28 C
Phnom Penh

ជន​ជាតិចិន​និង​អ្នក​ភូមិ​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ទាក់​ទិន​នឹង​ជម្លោះ​ដី​ធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ពីរ​នាក់​បាន​រង​របួស​កាលពី​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​និយោជិត​បួននាក់​នៃ​ក្រុមហ៊ុន ហាម៉ីនីវិន អិនវេសមេន (Hameniven Investment) របស់​ចិន បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​អ្នក​ភូមិ​នៅ​ខេត្ត​ត្បូង​ឃ្មុំ ទាក់​ទិន​នឹង​ដី​ឡូតិ៍​មាន​ជម្លោះ។

យោង​តាម​អធិការ​ស្រុក លោក ហ៊ុង គឹមហឿន បាន​ឲ្យ​ដឹង​ថា ការ​ប៉ះ​ទង្គិច​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ បន្ទាប់ពី​ត្រាក់ទ័រ​មួយ​គ្រឿង​ក្នុង​ចំណោម​ជាច្រើន​គ្រឿង​របស់​ក្រុមហ៊ុន ហាមីុនីវិន បាន​រាំង​ផ្លូវ​ត្រាក់ទ័រ​មួយ​គ្រឿង​របស់​អ្នក​ភូមិ​មិន​ឲ្យ​ភ្ជួរ​ដី​មួយ​ផ្នែក​នៃ​​ដី​ឡូតិ៍​នោះ ក្នុង​ឃុំ​ត្រពាំង​ព្រីង​ស្រុក​តំបែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ម៉ោង​ប្រហែល​៩និង​៣០​នាទី ត្រាក់ទ័រ​របស់​ក្រុមហ៊ុន​បាន​រាំង​ផ្លូវ​ត្រាក់ទ័រ​របស់​អ្នក​ភូមិ។ ការ​ធ្វើ​ដូច្នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ខឹង​ជា​ខ្លាំង”។

លោក គឹមហឿន បាន​និយាយ​ថា អ្នក​ភូមិ​ម្នាក់​ឈ្មោះ ភុន ឈឿន អាយុ​៥៥​ឆ្នាំ ដែល​បាន​ប្រវាយ​ប្រតប់​ជាមួយ​និយោជិត​ក្រុមហ៊ុន ហាមីុនីវិន ឈ្មោះ ចេន ឈីវ អិន អាយុ​៣៥​ឆ្នាំ​ក្នុង​ពេល​វាយ​តប់​គ្នា​នោះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​សុក្រ តាម​បណ្តឹង​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ចិន។

អធិការ​ប៉ូលិស​រូប​នេះ​បាន​និយាយ​ថា ប៉ុន្តែ​ក្រោយពី​សាកសួរ​នៅ​តុលាការ​ខេត្ត​កំពង់​ចាម​កាលពី​ថ្ងៃ​អាទិត្យ លោក ឈឿន ត្រូវ​បាន​ដោះ​លែង​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់។ លោក​បាន​បន្ថែម​ថា លោក ចេន ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​ក្រចេះ​នៅ​ឡើយ។

លោក ចាន់ សុផល ជា​សាក្សី​ឃើញ​ការ​វាយ​តប់​គ្នា​នេះ បាន​និយាយ​ថា លោក ចេន បាន​វាយ​លោក ឈឿន មុន។

លោក​បាន​និយាយ​ថា “នៅ​ពេល​នោះ បុរស​ចិន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​មក​ដល់ ហើយ​ម្នាក់​ជិះ​នៅ​ខាង​ក្រោយ​[លោក ចេន] បាន​លោត​ចុះ​ពី​ម៉ូតូ ប៉ុនប៉ង​ច្របាច់​ក​លោក ឈឿន”។

លោក សុផល បាន​និយាយ​ថា លោក ឈឿន នៅ​ពេល​នោះ​បាន​អុក​លោក ចេន នឹង​កែង​ដៃ​ចំ​ភ្នែក​ឆ្វេង ដើម្បី​ការពារ​ខ្លួន បណ្តាល​ឲ្យ​លោក ចេន ដាល់​គាត់​ចំ​មុខ។

លោក​បាន​និយាយ​អំពី​លោក ឈឿន ថា “មិន​សម​ហេតុ​ផល​ទេ​ដែល​ប៉ូលិស​ចាប់​ខ្លួន​គាត់់​នោះ។ គាត់​ជា​ជន​រងគ្រោះ។ ហេតុ​អ្វី​ប៉ូលិស​មិន​ចាប់​ខ្លួន​បុរស​ចិន​នោះ​ទៅ?”។

យោង​តាម​លោក គឹមហឿន បាន​ឲ្យ​ដឹង​ថា លោក ចេន បាន​ត្រូវ​របួស​ចំ​ភ្នែក​ឆ្វេង​និង​ខ្នង​របស់​គាត់ រីឯ​លោក ឈឿន របួស​ក។

អធិការ​ប៉ូលិស​រូប​នេះ​បាន​និយាយ​ថា ក្រុមហ៊ុន ហាមីុនីវិន និង​អ្នក​ភូមិ​មាន​ជម្លោះ​នឹង​គ្នា​ទាក់ទិន​នឹង​ដី​២៦០​ហិកតា តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​មុន​មក​ម៉្លេះ នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​ចង់​ធ្វើ​ចម្ការ​ថ្នាំ​ជក់ និង​ពោត ក្នុង​តំបន់​នោះ។

លោក​បាន​និយាយ​ថា “យើង​បាន​ហាមប្រាម​ភាគី​ទាំង​ពីរ​មិន​ឲ្យ​ធ្វើការ​លើ​ដី​នេះ និង​ស្នើ​ពួកគេ​ឲ្យ​រង់ចាំ​ដំណោះ​ស្រាយ​ផ្លូវការ​សិន។ ប៉ុន្តែ​ពួកគេ​មិន​ស្តាប់”។

មន្ត្រី​ក្រុមហ៊ុន​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស