26 C
Phnom Penh

តុលាការ​ដោះ​លែង​​ស្ត្រីម្នាក់ដែល​ជាប់ចោទពីបទ​សម្លាប់​ម្តាយ​​របស់ខ្លួន​ ឲ្យ​នៅ​ក្រៅ​ឃុំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ សាលាដំបូង​​​ខេត្ត​​​កោះកុង​​​បាន​​​ដោះ​​​លែង​​​ស្ត្រី​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​កាប់​​​ម្តាយ​​​របស់​​​ខ្លួន​​​រហូត​​​​​​ដល់​​​ស្លាប់​​​​​​នោះ ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ ជា​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ក្រុម​​​គ្រួសារ​​​ និង​​​អង្គការ​​​សិទ្ធិមនុស្ស​​​បាន​​​បដិសេធ​​​។

ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ បន្ទាប់​​​ពី​​​ការ​​​សម្លាប់​​​អ្នក​​​ស្រី ម៉េង សាយ អាយុ​​​៥៣​​​ឆ្នាំ ដោយ​​កាប់នឹង​​ពូថៅ កាល​​​ពីថ្ងៃទី​​​២៨ខែ​​​ឧសភា នៅ​​​ក្នុង​​​ក្រុង​​​ខេមរភូមិន្ទមក  នគរ​​​បាល​​​បាន​​​កំណត់​​​បទ​​​ឧក្រិដ្ឋ​​​នេះ​​​ទៅ​​​លើ​​​កូន​​​ស្រី​​​របស់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ ផាន់ នី​​​​​ស៊ិន អាយុ​​​៣១​​​ឆ្នាំ ផ្អែក​​​លើ​​​ការ​​​ផ្តល់​​​សក្ខី​កម្ម​​​​​​ពី​​​មិត្ត​​​ភក្តិ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​មិត​​​្ត​​​ភក្តិ​​​របស់​​​ នីស៊ិន ។

សាក្សី​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​បាន​​​ឃើញ​​​មិត្ត​​​ភក្តិ​​​ម្នាក់​ឈ្មោះ​​​ ជា​​​ មុំ នៅ​​​កន្លែង​​​កើត​​​ហេតុ​​​នោះ​​​។ ស្ត្រី​​​រូប​​​នោះ​​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​ដើម្បី​​​សាក​​​សួរ​​​ ហើយ​​​ខ្សែក និង​​​ខ្សែដៃ ដែល​​​ជា​​​របស់​​​ស្ត្រី​​​ដែល​​​បាន​​​ស្លាប់​​​នោះ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ផ្ទះ​​​របស់​​​គាត់​​​។

អ្នក​​​ស្រី ជា​​​ មុំ បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា គាត់​​​បាន​​​ឃើញ​​​អ្នក​​​ស្រី នីស៊ិន សម្លាប់​​​ ហើយ​​​ថា ស្ត្រី​ជា​កូន​ស្រី​រូប​​​នេះ​​​បានយក​​​​គ្រឿង​​​អលង្ការ​​​របស់​​​ម្តាយ​​​ខ្លួនមក​សូកគាត់​​​​ដើម្បី​​​ឲ្យ​​​គាត់​​​នៅ​​​ស្ងៀម​​​។

កាលពី​ម្សិលមិញ ​​​​​​លោក មិន មករា ចៅ​​​ក្រម​​​សើុប​​​សួរ​​​បាន​​​អះ​​​អាង​​​ថា លោក​​​បាន​​​ដោះ​​​លែង​​​អ្នក​​​ស្រី នីស៊ិន ឲ្យ​​​នៅ​​​ក្រៅឃុំ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​និយាយ​​​ពី​​​ករណី​​​នេះ​​​ទេ​​​។ អ្នក​​​ស្រី​​​ ជា មុំ នៅក្នុង​​​​ពន្ធនាគារ​​​នៅ​​​ឡើយ ក្នុង​​​នាម​​​ជា​​​អ្នក​​​សមគំនិត​​​នៃ​​​អំពើ​​​ឃាត​​​កម្ម​​​នោះ ។

លោក​​​ ឡាយ ម៉េងលាំង នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ស្រាល​​​ខេត្ត​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ចៅ​​​ក្រម​​​ មិន មករា បាន​​​សរសេរ​​​លិខិត​​​ទៅ​​​ក្រសួង​​​យុត្តិ​​​ធម៌​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ដែល​​​មាន​​​ខ្លឹម​​​សារ​​​ថា ករណី​​​​​​​ចោទ​​​ប្រកាន់​​​អ្នក​​​ស្រី នីស៊ិន ខ្វះ​​​ភ័ស្តុតាង​​​។

លោក ម៉េង​​​លាំង ដែល​​​បាន​​​ពិនិត្យ​​​​​ការ​​​សើុប​​​អង្កេត​​​ និង​​​បាន​​​ប្រកាន់​​​តាម​​ការ​​​សន្និដ្ឋាន​​​របស់​​​ខ្លួន​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​យល់ ហើយ​​​មិន​​​ដឹង​​​ត្រូវ​​​និយាយ​​​អ្វី​​​ឡើយ​​​។ យើង​​​ប្រមូល​​​បាន​​​ភ័ស្តុតាង​​​៧០​​​ទៅ​​​៨០​​​ភាគ​​​រយ ប៉ុន្តែ​​​ប្រសិនបើ​​​តុលាការ​​​គិត​​​ថា ​​​មាន​​​ភ័ស្តុតាងមិន​​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​ចោទប្រកាន់​​​​ជន​​​សង្ស័យនោះ​​​​ វា​​​ជា​​​ឆន្ទានុសិទ្ធិ​​​របស់​​​តុលាការ​​​”។

លោក ញៀប សាមឿន អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​អាដ​​​ហុក​​​ប្រចាំខេត្ត​​​នេះ​​​ដែលបាន​​​សរសេរ​​​លិខិត​​​ផ្ញើជូន​​​ចៅ​​​ក្រម​​​រូប​​​នោះ​​​កាល​​​ពី​​​ពីរ​​​សប្តាហ៍​​​មុន​​​ស្នើ​​​សុំ​​​ឲ្យ​​​​​​ដោ​ះ​​​លែង​​​អ្នក​​​ស្រី នីស៊ិន បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្តី​​​សម្រេច​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ គឺ​​​ហួស​ពេល​កំណត់​។

យោង​​​តាម​​​​​​លោក សាមឿន បាន​ឲ្យ​​​ដឹង​​​ថា ការ​​​សើុប​​​អង្កេត​​​របស់​​​អង្គការ​​​អាដហុក​​​បាន​​​រក​​​ឃើញ​​​ថា អ្នក​​​ស្រី នីស៊ិន ត្រូវ​​​បាន​​​​​​មនុស្ស​​​ជា​​​ច្រើន​​នាក់​​​​បាន​​ឃើញ​​​​នៅ​​​ផ្សារ​​​មួយ​​​នៅ​​​ពេល​​​គាត់​​​​​​ប្រុង​​​សម្លាប់​​​ម្តាយ​​​របស់​​​ខ្លួននោះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​ក្រុម​​​គ្រួសារ​​​ក៏​​​បាន​​​និយាយ​​​អំពី​​​ទំនាក់​​​ទំនង​​​ល្អ​រវាង​​​ម្តាយ​​​ និង​​​កូនស្រី​​​នេះ​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ស្វាគមន៍​​​ការ​​​ដោះ​​​លែង​​​នេះ​​​ ប៉ុន្តែ តុលាការ​​​គួរ​​​តែ​​​ដោះ​​​លែង​​​ជន​​​សង្ស័យ​រូបនេះ​​​​ឆាប់​​​ជាង​​​នេះ​​​”៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស