29.3 C
Phnom Penh

ចៅក្រម​សាលា​ក្តី​ការពារ​ការ​ដាក់​បទ​ចោទ​ប្រកាន់​កំបាំង​មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកសារ​លែង​ជា​សម្ងាត់​ដែល​ចេញ​កាលពី​ថ្ងៃ​ច័ន្ទ​បង្ហាញ​ឲ្យ​ឃើញ​ថា សហ​ចៅ​ក្រម​ស៊ើប​អង្កេត​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​បន្ទោស​ចំពោះ​ការ​ខកខាន​របស់​ប៉ូលិស​យុត្តិធម៌​មិន​អនុវត្ត​ដីកា​ចាប់​ខ្លួន​ជន​សង្ស័យ មាស មុត និង អុឹម ចែម ដោយសារតែ​សេចក្តី​សម្រេច​ដ៏​ចម្រូង​ចម្រាស​ក្នុង​ការ​ចោទ​ពួកគេ​ទាំងពីរ​​កំបាំង​មុខ។

អតីត​មន្ត្រី​ខ្មែរ​ក្រហម​ពីរ​នាក់​ត្រូវ​បាន​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​កាលពី​ខែ​មីនា។ ការ​ខក​ខាន​របស់​រដ្ឋាភិបាល និង​អង្គការ​សហ​ប្រជាជាតិ មិន​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ ដែល​បង្ខំ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ លោក ម៉ាក ហាម៉ុន (Mark Harmon) ឲ្យ​ធ្វើការ​ចោទ​ប្រកាន់​កំបាំង​មុខ បាន​ទទួល​រង​ការ​រិះគន់​ខ្លាំង​ពី​ក្រុម​សិទ្ធិ​មនុស្ស។

ក្នុង​លិខិត​ថ្ងៃ​ទី​៣០​ខែ​មករា​ផ្ញើ​ជូន​លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ ដែល​ជា​ប្រធាន​គណៈកម្មការ​សន្តិ​សុខ​សាលា​ក្តី លោក ហាម៉ុន និយាយ​ថា លោក​បាន​ចោទ​ជន​សង្ស័យ​ដោយ​កំបាំង​មុខ ពីព្រោះ​អាជ្ញាធរ​មិន​បាន​អនុវត្ត​ដីកា​ចាប់​ខ្លួន ដែល​ចេញ​ចំពោះ​អតីត​មេស្រុក​ខ្មែរ​ក្រហម អុឹម ចែម និង​អតីត​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​របប​ខ្មែរ​ក្រហម មាស មុត កាលពី​ខែ​សីហា​និង​ខែ​ធ្នូ ជា​បន្ត​បន្ទាប់។

លោក ហាម៉ុន បាន​និយាយ​ក្នុង​លិខិត​នោះ​ថា “ខ្ញុំ​បាន​ធ្វើ​សេចក្តី​សម្រេច​នេះ​ទាំង​ស្ទាក់ស្ទើរ ប៉ុន្តែ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្មាន​ជម្រើស​ផ្សេង​ទេ”។

និយាយ​ដល់​សាលាក្តី​តាម​ឈ្មោះ​ផ្លូវ​ការ​របស់​សាលាក្តី​នេះ លោក​និយាយ​ថា ” ខ្ញុំ​មើល​ឃើញ​ជា​មុន​ថា ការ​ចាត់​វិធានការ​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជា​សាធារណៈ ចំពោះ​ការ​ខកខាន​របស់​ប៉ូលិស​យុត្តិធម៌​មិន​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​តាម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង យ៉ាងណា​ក៏​ដោយ ការ​ពន្យារ​ពេល​នេះ​បង្កើត​ហានិភ័យ​មិន​អាច​ទទួល​យក​បាន​ចំពោះ​សិទ្ធិ​ជន​សង្ស័យ​និង​ជន​រងគ្រោះ ហើយ​នឹង​ធ្វើ​ឲ្យ​កើត​មាន​ការ​មិន​គោរព​ទាំង​នីតិ​វិធី​ច្បាប់ ទាំង​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា”។

លោក ហាម៉ុន ថ្លែង​ថា លោក​បាន​ជួប​ជាមួយ លោក ឡោ សុឡេង មន្ត្រី​សម្ពន្ធការ​នគរបាល​យុត្តិធម៌ នៅ​ខែ​តុលា ពិភាក្សា​អំពី​ដីកា​ចាប់​ខ្លួន អុឹម ចែម។ ឧត្តមសេនីយ៍ ឡោ សុឡេង បាន​ស្នើ “កម្មវិធី​ផ្សាព្វ​ផ្សាយ​សហគមន៍​” នៅ​តំបន់​នានា​ជុំវិញ​ផ្ទះ​របស់ អុឹម ចែម ជា​លក្ខខណ្ឌ​សម្រាប់​ការ​ចាប់​ខ្លួន​អ្នក​ស្រី និង​តំបន់​ជំុវិញ​នៅ​ជិត​ផ្ទះ​របស់ មាស មុត ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់​ដំបង។

លោក ហាម៉ុន និយាយ​ក្នុង​លិខិត​នោះ​ថា “ចាប់តាំង​ពី​កម្មវិធី​ផ្សាព្វ​ផ្សាយ​សហគមន៍​ បាន​បញ្ចប់​រួច​រាល់ រយៈ​ពេល​ជាង​ពីរ​ខែ​បាន​កន្លង​ផុត ហើយ​គ្មាន​ដីកា​ចាប់​ខ្លួន​ណាមួយ​ត្រូវ​បាន​គេ​អនុវត្ត​ទេ”។

លោក​បន្ថែម​ថា ការ​ពន្យារ​ពេល​បន្ត​ទៀត​អាច​ប៉ះពាល់​ដល់​សិទ្ធិ​របស់ “ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌ ពី​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ”។

លោក សំអាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ និត (រាយការណ៍​បន្ថែម​ដោយ​ ឃួន ណារីម​)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស