កាលពីម្សិលមិញ នគរបាលខេត្តតាកែវបានចាប់ខ្លួនមន្ត្រីសហជីពប្រាំបួននាក់អំឡុងការតវ៉ានៅខាងក្រៅរោងចក្រអេឡិចត្រូនិក កន្លែងដែលកម្មករបានធ្វើកូដកម្មរយៈពេលជិតបីខែ ទាមទារប្រាក់ខែស្មើនឹងមិត្តរួមការងាររបស់ខ្លួននៅក្នុងវិស័យកាត់ដេរដែរ។
កម្មករប្រហែល៤០០នាក់ នៅរោងចក្រ Kuantech (Cambodia) ដែលផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកឲ្យក្រុមហ៊ុន Samsung បានដើរចេញកាលពីថ្ងៃទី១១ ខែមិថុនា បន្ទាប់ពីអះអាងថា ថៅកែរោងចក្រមិនយកចិត្តទុកដាក់នឹងកិច្ចព្រមព្រៀងដំឡើងប្រាក់ខែដល់ពួកគេពី១២៣ដុល្លារ ដល់១២៨ដុល្លារឡើយ។
សាលាដំបូងខេត្តបានសម្រេចចេញដីកាបង្គាប់កាលពីថ្ងៃទី២៣ខែមិថុនា បង្គាប់ឲ្យកម្មករទាំងអស់ត្រឡប់ចូលធ្វើការវិញក្នុងរយៈពេលពីរថ្ងៃ ។ ប៉ុន្តែ កម្មករប្រហែល៣០នាក់នៅតែបន្តធ្វើការតវ៉ាកាលពីម្សិលមិញ នៅរោងចក្រស្ថិតក្នុងស្រុកត្រាំកក់នេះដដែល។
លោក សុខ សុជា អធិការនគរបាលស្រុកស្តីទីបានមានប្រសាសន៍ថា មន្ត្រីសហជីពប្រាំបួននាក់រួមទាំងមនុស្សម្នាក់ដែលកាន់ឧបករណ៍បំពងសំឡេងផង ត្រូវនគរបាលខេត្តចាប់ខ្លួនកាលពីម្សិលមិញ។
លោក សុជា បានមានប្រសាសន៍ថា “ពួកគេបានញុះញង់កម្មករឲ្យធ្វើការតវ៉ាចាប់តាំងពីថ្ងៃទី១១ ខែមិថុនាមក ហើយនៅថ្ងៃេនះពួកគេបានបំផ្លាញទ្វាររបងរបស់រោងចក្រទៀតផង។ រោងចក្របានដាក់ពាក្យបណ្តឹងទៅតុលាការ ហើយតុលាការបានបង្គាប់ឲ្យនគរបាលចាប់ខ្លួនពួកគេ”។
លោក ពុធ សុវណ្ណ ប្រធានសម្ព័ន្ធសហជីពកម្មករដែលមិនមានវត្តមាននៅការតវ៉ានោះបានមានប្រសាសន៍ថា មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងនោះត្រូវបានចាប់ខ្លួន ហើយមន្ត្រីប្រាំពីរនាក់ទៀតមកពីសហជីពផ្សេងទៀត។
ដោយពន្យល់ថាម៉ូតូរបស់មន្ត្រីសហជីពត្រូវបានរឹបអូសនោះ លោកបានមានប្រសាសន៍ថា “យើងគិតថា ការឃុំខ្លួនពួកគាត់ធ្វើឡើងដោយគ្មានមូលហេតុត្រឹមត្រូវឡើយ…។ នគរបាលបានរឹបអូសទ្រព្យសម្បត្តិរបស់ពួកគាត់ទៀត” ។
ហីុង សុខុម អាយុ២៣ឆ្នាំជាអ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាទាំងនោះបាននិយាយថា ពួកគាត់បានព្យាយាមចូលតវ៉ាក្នុងបរិវេណរោងចក្រនៅម៉ោងប្រហែល២រសៀល ប៉ុន្តែត្រូវបានសន្តិសុខរារាំង។
គាត់បាននិយាយថា “កម្មករមួយចំនួនចង់ចូលទៅក្នុងរោងចក្រ។ ប៉ុន្តែ ពួកគាត់មិនអាចចូលបានឡើយ ពីព្រោះសន្តិសុខបានរារាំងពួកគាត់ និងបានវាយពួកគាត់ទៀត”។
ហ៊ីង សុខុម បាននិយាយថា នគរបាលប្រហែល៤០នាក់បានមកដល់កន្លែងកើតហេតុនៅម៉ោងប្រហែល៣រសៀល ហើយបានចាប់ខ្លួនមនុស្សតែម្តង។
គេមិនអាចទាក់ទងលោក ឯក មានិត រដ្ឋបាលនៅរោងចក្រ Kuantech បានទេ”៕សារុន