40.6 C
Phnom Penh

រោងចក្រ​លើកឡើង​ថា ខ្លួន​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រង​របួស​របស់​អ្នក​តវ៉ាឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​តំណាង​​រោងចក្រ​កាត់​ដេរមួយ​​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ កន្លែង​ដែល​កម្មការិនី​បួន​នាក់​រង​របួស​កាល​ពី​សប្ដាហ៍មុន នៅ​ពេល​​អ្នក​បើក​បរ​រថយន្ត​ធុនធំ​មួយ​គ្រឿង​​បាន​បុក​ចូល​​ក្នុង​ក្រុម​​អ្នក​តវ៉ា​នោះ ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ​រោងចក្រ​មិន​​ទទួល​​ខុស​ត្រូវ​ឡើយ ពីព្រោះ​កម្មករ​​បាន​រត់​ទៅ​ខាង​មុខ​រថយន្ត​ដែល​កំពុង​បើក​បរ​ក្នុង​ល្បឿន​លឿន​ដោយ​ខ្លួន​ឯង​។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ កម្មករ​រោងចក្រ​កាត់​ដេរ​ប្រហែល​១០០​នាក់​ដែល​ធ្វើ​ការ​តវ៉ា​បាន​បិទ​ច្រក​ចេញ​រោងចក្រ​កាត់​ដេរ​ S.H. International ដែល​កាន់​​កាប់​ដោយជនជាតិ​​កូរ៉េ​ខាង​ត្បូង ស្រាប់​តែ​នៅ​ពេល​នោះ​ឈ្មោះ គឹម សាត អាយុ​២២​ឆ្នាំ​បាន​បើក​រថយន្ត​ដែល​ដឹកម៉ាស៊ីន​ដេរ​ពេញ​​បុក​ចូល​​ក្នុង​ក្រុម​អ្នក​តវ៉ា​តែម្តង។

បុរស​ឈ្មោះ សាត នេះ​​ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាមៗ ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​ថ្ងៃ​បន្ទាប់ ពីព្រោះ​រោងចក្រ​បាន​យល់​ព្រម​បង់​សំណង​ដល់​កម្មករ​ទាំង​នោះ។

ទោះ​ជាយ៉ាង​ណា លោកស្រី សែ គុតកុឡា មេធាវី​តំណាង​រោងចក្រ S.H.​​បាន​មាន​ប្រសា​សន៍​ថា រោងចក្រ​មិន​បាន​យល់​ព្រម​ឡើយ។ លោកស្រី​បានមាន​ប្រសាសន៍​ថា “​ខ្ញុំ​គិត​ថា មិន​ចាំ​បាច់​ទទួល​ខុស​ត្រូវ​ទេ ពីព្រោះ​​មិន​មាន​​សេចក្ដី​សម្រេច​ចុងក្រោយ​ថា ក្រុម​ហ៊ុន​របស់​យើង​ត្រូវ​ឬ​ក៏​ខុស​នោះ​ឡើយ”។

លោកស្រី​ក៏​បាន​អះអាងថា បាន​ឃើញ​គ្រោះ​ថ្នាក់​នេះផងដែរ​​ ហើយ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​មុនៗ។ លោកស្រី គុតកុឡា បាន​មាន​ប្រសាសន៍​ថា “​កម្មករ​បាន​រត់​ទៅ​ខាង​មុខ​រថយន្ត​ដោយ​ខ្លួនឯង។ មាន​កម្មករ​ប្រហែល​២០​នាក់​នៅ​ខាង​មុខ​រថយន្ត​ ហើយ​អ្នក​បើក​បរ​ជាន់​​ហ្វ្រាំងមិន​ទាន់​”។

​​លោកស្រី​បាន​បន្ថែម​​​ថា ​​រោងចក្រ​​​បាន​ផ្តល់កិច្ច​សន្យា​បន្ត​ទៅ​ឲ្យ​​ក្រុម​ហ៊ុនដឹកជញ្ជូន​មួយ​​ ហើយ​អ្នក​បើក​បរ​រថយន្ត​មិន​មែន​ជា​បុគ្គលិក​រោងចក្រ​ទេ។

នៅ​ក្នុង​របាយការ​ណ៍​​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​​ដោយ​​​រោងចក្រ​ S.H. បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​នោះ​ជា​ក្រុម​ហ៊ុន​ដឹកជញ្ជូន​​ព្រះចន្ទពេញវង់។

កម្មករ​បាន​ធ្វើ​កូដកម្ម​ចាប់​តាំង​ពី​ចុង​ខែ​មុន​មក​​ ពីព្រោះ​ពួកគេ​អះអាង​ថា ពួកគេ​មិន​បាន​បើក​ប្រាក់​ខែ​សម្រាប់​ខែ​ឧសភា​ទេ។

លោកស្រី គុត​កុឡា បាន​មាន​ប្រសាសន៍​ថា កម្មករមាន​កំហឹង​ ពីព្រោះ​រោងចក្រ​​មិន​បាន​បន្ត​កិច្ច​សន្យា​របស់​​ពួកគេ​ឡើយ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “​នេះ​គឺ​ជា​រដូវ​ធ្លាក់​ចុះ​ ហើយ​ការ​បញ្ជា​ទិញ​​​​ក៏​បាន​ថយ​ចុះ​ផង​ដែរ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​កាត់​បន្ថយ​ចំនួន​កម្មករ​”។

លោក ហ៊ីង ប៊ុនធឿន អនុប្រធាន​សហព័ន្ធ​សហជីព​​ស្មារតី​កម្មករ​ខ្មែរ បាន​មាន​ប្រសាសន៍​ថា កម្មករ​ទាំង​បួន​នាក់​ដែល​រង​របួសនោះ ​​បាន​គ្រាន់​បើ​ហើយ​​នៅ​ផ្ទះ​របស់​ពួកគេ​។ លោក​បាន​បន្ថែម​ថា លោក​ជឿ​ថា ក្រុមហ៊ុន​​ត្រូវ​ទទួល​ខុស​ត្រូវ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ក្រុម​ហ៊ុន​បាន​បញ្ជា​ឲ្យ​អ្នក​បើក​បរ​ធ្វើ​ដូច្នេះ។ មាន​ភ័ស្តុ​តាង​ និង​សាក្សី​ ហើយ​យើង​បាន​ដាក់​ពាក្យ​បណ្ដឹង​​ទៅ​នគរ​បាល​​។ ហេតុ​អ្វី​បាន​ជា​នគរ​បាល​​ដោះ​លែង​ជន​សង្ស័យ​ទៅវិញ?”។

លោក ជា សុវណ្ណ នាយ​នគរ​បាល​​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិសែន​ជ័យ​ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដោះលែង​អ្នក​បើក​បរ​តាម​សេចក្តីបង្គាប់​របស់​លោក អ៊ុំ សុភ័ក្ត្រ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

គេ​មិន​អាច​ទាក់​ទង​លោក សុភ័ក្ត្រ ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ៕ សារុន​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស