
កាលពីម្សិលមិញលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានមានប្រសាសន៍ការពារតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបដែលរងការវាយដំពីសំណាក់ប្រជាជនស៊ីវិលរៀតណាម អំឡុងពេលចុះទៅពិនិត្យមើលចំណុចព្រំដែនមានវិវាទក្នុងខេត្តស្វាយរៀង ខណៈអាជ្ញាធរខេត្តនិយាយថា ការចុះទៅពិនិត្យមើលព្រំដែននេះគឺជាការបង្ករឿង និងរំលោភ “វប្បធម៌សន្ទនា”។
សកម្មជនគណបក្សប្រឆាំងមួយក្រុមដឹកនាំដោយលោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីថ្ងៃអាទិត្យ បានព្យាយាមចុះទៅពិនិត្យមើលចំណុចព្រំដែនមានវិវាទមួយក្នុងស្រុកកំពង់រោទិ៍ ប៉ុន្តែបានជួបប្រទះនឹងប្រជាជនស៊ីវិលវៀតណាមមួយក្រុមធំ ដែលបានរារាំងពួកគាត់មិនឲ្យបន្តដំណើរឆ្ពោះទៅបង្គោលព្រំដែនមួយ។
ការវាយតប់គ្នាបានផ្ទុះឡើងដោយក្នុងនោះលោក រៀល ខេមរិន្ទ្រ ត្រូវជនជាតិវៀតណាមវាយនឹងដំបង ហើយលោក សម រង្ស៊ី បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីម្សិលមិញថា វាច្បាស់ណាស់ថា ដីនោះស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយជនស៊ីវិលវៀតណាមដែលគាំទ្រដោយទាហាន បានធ្វើខុសហើយ។
នៅខាងក្រៅរដ្ឋសភាបន្ទាប់ពីសម័យប្រជុំស្ដីពីថវិកាឆ្នាំ២០១៣ លោក សម រង្ស៊ី បានមានប្រសាសន៍ថា “វាជាសិទ្ធិរបស់យើង។ នៅក្នុងទឹកដីកម្ពុជា យើងអាចទៅសួរសុខទុក្ខប្រជារាស្ត្រខ្មែរតាមបណ្ដោយព្រំដែន ដែលរងគ្រោះដោយសារបាត់បង់ដីចម្ការ និងដីស្រែរបស់ខ្លួន។ យើងគិតគូប្ដឹងថ្នាក់ជាតិ ថ្នាក់អន្តរជាតិ សុំធ្វើម៉េចកុំឲ្យមានអំពើហិង្សាមកលើប្រជាពលរដ្ឋខ្មែរដែលអត់មានកំហុសអីទាល់តែសោះ គ្រាន់តែទៅការពារបូរណភាពទឹកដីប្រទេសកម្ពុជា។យើងចង់ឲ្យអាជ្ញាធរនៅប្រទេសកម្ពុជាយើង និងប្រជារាស្ត្រខ្មែរទាំងអស់រួមកម្លាំងគ្នាដើម្បីទប់ទល់កុំឲ្យបរទេសមើលងាយខ្មែរ ចេះតែធ្វើបាបជនជាតិខ្មែរ និងលេបត្របាក់កម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែន”។
ទោះជាយ៉ាងណា កាលពីម្សិលមិញសាលាខេត្តស្វាយរៀងបានចេញសេចក្ដីថ្លែងការណ៍មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក រៀល ខេមរិន្ទ្រ ឡើយ ដោយលើកឡើងថា ពួកគាត់បានរំលោភ “វប្បធម៌សន្ទនា” ដែលលោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងលើកកម្ពស់។
សេចក្ដីថ្លែងការណ៍នោះមានខ្លឹមសារដូច្នេះថា “ការចុះទៅពិនិត្យមើលព្រំដែនដែលដឹកនាំដោយលោក រៀល ខេមរិន្ទ្រ មិនបានជូនដំណឹងអាជ្ញាធរមូលដ្ឋានឲ្យជួយរៀបចំសន្តិសុខ សុវត្ថិភាព និងជូនដំណឹងទៅសមភាគីវៀតណាម ដើម្បីចៀសវាងឧប្បត្តិហេតុណាមួយកើតឡើងនោះទេ។ បំណង [នៃដំណើរ] នេះ គឺដើម្បីបង្កអសន្តិសុខនៅតាមព្រំដែនជាការប្រឆាំងទាំងស្រុងចំពោះវប្បធម៌សន្ទនាដឹកនាំដោយមេដឹកនាំកំពូលទាំងពីរដែលប្រកាន់ខ្ជាប់ការចរចាលើបញ្ហាជាតិ បូរណភាពទឹកដី និងអធិបតេយ្យព្រំដែន”។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនរួមកម្ពុជា-វៀតណាម បានមានប្រសាសន៍ថា លោកមិនដឹងច្បាស់ថា តើលោក រៀល ខេមរិន្ទ្រ បានស្ថិតនៅលើទឹកដីកម្ពុជា ឬក៏ចូលទៅក្នុងទឹកដីវៀតណាម ឬចូលទៅតំបន់ណាមួយដែលមិនទាន់មានការកំណត់នៅឡើយនោះទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនទាន់ទទួលបានរបាយការណ៍អំពីករណីនេះនៅឡើុយទេ។ យើងមិនដឹងថា ពួកគាត់បានទៅកន្លែងណាខ្លះទេ”។
លោក រៀល ខេមរិន្ទ្រ បានបដិសេធថា ការធ្វើដំណើររបស់លោកមិនបានរំលោភ “វប្បធម៌សន្ទនា” ទេ ហើយបានមានប្រសាសន៍ថា ច្បាស់ណាស់ថាលោកនិងក្រុមរបស់លោកបានស្ថិតនៅលើដីរបស់កម្ពុជា នៅពេលពួកគាត់រងការវាយប្រហារ ពីព្រោះពួកគាត់មិនទាន់បានទៅដល់បង្គោលព្រំដែនដែលពួកគាត់ចង់ពិនិត្យមើលនៅឡើយ។
លោកបានមានប្រសាសន៍ថា “ទីតាំងនោះជារបស់កម្ពុជា។ ដោយសារតែបង្គោលព្រំដែនលេខ២០៣ស្ថិតនៅទៅទៀត ដូច្នេះទឹកដីនេះជារបស់កម្ពុជា។ នៅពេលពួកគេមកវ៉ៃយើងនៅក្នុងទឹកដីរបស់យើង ហើយអាជ្ញាធរបដិសេធមិនទទួលខុសត្រូវ នោះគឺជារឿងដ៏អាម៉ាស់។ យើងមិនអាចប្រើវប្បធម៌សន្ទនា ដើម្បីបណ្ដោយឲ្យយួនយកទឹកដីរបស់យើងតាមអំពើចិត្តនេះទេ។ គណបក្សសង្គ្រោះជាតិគាំទ្រវប្បធម៌សន្ទនា ប៉ុន្តែវប្បធម៌នេះគឺដើម្បីបម្រើផលប្រយោជន៍របស់ជាតិ”៕ សុខុម