28.4 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​ជន​ចាប់​រំលោភនិង​អ្នក​សម​គំនិត​ពីបទ​ដាក់ថ្នាំសណ្តំ​ក្នុង​តែគុជក្មេងស្រីម្នាក់ ហើយ​នាំទៅ​រំលោភ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពី ​ម្សិលមិញ​​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់ និង​អ្នក​សម​គំនិត​ពីរ​នាក់​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​​១០​ឆ្នាំ និង​៥​ឆ្នាំ​បន្ត​បន្ទាប់​គ្នា​ចំពោះ​ការ​ដាក់​ថ្នាំ​សណ្ដំ ហើយ​ចាប់​រំលោភ​​ក្មេង​ស្រី​អាយុ​១៤​​ឆ្នាំ​ម្នាក់​កាលពី​ឆ្នាំ​មុន។

ចៅក្រម គឹម រ័ត្ន​ណារិន បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា បុរស​ដែល​ជាប់​សង្ស័យ​ពី​បទ​ចាប់​រំលោភ​នេះ​ឈ្មោះ លឹម គឹមសាយ អាយុ​៣៣​ឆ្នាំ កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ ប៉ុន្តែ​ត្រូវ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​​រយៈពេល​១០​ ឆ្នាំ​។

អ្នក ​សម​គំនិត​ពីរ​នាក់​ឈ្មោះ តី យ៉ាន អាយុ​២១​ឆ្នាំ និង​​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ទៀត​ឈ្មោះ ឡុង ធា អាយុ​៤៤​ឆ្នាំ​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​​ម្នាក់​ៗ​៥​ឆ្នាំ។ អ្នក​ទាំង​បី​ត្រូវ​បាន​បង្គាប់​ឲ្យ​បង់​ប្រាក់​ចំនួន​៥.០០០​ដុល្លារ​ដល់​ជន​រងគ្រោះ​។

បទ ​ឧក្រិដ្ឋ​នេះ​បាន​កើត​ឡើង​កាលពី​ខែ​កញ្ញា នៅ​ពេល​ស្ត្រីឈ្មោះ យ៉ាន ​ជា​អ្នក​ជិត​ខាង​ក្មេង​ស្រី​រងគ្រោះ​បានបបួល​នាង​ទៅ​លេង​ផ្ទះ​របស់​ឈ្មោះ គឹមសាយ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន។ ពួកគេ​បាន​​ដាក់​ថ្នាំ​សណ្ដំ​នៅ​ក្នុង​តែ​គុជ​របស់​នាង​​ ហើយ​បាន​នាំ​នាង​ទៅ​កាន់​ផ្ទះ​សំណាក់​មួយ​​​ដោយ​ជិះម៉ូតូ​របស់​បុរស​ឈ្មោះ ឡុង ធា។ ពេលនោះ​​ឈ្មោះ គឹមសាយ បាន​ជួល​បន្ទប់​មួយ​ ហើយ​បាន​ចាប់​រំលោភក្មេងស្រី​រូបនេខណៈ​ដែល​​ឈ្មោះ យ៉ាន បាន​រង់ចាំ​នៅ​ក្នុង​បន្ទប់​ទឹក​​។

ស្ត្រី ​ឈ្មោះ យ៉ាន និង​លោក ឡុង ធា ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​ការ​ចាប់​រំលោភ ចំណែក​ឯ​ឈ្មោះ គឹមសាយ បាន​រត់​គេច​ខ្លួន​បាត់។ អំឡុង​សវនាការ​កាលពី​ដើម​ខែ​នេះ អ្នក​សម​គំនិត​ទាំង​ពីរ​នាក់​បាន​អះអាង​ថា ពួកគេ​គ្មាន​ទោស​ទេ ហើយ​បាននិយាយ​ថា ពួកគេ​មិន​ដឹង​ថា ឈ្មោះ គឹមសាយ មាន​បំណង​ចាប់​រំលោភ​ក្មេង​ស្រី​រូប​​​នោះ​ទេ​។

​លោកស្រី ​ រាជ ចាន់ថេង មេធាវី​តំណាង​ជន​រងគ្រោះ​​បាន​មាន​ប្រសាសន៍​ថា លោកស្រី​នឹង​ពិភាក្សា​អំពី​សាល​ក្រម​នេះ​ជាមួយ​ម្ដាយ​ជន​រងគ្រោះ​ ដែល​អំឡុង​សវនាការ​កាលពី​ដើម​ខែ​នេះ ​គាត់​បាន​ទាម​ទារ​សំណង​ចំនួន​១៥.០០០​ដុល្លារ​​សម្រាប់​​កូនស្រី​របស់​គាត់​។

លោកស្រី ចាន់​ថេង បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ ​នឹង​ពន្យល់​អំពី​សាល​ក្រម​នេះ​ដល់​កូនក្ដី​របស់​ខ្ញុំ ហើយ​ប្រសិន​បើ​គាត់​ពេញ​ចិត្ត​ គាត់​អាច​ទទួល​យក​។ ប្រសិន​បើ​គាត់​មិន​ពេញ​ចិត្ត​គាត់​អាច​ប្ដឹង​​ឧទ្ធរណ៍​បាន​”។

លោក ផន អូន នាយ​ប៉ុស្តិ៍​សង្កាត់​ទំនប់​ទឹក​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​កំពុង​ស្វែង​រកបុរស​​ឈ្មោះ គឹមសាយ​ នៅ​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង ​មិន​អាច​អត់​ឱន​ឲ្យ​ជន​ល្មើស​រូប​នេះ​បានទេ ពីព្រោះ​ជន​នេះ​ចាប់​រំលោភ​អនីតិ​ជន​ដោយ​បង្ខំ​​។ យើង​នឹង​​នៅ​តែ​ព្យាយាម​ស្វែង​រក​ជន​នេះ​ដដែល​ ហើយ​ប្រសិន​បើ​យើង​​រក​ឃើញ​តម្រុយ​ខ្លះ​អំពី​កន្លែង​លាក់​ខ្លួន​ មិន​ថា​នៅ​ទីណា​ឡើយ​ ខ្ញុំ​នឹង​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ទៅ​​ចាប់​ជន​នេះ​តែ​ម្ដង​”៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស