កាលពីម្សិលមិញ អង្គការមិនមែនរដ្ឋាភិបាលបានប្តេជ្ញានៅតែធ្វើហែក្បួនតវ៉ានៅក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះដើម្បីប្រឆាំងនឹងសេចក្តីព្រាងច្បាប់ ដែលគំរាមគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល និងសមាគមនៅទូទាំងប្រទេស ទោះបីជា សាលារាជធានីគំរាមបញ្ឈប់ពួកគេដោយ “ប្រើគ្រប់មធ្យោបាយ” ក៏ដោយ។

នៅក្នុងអ្វីដែលនឹងជាការតវ៉ាដ៏ធំបំផុតប្រឆាំងនឹងច្បាប់ដែលត្រូវបានស្នើឡើងមកទល់នឹងពេលនេះ បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងសមាជិកសហជីពប្រមាណ៦០០នាក់កំពុងរៀបផែនការមកប្រមូលផ្តុំគ្នានៅរដ្ឋសភាដោយចេញពីទីតាំងចំនួនបួននៅក្នុងរាជធានីភ្នំពេញ។ ពួកគេសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលគណបក្សប្រជាជនកម្ពុជាឲ្យលប់ចោលសេចក្តីព្រាងច្បាប់នេះដែលពួកគេគិតថា មិនស្របតាមរដ្ឋធម្មនុញ្ញ និងខ្លាចក្រែងត្រូវបានរដ្ឋាភិបាលប្រើប្រាស់ដើម្បីបំបិតសិទ្ធិធ្វើការរិះគន់របស់ពួកគេនោះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានលើកឡើងថា ការតវ៉ានេះវាហាក់បីដូចជាលឿនពេកហើយព្រោះច្បាប់នេះមិនទាន់ត្រូវបានអនុម័តនៅឡើយទេ។
លោកបានមានប្រសាសន៍ថា “ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលនៅមិនទាន់ក្លាយជាច្បាប់នៅឡើយទេ ព្រោះវាកំពុងស្ថិតនៅក្រោមការពិភាក្សានៅឡើយ ហើយនឹងមានការរៀបចំសិក្ខាសាលាមួយដើម្បីប្រមូលមតិយោបល់មកបន្ថែមនៅក្នុងច្បាប់នេះ។ ហេតុដូច្នេះខ្ញុំគិតថា ការធ្វើបាតុកម្មណាមួយប្រឆាំងនឹងការបង្កើតច្បាប់នេះ គឺជាការបង្កភាពចលាចល”។
លោក ឡុង ឌីម៉ង់ បានលើកឡើងទៀតថា អាជ្ញាធរនឹងរារាំងរាល់ការប៉ុនប៉ងណាមួយរបស់អង្គការមិនមែនរដ្ឋាភិបាលក្នុងការហែក្បួននៅថ្ងៃនេះព្រោះពួកគេមិនបានស្នើសុំការអនុញ្ញាតពីសាលារាជធានីឡើយ។
លោកបានមានប្រសាសន៍បន្ថែមថា “យើងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើអ្វីខុសច្បាប់ឡើយ ហេតុដូច្នេះយើងនឹងប្រើគ្រប់មធ្យោបាយដើម្បីធានាថា នឹងមានការគោរពច្បាប់ ហើយដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ និងសង្គម។ ហេតុដូច្នេះពួកគេមិនអាចធ្វើអ្វីដែលបង្កភាពចលាចល ឬភាពអនាធិបតេយ្យនៅក្នុងរាជធានីបានឡើយ”។
ច្បាប់ស្តីពីការធ្វើបាតុកម្មនៅក្នុងប្រទេសកម្ពុជាចែងថា អ្នកដែលមានផែនការរៀបចំព្រឹត្តិការណាមួយចាំបាច់ត្រូវតែជូនដំណឹងឲ្យអាជ្ញាធរដឹងយ៉ាងតិចពីរបីថ្ងៃមុន។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងថា អង្គការមិនមែនរដ្ឋាភិបាលបានសម្រេចមិនជូនដំណឹងដល់សាលារាជធានីអំពីផែនការរស់ខ្លួននៅលើកនេះ ដោយសារទម្លាប់របស់សាលារាជធានី ដែលតែងតែលប់ចោលការតវ៉ារបស់ពួកគេដោយលើកឡើងពីមូលហេតុសន្តិសុខសាធារណៈ។
លោក អំ សំអាត បានលើកឡើងទៀតថា អង្គការមិនមែនរដ្ឋាភិបាលនឹងមិនលុបចោលផែនការរបស់ខ្លួនដោយសារការគំរាមរបស់រដ្ឋាភិបាលដែលថា នឹងប្រើគ្រប់មធ្យោបាយដើម្បីបញ្ឈប់ពួកគេនោះឡើយ។ ការគំរាមដូច្នេះតែងតែត្រូវបានប្រើប្រាស់ដោយអាជ្ញាធរមុនពេលដាក់ពង្រាយកងសន្តិសុខខណ្ឌ នគរបាល ឬសូម្បីតែទាហាន ដើម្បីរារាំង ឬបំបែកព្រឹត្តិការតវ៉ាណាមួយ។
លោកបានមានប្រសាសន៍ថា “យើងមិនខ្លាចការគំរាមនេះឡើយ ហេតុដូច្នេះយើងនឹងធ្វើតាមផែនការរបស់យើង ដើម្បីតវ៉ាប្រឆាំងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល។ ខ្ញុំគិតថា យើងជាប្រទេសប្រជាធិបតេយ្យ ហេតុដូច្នេះវាគ្មានអ្វីខុសទេដែលពលរដ្ឋធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធី ធ្វើការតវ៉ា និងជួបជុំគ្នាដើម្បីសំដែងចេញនូវអ្វីដែលខ្លួនមិនពេញចិត្តនោះ”។
លោក អំ សំអាត ក៏បានច្រានចោលសំណើរបស់លោក ឡុង ឌីម៉ង់ ឲ្យមានការផ្អាកធ្វើការតវ៉ារហូតដល់សេចក្តីព្រាងច្បាប់ត្រូវបានអនុម័តផងដែរ។
លោកបានមានប្រសាសន៍ថា “យើងចាំបាច់ត្រូវតែសំដែងនូវក្តីព្រួយបារម្ភ និងមតិយោបល់របស់យើងនាពេលឥឡូវនេះ ខណៈច្បាប់នៅមិនទាន់អនុម័តនៅឡើយ។ នៅពេលច្បាប់អនុម័តរួច វានឹងមានការលំបាកក្នុងការទាមទារឲ្យមានការកែប្រែ”។
លោក ឈាង វ៉ុន សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភាបានលើកឡើងថា គណៈកម្មការចំនួនបីនៅរដ្ឋសភាត្រូវបានចាត់តាំងឲ្យពិនិត្យសេចក្តីព្រាងច្បាប់នេះ ហើយបានបញ្ចប់ការពិនិត្យនេះរួចហើយ។ លោកបានលើកឡើងទៀតថា លោកពេញចិត្តចំពោះច្បាប់នេះ ហើយនឹងស្នើឲ្យរដ្ឋាភិបាលបញ្ជាក់ឲ្យបានច្បាស់អំពីចំណុចមួយចំនួនបន្ទាប់ពីរៀបចំសិក្ខាសាលាមួយស្តីអំពីសេចក្តីព្រាងច្បាប់សម្រាប់អង្គការមិនមែនរដ្ឋាភិបាលនៅឯរដ្ឋសភានៅថ្ងៃទី១០ខែកក្កដា។
ច្បាប់នេះនឹងតម្រូវឲ្យអង្គការមិនមែនរដ្ឋាភិបាល និងសមាគមចុះបញ្ជីជាមួយរដ្ឋាភិបាល ដើម្បីបន្តប្រតិបត្តិការ និងធ្វើរបាយការណ៍ជាទៀងទាត់ស្តីអំពីសកម្មភាព និងហិរញ្ញវត្ថុរបស់ខ្លួន។ អង្គការមិនមែនរដ្ឋាភិបាលលើកឡើងថា ការធ្វើដូច្នេះនឹងបង្ហាញឲ្យឃើញពីការលំបាកសម្រាប់អង្គការថ្នាក់មូលដ្ឋានតូចៗដែលសមាជិកមួយចំនួនរបស់អង្គការទាំងនោះគឺជាអ្នកមិនចេះអក្សរ ហើយថា មាត្រាដែលមិនច្បាស់ផ្សេងៗទៀតនឹងផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការរារាំងដល់អង្គការដែលខ្លួនមិនពេញចិត្តមិនឲ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធានាចំពោះអ្នករិះគន់ថា គ្មានអ្វីត្រូវបារម្ភឡើយ ហើយលោកបានមានប្រសាសន៍ថា ប្រទេសកម្ពុជាត្រូវការច្បាប់នេះគឺដើម្បីរារាំងកុំឲ្យហិរញ្ញប្បទានភេរវកម្មហូរចូលមកក្នុងប្រទេសតាមរយៈអង្គការមិនមែនរដ្ឋាភិបាល។ លោកបានប្តេជ្ញាជំរុញឲ្យច្បាប់នេះឆ្លងសភាទោះបីជាមាន ឬគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិដែលប្រឆាំងនឹងច្បាប់នេះក៏ដោយ។
កាលពីម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកយកព័ត៌មានថា លោកបានពិភាក្សាខ្លះៗអំពីច្បាប់នេះជាមួយលោក ហ៊ុន សែន អំឡុងពេលសម្រាក បន្ទាប់ពីកិច្ចប្រជុំនៅក្នុងរដ្ឋសភានាពេលព្រឹក។ លោកបានលើកឡើងថា លោកនាយករដ្ឋមន្ត្រីបានប្រាប់លោកថា អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីជាមួយរដ្ឋាភិបាលរួចហើយនឹងមិនចាំបាច់ចុះបញ្ជីទៀតទេនៅពេលច្បាប់ត្រូវបានអនុម័តរួច។
លោកបានមានប្រសាសន៍ថា “នេះគ្រាន់តែជាការបញ្ជាក់ឲ្យបានច្បាស់អំពីចំណុចមួយប៉ុណ្ណោះ ប៉ុន្តែ មានចំណុចជាច្រើនទៀតដែលអង្គការសង្គមស៊ីវិលអះអាងថា ចាំបាច់ត្រូវតែលប់ចោលព្រោះវាគ្មានសារៈសំខាន់។ ទាំងនោះគឺជាចំណុចដែលយើងក៏កំពុងតែពិចារណាផងដែរ។ គណបក្សសង្គ្រោះជាតិគាំទ្រអង្គការមិនមែនរដ្ឋាភិបាល”៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ កង សុធា)