38.1 C
Phnom Penh

ក្រុមការ​ងា​រគណបក្ស​ប្រជាជនកម្ពុជា​​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​​ជួប​ពិភាក្សាគ្នា​ពី​ការ​កែ​ប្រែ​ច្បាប់​បោះ​ឆ្នោត​ឃុំ​-សង្កាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ម្សិលមិញ​នៅ​រដ្ឋសភា​ ដើម្បី​ពិភាក្សា​ពី​ការ​កែ​ប្រែ​ច្បាប់​​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​មុន​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។

ការ​បោះ​ឆ្នោត​សម្រាប់​ឃុំ​-សង្កាត់​​​ចំនួន​​១.៦១២​ក្នុង​ប្រទេស ដែលចុងក្រោយ​​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១២ ដែល​នៅ​ពេល​នោះ​​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​​៧២,៤​ភាគរយ​ក្នុង​ចំណោម​អាសនៈ​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទាំង​អស់​។ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់គ្រប់គ្រង​កិច្ច​ការ​​​​ក្នុង​ឃុំ-សង្កាត់ របស់​ខ្លួន ហើយ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ទូទាំង​ប្រទេស​។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដែល​បាន​ដឹកនាំ​ក្រុមការងារ​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​នៅ​ក្នុង​ការ​ពិភាក្សា​កាលពី​ម្សិលមិញ​នោះ​ បាន​មាន​ប្រសាសន៍​ថា ច្បាប់​បោះ​ឆ្នោតឃុំ-សង្កាត់ ​ត្រូវ​កែប្រែ​ដើម្បី​ឆ្លុះ​បញ្ចាំង​​ឲ្យ​ឃើញ​ពី​ការ​កែប្រែ​ខ្លះៗ​ចំពោះ​ច្បាប់​​បោះ​ឆ្នោត​ជាតិ​​កាលពី​ដើម​ឆ្នាំ​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​​ច្បាប់​​បោះ​ឆ្នោត​ឃុំ-សង្កាត់ យោងទៅ​លើ​​ច្បាប់​បោះ​ឆ្នោត​ជាតិ​ ប៉ុន្តែ​ដោយ​សារ​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ ដូច្នេះ​ហើយ​យើង​ចាំបាច់​ត្រូវ​ពិនិត្យ​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ឃុំ-សង្កាត់ ​ដែល​យោង​ទៅ​លើ​​ច្បាប់​នោះដែរ”។

​មាន​ការ​កែប្រែ​ច្បាប់​​មួយ​ចំនួនចំពោះ​ច្បាប់បោះ​ឆ្នោត​ជាតិ​​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​ការ​បង្កើត​ច្បាប់​មួយ​តែ​ឯង​ដែល​គ្រប់​គ្រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)។

លោក​ សក់ សេដ្ឋា បាន​មាន​ប្រសាសន៍​ថា ច្បាប់​​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ​ត្រូវ​ធ្វើ​ការ​កែប្រែ​បន្តិច​បន្តួច​​តែប៉ុណ្ណោះ​ ដើម្បី​ឲ្យ​មាន​សង្គតភាព។

លោក​បានមាន​​ប្រសាសន៍​ថា ​”មិន​មាន​ការ​​​កែប្រែ​ច្រើន​នោះ​ទេ។ យើង​មិន​​ចំណាយ​ពេល​ច្រើន​ឡើយ​។ ថ្ងៃ​នេះ​យើង​កំពុង​ពិនិត្យ​មើល​គោល​ការណ៍មួយ​ចំនួន ហើយ​នៅ​សប្ដាហ៍​ក្រោយ​យើង​នឹង​ចាប់​ផ្ដើម​ពិភាក្សា​អំពី​សំណើ​នោះ”។

លោក អេង ឆៃអា៊ង សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​​​​ដែល​បាន​ដឹកនាំ​​ក្រុម​ការ​ងារ​គណបក្ស​ប្រឆាំង​​​​​បាន​លើក​ឡើង​ពី​ភាព​ខុស​គ្នា​បន្តិច​បន្តួច​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​ចរចា​ទាំងពីរ​នឹង​ផ្ដោត​លើ​ការ​កែប្រែ​ដែល​ “ពាក់​ព័ន្ធ​​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ចំនួន​ការិយាល័យ​បោះ​ឆ្នោត​”។

លោក​បានមាន​ប្រសាសន៍​ថា “​នៅ​សប្ដាហ៍ក្រោយ​ យើង​នឹង​ចាប់​ផ្ដើម​ពិនិត្យ​មើល​​ច្បាប់​នេះ​ម្ដង​មួយជំពូកៗ ដើម្បី​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ដែល​យើង​​គិត​ថា​ត្រូវ​ធ្វើ​វិសោ​ធន​កម្ម​នោះ​” ដោយ​លោក​ពន្យល់​ថា គ.ជ.ប. ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​​នេះ​ មិន​មាន​អំណាច​ក្នុង​ការ​ធ្វើ​ការ​ងារ​នេះ​ទេ។

លោក​បាន​បន្ថែម​ថា “​គ.ជ.ប.​​មិន​មាន​សិទ្ធិ​ព្រាង​ ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់នេះ​​​ឡើយ ពីព្រោះ​មាន​តែ​រដ្ឋាភិបាល​ប៉ុណ្ណោះ​​អាច​ព្រាង​ច្បាប់​ថ្មី​ ហើយ​មាន​តែ​សមាជិក​សភា​ប៉ុណ្ណោះ​អាច​ស្នើ​ច្បាប់​ថ្មី ​ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​មាន​ស្រាប់​”៕ សារុន​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស