33 C
Phnom Penh

ការ​រឹត​ត្បិត​​គោល​នយោបាយ​​ស៊ើបការណ៍​​សម្ងាត់​​​ រារាំង​ដល់​ការ​ការ​ពារ​កុមារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​អង្គការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​មួយ​​បាន​រាយការណ៍​​​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ជួញដូរ​ផ្លូវ​ភេទ​កុមារ​បាន​ធ្លាក់​ចុះ​៧៣​ភាគរយ ​មាន​អង្គការ​មួយ​ទៀត​បាន​​លើក​ឡើង​អំ​​ពី​​​កន្លែង​ធ្វើ​​អាជីវកម្ម​ចំនួន​១៥​ ​ដែល​បម្រើ​សេវា​ផ្លូវ​ភេទ​អនីតិជន​ដល់​​ជន​ល្មើស​ផ្លូវ​ភេទ មក​ធ្វើ​ជា​ភ័ស្តុ​តាង​បញ្ជាក់​ថា​ស្ថានភាព​ពិត​មិនមែន​បែប​នេះ​ឡើយ​។

នោះ​គឺ​កាលពី​​៣​សប្ដាហ៍​មុន​។ ហើយយោង​តាម​អង្គការ​​ទី២​បាន​ឲ្យ​ដឹង​ថា ​កន្លែង​ធ្វើ​អាជីវកម្ម​ចំនួន​១៣​​ក្នុង​ចំណោម​នោះ ​នៅ​បើក​ទ្វារ​រក​ស៊ី​នៅ​ឡើយ​។

១៣​ឆ្នាំ​​បន្ទាប់ពី​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ក្រសួង​មហាផ្ទៃ​ ការ​រំលោភ​បំពាន​​អនីតិជន​​​ជាក់​ស្ដែង​បាន​ធ្លាក់​ចុះ​​ខ្លាំង។ ទោះ​ជា​យ៉ាង​ណា ​នគរ​បាល​ និង​អ្នក​ស៊ើបអង្កេត​និយាយ​ថា ​បណ្ដាញ​ឧក្រិដ្ឋជន​កាន់​តែ​​​ជឿន​លឿន​​ ដោយ​ពួកគេ​​​ធ្វើ​អាជីវកម្ម​​ជា​​សម្ងាត់​នៅ​កន្លែង​ដែល​មាន​ការ​ខ្វះ​ចន្លោះ​ផ្លូវ​ច្បាប់ និង​កង្វះ​ប្រភព​ ធ្វើ​ឲ្យ​ជន​រងគ្រោះ​ក្មេងៗ​ធ្លាក់​ក្នុងកណ្ដាប់​ដៃ​របស់​ម្ចាស់​អាជីវកម្ម​ទាំង​នោះ។

ជា​លទ្ធផល​នៃ​ការ​ធ្វើ​វិសោធនកម្ម​ឆ្នាំ​២០១០​​លើ​ក្រម​ព្រហ្មទណ្ឌ​​ដែល​ចែង​ផ្ដន្ទាទោស​​​ព្រហ្មទណ្ឌ​ចំពោះ​ការ​លួច​​ប្រមូល​ទុក​នូវ​​​ខ្សែអាត់​សំឡេង វីដេអូ និង​រូប​ថត​របស់​មនុស្ស នគរ​បាល​បាន​បង្ខំ​ចិត្ត​កសាង​សំណុំរឿង​ប្រឆាំង​ជន​ល្មើស​ដែល​ជាប់​សង្ស័យ​ដោយ​មិន​ប្រើ​ប្រាស់​ភ័ស្តុ​តាង​ដែល​ប្រមូល​បាន​ដោយ​​សម្ងាត់​។ ដូច្នេះ​ហើយ​ជា​ញឹក​ញាប់​​ បណ្ដា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដែល​ក្រុម​ស៊ើបអង្កេត​របស់​ខ្លួន​មាន​ជំនាញ​ខាងស៊ើប​ករណី​​ជួញដូរ​ផ្លូវ​ភេទ រក​ឃើញ​ករណី​មុន​គេ​​​ ហើយ​បន្ទាប់​មក​​សហការ​ជាមួយនគរ​បាល​​ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​ព្រះរាជអាជ្ញា​ចុះ​ហត្ថលេខា​​​សម្រេច​ចុះ​ឆែក​ឆេរ​។

លោក អេរីក​ មែលដ្រាំ (Eric Meldrum) ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​ក្រុម​ AIM SWAT ​មក​ពី​អង្គការ ​Agape International Mission ហៅ​កាត់​ថា AIMដែល​កំពុង​​​ខិត​ខំ​ធ្វើ​​​យ៉ាង​ណា​ឲ្យ​ទទួល​បាន​​ដីកា​ឆែក​ឆេរ​​​កន្លែង​ធ្វើ​​អាជីវកម្ម​​ដែល​នៅ​សេសសល់​ចំនួន​១៣​​ ដែល​ខ្លួន​បាន​រក​ឃើញ​ថា មាន​បម្រើ​សេវា​ផ្លូវ​ភេទ​ក្មេង​ស្រី​អនីតិជន​ បាន​មាន​ប្រសាសន៍​ថា “​​ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន​​ ក្នុង​មួយ​លើក​ចុះ​ឆែកឆេរ​​​មួយ​កន្លែង​ ឬ​ក៏​ពីរ​កន្លែង​ក្នុង​មួយ​លើក​ ហើយ​ត្រួត​ពិនិត្យ​​ទីតាំង​​ទាំង​នោះ​។ យើង​គ្មាន​ប្រភព​គ្រប់​គ្រាន់​សម្រាប់​រៀបចំ​ការ​ចុះ​ឆែក​ឆេរ​១៥​កន្លែង​ក្នុង​មួយ​លើក​នោះ​ទេ”។

ជា​ធម្មតា​​ហាង​កាហ្វេ​ ខារា៉អូខេ ​និង​កន្លែង​ម៉ាស្សា​​ត្រូវ​បាន​​ប្រើ​ប្រាស់​​ជា​លេស​លាក់​បាំង​សកម្មភាព​​ជួញដូរ​ផ្លូវ​ភេទ​។ ការ​ស៊ើបអង្កេត​​កន្លង​មក​​លើ​ប្រតិបត្តិការ​បែប​នេះ បាន​​រក​ឃើញ​ថា មាន​ពាក់​ព័ន្ធ​នឹង​នគរ​បាល​ ដោយ​​លោក អេរីក មែលដ្រាំ បាន​មាន​ប្រសាសន៍​ថា ការ​បែក​ធ្លាយ​ព័ត៌មាន​​បាន​រារាំង​ប្រតិបត្តិការ​​ចុះ​ឆែក​ឆេរ​​ដោយ​ក្រុម​ AIM SWAT ​លើស​ពី​មួយ​ករណី​កាលពី​ឆ្នាំ​មុន ធ្វើ​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នេះ​ស្ទាក់​ស្ទើរ​​ក្នុង​ការ​​សហ​ការ​ជាមួយ​សមត្ថកិច្ច​​ក្រៅ​ពី​​នគរ​បាល​មួយ​ក្រុម​តូច​ដែល​​​គួរ​ឲ្យ​​ជឿ​ទុក​ចិត្ត និង​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ត្រឹម​ត្រូវ ហើយ​​វា​ជា​កត្តា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ដំណើរ​ការ​​នេះ​មាន​ការ​យឺត​យ៉ាវ​ខ្លាំង​។

លោក អេរីក មែលដ្រាំ ​ដែល​ពេល​នេះ​ជឿ​​ថា បណ្ដាញ​របស់​លោក​​​អាច​រក្សា​ការណ៍​សម្ងាត់​បាន​ជិត​ឈឹង​ បាន​មាន​ប្រសាសន៍​ថា “​ជាក់​​​ស្ដែង ការ​រក្សា​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​​ឲ្យ​ជិត​គឺ​ជា​ផ្នែក​​មួយ​ដ៏​សំខាន់។ ដូច​ខ្ញុំ​បាន​និយាយ​អ៊ីចឹង គឺ​យើង​ធ្វើ​ការ​ជាមួយ​ក្រុម​ជាក់​លាក់​​ ហើយ​ការ​ងារ​មួយ​ត្រូវ​ធ្វើ​ឡើង​​​​​នៅ​ក្នុង​ពេល​មួយ”។

​ក្នុង​រយៈពេល​២​ឆ្នាំ​មក​នេះ​​ អង្គការ​ International Justice Mission ហៅ​កាត់​ថា IJM បាន​និង​កំពុង​ធ្វើ​ការ​ងារ​​ជាមួយ​ក្រសួង​យុត្តិធម៌ ដើម្បី​​ធ្វើ​វិសោធនកម្ម​​ច្បាប់​ក្នុង​បំណង​អនុញ្ញាត​ឲ្យ​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​អាច​ស៊ើប​ការណ៍​​សម្ងាត់​ (នគរ​បាល​ដែល​ធ្វើ​ការ​​ងារ​ពាក់​ព័ន្ធ​​ករណី​ពុក​រលួយ​ និង​គ្រឿង​ញៀន ​គ្មាន​សិទ្ធិ​អំណាច​ស៊ើប​ការណ៍​​សម្ងាត់​ ឬ​ហៅ​​កាត់​ថា​ UIA នោះ​ទេ​) និង​​ជាមួយ​ក្រសួង​មហាផ្ទៃ ដើម្បី​បង្កើត​​ក្រម​សីលធម៌​សម្រាប់​​ប្រតិបត្តិការ​​​សម្ងាត់​​របស់​នគរ​បាល។

​ទោះ​ជាយ៉ាង​ណា នៅ​ឯ​សិក្ខា​សាលា​មួយ​​របស់​អង្គការ​ IJM ដែល​រៀបចំ​ឡើង​នៅ​​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​សប្ដាហ៍​មុន​ លោក អុិត រ៉ាឌី អនុរដ្ឋលេខាធិការ​​ក្រសួង​យុត្តិធម៌​​ បាន​មាន​ប្រសាសន៍​ថា ការ​សិក្សា​របស់​ពួកគេ​អំពី​​វិធី​អនុវត្ត​​​ UIA ឲ្យ​មាន​ប្រសិទ្ធភាព​ដែល​មាន​ជា​ទូទៅ​ទាំង​តំបន់​អាស៊ី​ ​​និង​លោក​ខាង​លិច​នោះ​​ ​​ទំនង​​ជា​ “​គ្មាន​អ្វី​សំខាន់​​ឡើយ​”។

នៅ​ខាង​ក្រៅ​​សិក្ខាសាលា​នេះ​ លោក ចន រ៉ូបឺតស៍ (John Roberts) ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៅ​អង្គការ​ IJM បាន​ពន្យល់​​ពី​​របៀប​ស៊ើបអង្កេត​លើ​ករណី​រំលោភ​បំពាន​កុមារ​ “នៅ​ក្រៅ​កន្លែង​” ដែល​​ជន​រងគ្រោះ​​ត្រូវ​បាន​នាំ​ចេញ​​ពី​​កន្លែង​​ធ្វើ​អាជីវកម្ម​ណាមួយ​ ឬ​ពី​ជន​សញ្ចរកម្ម​ណាម្នាក់​ ឬ​ពី​តាម​ផ្លូវ​នោះ ក៏​ត្រូវ​បាន​ធ្វើ​​ឡើង​ដោយ​គ្មាន​​ UIA ដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​​ពួកគេ​​ត្រូវ​រង់ចាំ​ឲ្យ​មនុស្ស​​​ម្នាក់​ក្លាយ​ជា​ជន​រងគ្រោះ​​សិន​ មុន​ពេល​​ពួកគេ​​អាច​​ធ្វើ​សកម្មភាព​បាន​”។ លោក​បាន​លើក​ឡើង​ទៀត​ថា ភ្នាក់​ងារ​​អាច​នឹង​ឃ្លាំ​មើល​ជន​សង្ស័យ​រាប់​ខែ​មក​ហើយ ហើយ​ប្រាដក​ថា ពួកគេ​កំពុង​រំលោភ​បំពាន​កុមារ​ដោយ​សម្ងាត់ ប៉ុន្តែ​មិន​អាច​ចាត់​វិធានការ​បាន​។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “​​ពួកគេ​​ត្រូវ​​ចាត់​វិធានការ​​​ទប់​ស្កាត់​​កុំ​ឲ្យ​បទ​ល្មើស​បោក​បញ្ឆោត​​​​ជាក់​ស្ដែង​​​​​​កើត​ឡើង​ ហើយ​​បើ​មាន​ភ្នាក់​ងារ​សម្ងាត់​​ ពួកគេ​អាច​​កំណត់​​ដឹង​ពី​ការ​​បោក​បញ្ឆោត​ដែល​បម្រុង​នឹង​កើត​ឡើង​ ហើយ​ពួកគេ​អាច​​រារាំង​វា​បាន​”។

​លោក​បាន​លើក​ឡើង​បន្ថែម​ថា អ្វី​ដែល​គួរ​ឲ្យ​​ព្រួយ​បារម្ភ​គឺ​ថា ​​ជន​​ល្មើស​​ផ្លូវ​ភេទ​មាន​ការ​យល់​​ដឹង​អំ​​ពី​​ប្រព័ន្ធ​ច្បាប់ ហើយ​ធ្វើ​សកម្មភាព​ដោយមិន​ខ្លាច​ជួប​ភ្នាក់​ងារ​សម្ងាត់​​ ឬក៏​ចូល​ស៊ង​របស់​សមត្ថកិច្ច​ឡើយ​។

អង្គការ​សកម្មភាព​ដើម្បី​កុមារ គឺ​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​​​ធ្វើ​សកម្មភាព​​គាំពារ​កុមារ​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ក្នុង​ពេល​កន្លង​មក​ចំពោះ​ការ​យឺត​យ៉ាវ​ក្នុង​ការ​ជួយ​​ជន​រងគ្រោះ​ចេញ​ពី​ស្ថានភាព​រំលោភ​បំពាន​។ លោក សំលៀង សិលា ប្រធាន​អង្គការ​នេះ​​បាន​មាន​ប្រសាសន៍​ថា ខ្លួន​ត្រូវ​ចំណាយ​ពេល​ជា​មធ្យម​ពី​៣ទៅ៤​ខែ​​​ទម្រាំ​ជួយ​ជន​រងគ្រោះ​បាន​ ហើយ​ការ​រង់ចាំនេះ​មិន​មែន​ជា​កំហុស​របស់​ក្រុម​លោក​នោះ​ទេ។

​លោក​បាន​ថ្លែង​ថា ដោយ​គ្មាន​ UIA នគរ​បាល​ និង​អ្នក​ស៊ើបអង្កេត​ពឹង​ផ្អែក​តែ​ទៅ​លើ​ចម្លើយ​របស់​ជន​រងគ្រោះ​ប៉ុណ្ណោះ​ដើម្បី​កសាង​សំណុំរឿង​​។ ប៉ុន្តែ​ការ​បញ្ចុះ​បញ្ចូល​​ក្មេង​ស្រី​​អនីតិជន​ដែល​ជាប់​អន្ទាក់​នៅ​ក្នុង​បណ្ដាញ​​ជួញដូរ​មនុស្ស​​ ឲ្យ​ដាក់​បន្ទុក​ថៅកែ​របស់​នាង​ មិន​មែន​ជា​កិច្ច​ការ​ងាយ​ស្រួល​ឡើយ​។

​លោក​បាន​លើក​ឡើង​ទៀត​ថា “​ពេល​ខ្លះ​ពួកគេ​មិន​ជឿ​​នគរ​បាល​ទេ ពួកគេ​ស៊ាំ​នឹង​ស្ថានភាព​របស់​ខ្លួន​ទៅ​ហើយ ហើយ​ពួកគេ​មិន​ចង់​សហការ​ទេ​”។

លោក​បាន​​បន្ថែម​ទៀត​ថា ​ជា​ញឹក​ញាប់​ក្មេងស្រី​ដែល​ហ៊ាន​​​ផ្ដល់​ចម្លើយ ​​ត្រូវ​ត្រឡប់​​ទៅ​រក​ថៅកែ​​របស់​​ខ្លួន​វិញ ហើយ​រស់​ទាំង​​​ការ​ភ័យ​ខ្លាច​ ខណៈ​ពួកគេ​រង់ចាំ​​ឲ្យ​ព្រះរាជអាជ្ញា​​​អនុញ្ញាត​​​ចុះ​​ឆែក​ឆេរ​។ “​ប្រសិន​បើ​ជន​រងគ្រោះ​មិន​សហការ​នៅ​ក្នុង​ដំណើរ​ការ​នេះ វា​អាច​ចំណាយ​ពេល​​រាប់​ឆ្នាំ [​ក្នុង​ការ​កសាង​សំណុំរឿង​] ពីព្រោះ​គ្មាន​ភ័ស្តុតាង​​​ដែល​អាច​ប្រមូល​បាន​ ប្រសិន​បើ​​យើង​មិន​អាច​​ស៊ើបអង្កេត​​​ដោយ​សម្ងាត់​បាន​ទេ​នោះ​”។

នៅ​ឯ​សិក្ខាសិលា​​របស់​អង្គការ IJM កាលពី​សប្ដាហ៍​មុន​ នគរ​បាល​ និង​ព្រះរាជអាជ្ញា​មក​ពី​ទូទាំង​ប្រទេស​​ ព្រមទាំង​​បណ្ដា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​គាំពារ​កុមារ​ និង​មន្ត្រី​មក​ពី​ក្រសួង​មហាផ្ទៃ​ ក្រសួង​យុត្តិធម៌ និង​ក្រសួង​សង្គម​កិច្ច​ បាន​ពិភាក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​ ដោយ​ក្នុង​នោះ​បញ្ហា​ UIA ត្រូវបាន​លើក​យក​មក​ពិភាក្សា​​យ៉ាង​ផុស​ផុល​។

ទោះ​ជា​យ៉ាង​ណា ការ​អត្ថាធិប្បាយ​របស់​មន្ត្រី​ពីរ​រូប​​មក​ពី​ក្រសួង​យុត្តិធម៌​ បាន​បង្ហាញ​​ពី​កង្វះ​នៃ​ការ​យល់​ដឹង​​អំពី​បញ្ហា​នេះ​។

ឆ្លើយ​តប​ទៅ​នឹង​សិក្ខាកាម​ម្នាក់​​ដែល​បាន​គូស​បញ្ជាក់​ថា នគរ​បាល​នៅ​ក្នុង​ប្រទេស​ថៃ​​​ ឥណ្ឌូណេស៊ី សិង្ហបុរី និង​ហ្វីលីពីន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​​បន្លំ​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​ករណី​​ផ្លូវ​ភេទ​កុមារ លោក ប៉ែន ពេជ្រសាលី អគ្គនាយក​នៃ​​ក្រសួង​យុត្តិធម៌​ បាន​អះអាង​ថា នគរ​បាល​អូស្ត្រាលី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ធ្វើ​ដូច្នេះ​ឡើយ​។ ប៉ុន្តែ​តាមការ​​ពិត​គឺ​​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ​។

លោក​ ប៉ែន ពេជ្រសាលី ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ​UIA មាន​បញ្ហា​ដោយ​សារ​តែ​ “​អស់​លោក​ត្រូវ​ប្រព្រឹត្ត​បទ​ល្មើស​ដើម្បី​ចាប់​ខ្លួន​ឧក្រិដ្ឋជន​”។ ​​​​

​​​​​​​​​ ​ចំណែក​ឯ​លោក អុិត រ៉ាឌី អនុរដ្ឋលេខាធិការ​​ក្រសួង​យុត្តិធម៌​ និង​ដែល​ជា​​សមាជិក​​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ បាន​ជំរុញ​ឲ្យ​នគរ​បាល​​ស្វែង​រក​វិធី​ចៀស​វាង​ច្បាប់​ដែល​ហាម​ឃាត់​ UIA ប្រសិន​បើ​ពួកគេ​មិន​ទាន់​ធ្វើ​បែប​នេះ​នៅ​ឡើយ​។

លោក​មាន​ប្រសាសន៍​ថា “​​តាម​ពិត​​នគរ​បាល​​អាច​ប្រើ​ប្រាស់​ [UIA] នៅ​ពេល​ណា​ក៏​បាន ​វា​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​​​​យុទ្ធសាស្ត្រ​។ វា​ជា​បច្ចេកទេស​ នោះ​ជាមូលហេតុ​ដែល​យើង​​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះការ​​ប្រើ​ប្រាស់​ពាក្យ​សម្ដី​របស់​យើង​”។

ទោះ​ជាយ៉ាង​ណា​ ​លោក​បាន​ព្រមាន​ថា នគរ​បាល​ដែល​ចុះ​ទៅ​ស៊ើបអង្កេត​នៅ​តាម​ផ្ទះ​បន​​ដោយ​គ្មាន​ការ​បណ្ដុះ​បណ្ដាល​ត្រឹម​ត្រូវ អាច​​​បណ្ដាល​ឲ្យ​មាន​ផលវិបាក​​​ខាង​ផ្លូវ​ច្បាប់ និង​សីលធម៌។

ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ មន្ត្រី​នៅ​ក្រសួង​យុត្តិធម៌​មិន​បាន​ពន្យល់​បក​ស្រាយ​ពី​មូលហេតុ​ដែល​​​​មិន​ទាន់​អនុម័ត​ UIA ​​នោះ​ទេ​។

នៅ​ឯ​សិក្ខាសាលា​របស់​អង្គការ IJM ឧត្ដម​សេនីយ៍ឯក ប៉ុល ពិថី ប្រធាន​នាយកដ្ឋាន​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ​ បានមាន​ប្រសាសន៍​ថា ខណៈ​នគ​រ​បាល​​នៅ​តែ​ត្រូវ​ការ​ការ​បណ្ដុះ​បណ្ដាល​​​ដើម្បី​ប្រើ​ប្រាស់​ UIA ប្រកប​ដោយ​សុវត្ថិភាព​ និង​ក្រម​សីលធម៌​នោះ វា​គឺ​ជា​ឧបករណ៍​ដ៏ចាំបាច់​​សម្រាប់​ការ​បង្ក្រាប​ការ​​ជួញដូរ​ផ្លូវ​េភទ​កុមារ។

លោក​មាន​ប្រសាសន៍​ទៀត​ថា នាយកដ្ឋាន​របស់​លោក​​​បាន​បោស​សម្អាត​មន្ត្រី​ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ និង​ហិង្សា​ ហើយ​ដល់​ពេល​ដែល​ត្រូវ​ប្រគល់​​​សិទ្ធ​ិ​អំណាច​​ឲ្យ​ពួកគេ​ស៊ើបការណ៍​សម្ងាត់​ និងបង្ក្រាប​ការ​ជួញដូរ​ផ្លូវ​ភេទ​កុមារឲ្យ​ដល់​ឫស​គល់​របស់​វា​ហើយ​។ “​ហេតុ​អ្វី​យើង​​ត្រូវ​ការ​ UIA? គឺ​ដើម្បី​ធ្វើ​ការ​ងារ​របស់​យើង​​ឲ្យ​ទាន់​ពេល​វេលា​។ វា​​​មាន​ភាព​​​ងាយ​ស្រួល ប្រសិន​បើ​​យើង​មាន​ UIA យើង​អាច​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​បាន​កាន់​តែ​ច្រើន និង​កាន់​តែ​ឆាប់​រហ័ស”៕ សុខុម​​​​

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស