ក្រុមមន្ត្រី និងអ្នកកាសែតបានលើកឡើងកាលពីម្សិលមិញថា ជម្លោះមួយបានកើតឡើងរវាងអ្នកយកព័ត៌មានមួយក្រុម និងបុរសម្នាក់ដែលនគរបាលមិនបានបង្ហាញអត្តសញ្ញាណកាលពីយប់ថ្ងៃអាទិត្យ ខណៈដែលអ្នកយកព័ត៌មានមួយក្រុមនេះបានព្យាយាមថតសកម្មភាពគ្រោះថ្នាក់រថយន្តនៅកន្លែងកើតហេតុនៅជិតស្ពានអាកាស៧មករា ក្នុងរាជធានីភ្នំពេញ។
លោក តី សុវណ្ណារ៉េត អធិការរងនគរបាលខណ្ឌទួលគោកទទួលបន្ទុកចរាចរណ៍បានមានប្រសាសន៍ថា ជម្លោះនេះបានកើតឡើងនៅប្រហែលម៉ោង១០យប់ ខណៈមិត្តភក្តិម្នាក់របស់អ្នកបើកបរដែលបានចាកចេញពីកន្លែងកើតហេតុបាត់ បានព្យាយាមរារាំងអ្នកយកព័ត៌មានមិនឲ្យថតហេតុការណ៍នោះ។
លោក សុវណ្ណារ៉េត បានមានប្រសាសន៍ថា “មុនពេលគ្រោះថ្នាក់ រថយន្តមួយគ្រឿងបានបុករបាំងផ្លូវនៅជិតស្ពានអាកាស៧មករា បន្ទាប់មកបុរសម្នាក់ទៀតបានព្យាយាមមកដោះស្រាយបញ្ហាជំនួសមិត្តភក្តិរបស់ខ្លួនដែលបានបង្កគ្រោះថ្នាក់នោះ”។
លោកបានបន្ថែមថា លោកមិនស្គាល់ឈ្មោះអ្នកបើកបររូបនោះ ឬមិត្តភក្តិរបស់ជននោះឡើយ ហើយកំពុងសើុបអង្កេតការបង្កគ្រោះថ្នាក់ដំបូងនោះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំឮថា…អ្នកយកព័ត៌មានមានកំហឹងនឹងបុរសម្នាក់ បន្ទាប់ពីគ្រោះថ្នាក់កើតឡើង ហើយបុរសរូបនោះបានទះកំផ្លៀងអ្នកយកព័ត៌មានរហូតដល់គាត់ជ្រុះម៉ាស៊ីនថត”។
នៅក្នុងរូបភាពវីដេអូដែលបានបង្ហោះក្នុងគេហទំព័រព័ត៌មានក្នុងស្រុក បុរសម្នាក់ពាក់អាវយឺតពណ៌ខ្មៅ និងស្លៀកខោប៉ារ៉ាប៉ះទង្គិចពាក្យសម្តីជាមួយអ្នកយកព័ត៌មានក្នុងការព្យាយាមរារាំងពួកគេមិនឲ្យថត។ បន្ទាប់មកជននេះបានទៅកាន់រថយន្តទំនើបពណ៌សរបស់ខ្លួនបើកចេញទៅ ហើយបានឈប់រថយន្តវិញចេញមក បន្ទាប់ពីអ្នកយកព័ត៌មានម្នាក់ក្នុងចំណោមអ្នកយកព័ត៌មានទាំងនោះបានបន្តថតរូបជននេះទៀត។
ពេលនោះ អ្នកយកព័ត៌មានមួយក្រុមបានដាល់ ទាត់ធាក់ និងយកមួកសុវត្ថិភាពវាយបុរសរូបនោះ។
លោក នូ ផាន់ណា អាយុ៤៣ឆ្នាំ ជាអ្នកយកព័ត៌មានឲ្យទូរទស្សន៍ ហង្សមាស ដែលបានចូលរួមក្នុងជម្លោះនោះបានមានប្រសាសន៍ថា ជម្លោះនេះបានកើតឡើងបន្ទាប់ពីបុរសម្នាក់ដែលលោកបានប្រាប់អត្តសញ្ញាណថា ជាម្ចាស់យានដ្ឋានមួយក្នុងខណ្ឌទួលគោកនោះ បានព្យាយាមរារាំងពួកគេមិនឲ្យបំពេញការងាររបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “គាត់បានទះកំផ្លៀងខ្ញុំ និងធ្វើឲ្យជ្រុះម៉ាស៊ីនថត… បន្ទាប់មកបុរសរូបនោះបានព្យាយាមបើករថយន្តចេញទៅ ភ្លាមនោះអ្នកយកព័ត៌មានផ្សេងទៀតបានថតវីដេអូរថយន្តរបស់គាត់ជាថ្មីម្តងទៀត ហើយនៅពេលនោះបុរសរូបនោះបានចេញមក ហើយមនុស្សប្រហែលប្រាំនាក់បានវាយបុរសរូបនេះរហូតបែកឈាមតែម្តង”។
លោក ផាន់ណា បានមានប្រសាសន៍ថា ជម្លោះនោះត្រូវបានដោះស្រាយបន្ទាប់ពីបុរសរូបនេះយល់ព្រមផ្តល់សំណងដល់គាត់ចំពោះការធ្វើឲ្យបែកម៉ាស៊ីនថតរបស់គាត់។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានសម្រេចទទួលយកប្រាក់៥០០ដុល្លារដើម្បីបញ្ចប់រឿង ពីព្រោះខ្ញុំមិនចង់ឲ្យមានបញ្ហាវែងឆ្ងាយទេ”៕សារុន