27 C
Phnom Penh

​ទោះ​បី​ជាមាន​ការ​ជំទាស់​​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​រដ្ឋសភា​នៅ​តែ​អនុម័ត​​ការ​ចំណាយ​ថវិកា​ឆ្នាំ​២០១៣​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៧​រូប​ បាន​អនុម័ត​ចំណូល និង​ចំណាយ​របស់​រដ្ឋាភិបាល​ពី​ឆ្នាំ​២០១៣ ទោះ​បី​ជាមាន​ការ​ជំទាស់​​ពី​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤៣​រូប ​ដែល​បាន​លើក​ឡើង​ថា ​​ចំណូល​ដែល​​ត្រូវ​បាន​រាយ​ការណ៍​​ មាន​ចំនួន​តិច​ពេក​ក៏ដោយ​​​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សវនកម្ម​ប្រកប​ដោយ​តម្លាភាព។

​ដោយ​មាន​តែ​១១០​រូប ក្នុង​ចំណោម​សមាជិក​សភា​ទាំង​១២៣​រូប​ដែល​មាន​វត្តមាន​សម្រាប់​ការ​បោះ​ឆ្នោត ការ​អនុម័ត​​​ចំណូល​ និង​ចំណាយ​សម្រាប់​ឆ្នាំ​២០១៣​ត្រូវ​បាន​​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត​យ៉ាង​ងាយ​ស្រួល ប៉ុន្តែ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ និង​ជា​អនុប្រធាន​​គណៈកម្មការ​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា ​បាន​ថ្លែង​​ដោយ​ប្រើ​​សម្ដី​​ធ្ងន់​ៗ​។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា របាយការណ៍​​ផ្ទាល់​​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​ស្ដីពី​ការ​អនុវត្ត​ថវិកា​ឆ្នាំ​២០១៣ ​​បាន​គូស​បញ្ជាក់​ថា ​ចំណូល​មិន​ទាន់​​ឈាន​ដល់​ចំណុច​​ដែល​​ចង់​បាន​នៅ​ឡើយ​ទេ​ ​ពាក់​ព័ន្ធ​​​នឹង​សមត្ថភាព​របស់​​រដ្ឋាភិបាល​ក្នុង​ការ​ប្រមូល​ចំណូល​តាម​​ច្បាប់​ដែល​មាន​ស្រាប់។

​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ​ក៏​បាន​​​តវ៉ា​​ដែរ​ចំពោះ​​​កង្វះ​តម្លាភាព​ទូទៅ​នៅក្នុង​​គណនេយ្យ​របស់​រដ្ឋាភិបាល​។ លោក​បាន​លើក​ឡើង​ថា “​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​មាន​ចែង​យ៉ាង​ច្បាស់​​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​អនុវត្ត​​ ជាពិសេស​មាត្រា ៨៤ ដែល​ចែង​ថា ​​របាយការណ៍​គណនេយ្យ និង​ហិរញ្ញវត្ថុ [​ចេញ​ពី​ស្ថាប័ន​​រដ្ឋាភិបាល​] ត្រូវ​តែ​មាន​តម្លាភាព​ និង​បើក​ចំហរ​​ជា​សាធារណៈ ដើម្បី​តាម​ដាន​​ការ​អនុវត្ត​របស់​ពួកគេ​”។

លោក​បានមាន​ប្រសាសន៍​ទៀត​ថា ចំណូល​ដែល​​​ប្រមូល​បាន​​ពេញ​ឆ្នាំ​២០១៣​ គឺ​តិច​តួច​ណាស់​ ប៉ុន្តែ​ថា គណៈកម្មការ​របស់​លោក​មាន​បញ្ហា​ក្នុង​ការ​វាយ​តម្លៃ​​របាយការណ៍​ស្ដីពី​ការ​ប្រមូល​ពន្ធ​នៅ​ព្រំដែន​ថៃ និង​ព្រំដែន​វៀតណាម​។

លោក​បានមាន​ប្រសាសន៍​បន្ត​ថា ពន្ធ​២,១លាន​ដុល្លារ​​ដែល​ប្រមូល​បាន​ពី​សម្បទាន​​ដីធ្លី​ក្នុង​ឆ្នាំ​​២០១៣ គឺ​តិច​តួច​ណាស់​ ហើយ​បាន​គូស​បញ្ជាក់​ថា ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី​ដែល​ដឹក​នាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​ចំណាយ​១៤១​ភាគរយ​​លើស​ថវិកា​ដែល​លៃទុក​សម្រាប់​ខ្លួន​។

លោក ជាម យៀប តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈកម្មការ​ធានា​គារ​ និង​ហិរញ្ញវត្ថុ​ បាន​មាន​ប្រសាសន៍​ថា លោក សុន ឆ័យ គ្មាន​​សិទ្ធិ​អំណាច​​​ដើម្បី​ស្នើ​​ឲ្យ​មាន​សវនកម្ម​បែប​នេះ​​ឡើយ​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​សភា​​អនុម័ត​​ការ​ចំណាយ​ ពីព្រោះ​​​បាន​អនុវត្ត​តាម​រាល់​​នីតិវិធី​អស់​ហើយ​។

លោក​បាន​លើក​ឡើង​ថា “​ខ្ញុំ​ជា​ប្រធាន​​គណៈកម្មការ​ដែល​ទទួល​ខុស​ត្រូវ​នៅ​មុខ​រដ្ឋ​សភា។ ដូច្នេះ​ហើយ​ខ្ញុំ​​សូម​ទទូច​ឲ្យ​យើង​ដាក់​សេចក្ដី​ព្រាង​ដែល​ខ្ញុំ​ទើប​តែ​បាន​រាយការណ៍​លម្អិត ​ជូន​រដ្ឋសភា​ពិនិត្យ ពិភាក្សា និង​អនុម័ត”៕ សុខុម​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស