27 C
Phnom Penh

ប៉ូលិស​ទទួល​បាន​រថយន្ត​បាញ់​ទឹក​ប្រឆាំង​បាតុកម្ម​ចំនួន​ពីរ​គ្រឿង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា នគរបាល​ជាតិ​បាន​ទិញ​រថយន្ត​ពាស​ដែក​ប្រឆាំង​បាតុកម្ម​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំនួន​ពីរ​គ្រឿង ដែល​នឹង​ត្រូវ​ប្រើ​ប្រឆាំង​អ្នក​តវ៉ា និង​ក្នុង​ករណី​មាន “ភេរវកម្ម”។

យោង​តាម​លោក គឹម ម៉េងហេង ប្រធាន​នាយកដ្ឋាន​លទ្ធកម្ម​សាធារណៈ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា រថយន្ត Tata Daewoo DWC-10000 ពណ៌​ខៀវ ត្រូវ​បាន​ទិញ​មក​ពី​ក្រុមហ៊ុន ILD Import របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​មាន​សមត្ថភាព​អាច​បាញ់​ឆ្លាស់​គ្នា​នូវ​ទឹក​សម្ពាធ​ខ្លាំង ទឹក​សាប៊ូ និង​ទឹក​ពណ៌ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដែរ។

លោក​បដិសេធ​មិន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​រថយន្ត​នោះ​ថ្លៃ​ប៉ុន្មាន​នោះ​ទេ។

លោក ម៉េងហេង បាន​និយាយ​ថា “រថយន្ត​ពីរ​គ្រឿង​នេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​ប្រឆាំង​បាតុករ ហើយ​វា​មាន​ប្រព័ន្ធ​ការពារ​ស្វ័យប្រវត្តិ”។ លោក​បាន​ពន្យល់​ថា ទឹក​សាប៊ូ​នឹង​ត្រូវ​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ភ្នែក​បាតុករ​ផ្សា ចំណែក​ឯ​ទឹក​ពណ៌​វិញ​សម្គាល់​ពួកគេ​ដើម្បី​ចាប់​ខ្លួន​នៅ​ពេល​បន្ទាប់។

កម្លាំង​សន្តិសុខ​របស់​ប្រទេស​កម្ពុជា​ពី​មុន​បាន​ពឹង​ផ្អែក​លើ​របាំង​ផ្លូវ​ចល័ត និង​រថយន្ត​បាញ់​ទឹក ដើម្បី​គ្រប់គ្រង​ក្រុម​មនុស្ស ជា​ពិសេស​នៅ​អំឡុង​ពេល​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដោយ​សន្តិ​វិធី ក្នុង​ក្រុង​ភ្នំពេញ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​ថា រថយន្ត​ផលិត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ នឹង​បន្ថែម​កម្លាំង​ថ្មី​ទៅ​ក្នុង​កង​កម្លាំង​នគរបាល។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ដឹង​ប្រាកដ​ថា​ពេលណា​ភេរវកម្ម​នឹង​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​ចាំបាច់​ត្រូវ​ការពារ​ប្រទេស ដូច្នេះ​ហើយ​យើង​ត្រូវ​ត្រៀម​ទប់ទល់​នឹង​ហេតុការណ៍​នា​ពេល​ខាង​មុខ”។ លោក​បាន​បន្ថែម​ថា រថយន្ត​ថ្មី​នេះ​ក៏​នឹង​ត្រូវ​ប្រើ​ដើម្បី​ពន្លត់​អគ្គិភ័យ​ផង​ដែរ៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស