
តំណាងនៃក្រុមមួយដែលគេស្គាល់ថាជាចលនាយុវជនកម្ពុជា ក១៥៧ ដែលរាប់បញ្ចូលមន្ត្រីក្រសួងការពារជាតិក្នុងចំណោមថ្នាក់ដឹកនាំរបស់ខ្លួនដែរនោះ កាលពីថ្ងៃអាទិត្យបានចែកប្រាក់ឲ្យគ្រួសារជនជាតិភាគតិច ដែលរងការបណ្តេញចេញ ក្នុងតំបន់អារ៉ែង ខេត្តកោះកុង ក្នុងនាមលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តាមទំព័រហ្វេសប៊ុករបស់ខ្លួន ប្រធានក្រុម “យុវជន” លោក ម៉ឹង ពន្លក ដែលជាសមាជិកម្នាក់នៃកងកម្លាំងខេមរភូមិន្ទតាំងពីឆ្នាំ១៩៩៦ បាននិយាយកាលពីថ្ងៃច័ន្ទថា អង្គការនេះបាននិងកំពុងរៃអង្គាសប្រាក់ដើម្បីជួយសហគមន៍នានា នៅស្រុកថ្មបាំងឆ្ងាយដាច់ស្រយាល ដែលនៅទីនោះសកម្មជនមូលដ្ឋាននិងសកម្មជនបរិស្ថានបានតវ៉ាយ៉ាងខ្លាំងចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដែលនឹងបង្ខំគ្រួសារប្រជាជនជនជាតិដើមភាគតិចជងរាប់រយគ្រួសារចេញពីដីកេរដូនតារបស់ពួកគាត់។
លោក ពន្លក បាននិយាយថា ចលនា១៥៧បានចែកកញ្ចប់ជំនួយឲ្យប្រជាជនជាង៤៥០គ្រួសារ ដែលក្នុងនោះមានថ្នាំពេទ្យ ខោអាវ និងលុយ និងមានគម្រោងសង់សាលាបឋមសិក្សាថ្មីបួនខ្នងក្នុងតំបន់នេះទៀតផង។
លោកបាននិយាយថា “យើងបាននាំមកនូវអំណោយដើម្បីចែកឲ្យប្រជាជន៤៦៣គ្រួសារ អំណោយទាំងនោះរួមមានសារុងមួយ ក្រមាមួយ ថ្នាំពេទ្យមួយកញ្ចប់ និងលុយ២០.០០០រៀល សម្រាប់គ្រួសារនីមួយៗ”។
លោកបាននិយាយថា លុយចែកឲ្យក្នុងនាមលោក ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី និងជាឧត្តមសេនីយ៍ឯកនៃកងកម្លាំងខេមរភូមិន្ទ។
លោក ពន្លក បាននិយាយថា “អំណោយប្រាក់២០.០០០រៀលជាអំណោយពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ [ភរិយារបស់លោក ម៉ាណែត]” ក៏ប៉ុន្តែលោកបានបដិសេធថា លោក ម៉ាណែត ឬគណបក្សប្រជាជនកម្ពុជាកាន់អំណាច មិនបានជាប់ទាក់ទងនឹងចលនា១៥៧ ដែលសមាជិកជាច្រើនរបស់ចលនានេះមានវ័យកណ្តាល និងស្លៀកពាក់ឯកសណ្ឋានសុទ្ធតែខ្មៅនោះទេ។
ដោយមិនឆ្លើយសំណួរទាក់ទិននឹងការងាររបស់លោក លោកបាននិយាយថា “យើងមិនពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយទេ…។ យើងធ្វើកិច្ចការមនុស្សធម៌”។
ឧត្តមសេនីយ៍ឯក ទៀ សុខា មេបញ្ជាការសន្តិសុខលម្ហសមុទ្រនៅមូលដ្ឋានទ័ពជើងទឹករាមនៅក្រុងព្រះសីហនុ និងជាកូនប្រុសរបស់មេបញ្ជាការកងទ័ពជើងទឹក ទៀ វិញ ក៏មានវត្តមានក្នុងចំណោមប្រតិភូរបស់ក្រុមនេះនៅតំបន់អារ៉ែងកាលពីចុងសប្តាហ៍នេះដែរ។
ទាក់ទងកាលពីថ្ងៃច័ន្ទ ឧត្តមសេនីយ៍ សុខា បាននិយាយថា លោកជាប្រធានរបស់ក្រុមនេះក្នុងខេត្តព្រះសីហនុ។ លោកបាននិយាយថា លោក ពន្លក ជាសហសេវិកម្នាក់នៅក្រសួងការពារជាតិ ប៉ុន្តែមិនអាចចាំបានថាគាត់កាន់តំណែងអ្វីនោះទេ។
ឧត្តមសេនីយ៍ឯក សុខា បាននិយាយថា ការមកសួរសុខទុក្ខនេះមិនពាក់ព័ន្ធនឹងនយោបាយទេ។
លោកបាននិយាយថា “ក្រុមរបស់យើង គឺចលនាយុវជនកម្ពុជា១៥៧ បានធ្វើដំណើរទៅទីនោះដើម្បីជួយអ្នកភូមិផ្នែកមនុស្សធម៌ មិនពាក់ព័ន្ធនឹងនិន្នាការនយោបាយរបស់យើងឡើយ”។
លោក ម៉ូ គឹមរី តំណាងម្នាក់នៃក្រុមបរិស្ថានមូលដ្ឋាន ឈ្មោះថា មាតាធម្មជាតិ ដែលសហស្ថាបនិកជនជាតិអេស្ប៉ាញរបស់ក្រុមនេះ គឺលោក អាឡិច ហ្គន់ហ្សាឡេស ដាវីដសុន(Alex Gonzalez-Davidson) ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជាកាលពីខែកុម្ភៈនោះ បាននិយាយថា មានមន្ទិលតិចតួចដែលថា ក្រុមយុវជននេះមិនជាប់ពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជានោះ។
លោកបាននិយាយថា “ចលនាយុវជនកម្ពុជា១៥៧ស្ថិតនៅខាងគណបក្សប្រជាជនកម្ពុជា ហើយមន្ត្រីរបស់ពួកគេមានអំណាចពីព្រោះ…អាជ្ញាធរ[និង]ប៉ូលិសបានអមដំណើរពួកគេជាមួយនឹងរថយន្តប្រណីតៗ”។
“ខ្ញុំគិតថា ពួកគេកំពុងព្យាយាមដើម្បីទទួលបានមកវិញនូវប្រជាប្រិយដែលបាត់បង់ទៅហើយនោះ”៕ និត