរបាលបានចូលជិត ហើយចាប់ដៃជនសង្ស័យនេះជាប់ហើយយកក្មេងស្រីនោះទៅកន្លែងមានសុវត្ថិភាព។
លោក សុជាតិ បានមានប្រសាសន៍ថា ក្មេងប្រុសរូបនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តតាកែវកាលពី ថ្ងៃសុក្រ ហើយត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត គំរាមកំហែង និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ បន្ទាប់មកត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តដើម្បីរង់ចាំការជំនុំ ជម្រះ។ គេមិនអាចទាក់ទងក្រុមមន្ត្រីតុលាការបានទេកាលពីម្សិលមិញ។
លោក អុិន មណ្ឌល អធិការនគរបាលស្តីទីក្រុងដូនកែវ បានមានប្រសាសន៍ថា ការប្រឈមមុខគ្នារយៈពេលពីរម៉ោងបានកើតឡើងនៅក្បែរប្រឡាយមួយ ចម្ងាយប្រហែល២០០ម៉ែត្រពីផ្ទះក្មេងស្រីរូបនេះ។
លោកបានមានប្រសាសន៍ថា “ក្មេងប្រុស ជំទង់រូបនេះមកពីខេត្តសៀមរាប ហើយបានមកលេងមិត្តភក្តិក្នុងតំបន់នេះ នៅពេលនោះជននេះបានចាប់ក្មេងស្រីរូបនេះពីខាងក្រៅផ្ទះ របស់នាង កន្លែងដែលនាងកំពុងលេងតែម្នាក់ឯង។
លោក មណ្ឌល បានមានប្រសាសន៍ថា “បន្ទាប់ពី ទៅលេងផ្ទះមិត្តភក្តិរបស់ខ្លួន ជននេះបានដើរលេងក្នុងភូមិ ហើយបានប្រទះឃើញអំបែងកែវតូចមួួយ ហើយក៏រើសដាក់ក្នុងហោប៉ៅរបស់ខ្លួន។បន្ទាប់មក ជននេះបានមកដល់ផ្ទះក្មេងស្រីរងគ្រោះ”។
លោកបានបន្ថែមថា “ក្មេងស្រី រូបនេះកំពុងលេងនៅមុខផ្ទះរបស់ខ្លួន ខណៈដែលម្តាយនាងកំពុងចម្អិនអាហារនៅខាងក្នុង។ ក្មេងប្រុសរូបនេះបានចាប់ក្មេងស្រីតូចនេះហើយនាងបានស្រែកយ៉ាងខ្លាំង ដែលធ្វើឲ្យម្តាយរបស់នាង និងអ្នកដទៃទៀតចេញមកក្រៅ ប៉ុន្តែក្មេងប្រុងនេះចាប់ក្មេងស្រីនេះជាប់ ហើយនាំនាងទៅកាន់ប្រឡាយតែម្តង”៕សារុន