26.6 C
Phnom Penh

រដ្ឋាភិបាល​ខិតខំ​ឲ្យ​មាន​ការ​ព្រមព្រៀង​ជាមួយ​គ្រួសារ​នៅ​តំបន់​ទំនប់​សេសាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ដែល​កិច្ចការ​នៅ​ទំនប់​សេសាន​ក្រោម​២​ដ៏​ចម្រូង​ចម្រាស់​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដំណើរការ​ទៅ​មុខ ក្រសួង​រ៉ែ​និង​ថាមពល​កាលពី​ថ្ងៃ​អង្គារ​បាន​ជួប​ជាមួយ​តំណាង​ប្រជាជន​ជាង​២៥០​គ្រួសារ ដែល​នៅ​មិន​ព្រម​បើក​ផ្លូវ​សម្រាប់​អាង​របស់​ទំនប់​នេះ​នៅ​ឡើយ។

ក្នុង​ជំនួប​នៅ​ឯ​ក្រសួង​នេះ​ក្នុង​ក្រុង​ភ្នំពេញ លោក អិុត ប្រាំង រដ្ឋលេខាធិការ បាន​ប្រាប់​តំណាង​ប្រាំ​នាក់​នៃ​គ្រួសារ​ប្រជាជន​ក្នុង​ឃុំ​ស្រែ​គ ស្រុក​សេសាន ដែល​ផ្ទះ​សំបែង​របស់​ពួកគេ​នឹង​ត្រូវ​ជន់​លិច​នៅ​ពេល​បញ្ចប់​ខ្សែ​ទឹក​ខាង​ក្រោម​ទំនប់​នេះ ថា រដ្ឋាភិបាល​កំពុង​បន្ត​ជំរុញ​ផែនការ​របស់​ខ្លួន ប៉ុន្តែ​ថា គ្រួសារ​ទាំង​នេះ​នៅ​តែ​អាច​ទទួល​បាន​ការ​ឧបត្ថម្ភ​ច្រើន ប្រសិនបើ​ពួកគេ​ព្រម​តាំង​ទីលំនៅ​ថ្មី។

លោក ប្រាំង បាន​មាន​ប្រសាសន៍​ថា “គម្រោង​នេះ​បន្ត​ទៅ​មុខ។ មាន​ប្រជាជន​២៥៤​គ្រួសារ​ដែល​រស់​នៅ​[លើ​ដី​ដែល​នឹង​ត្រូវ​ជន់​លិច​ដោយសារ​ទំនប់​នេះ] ហើយ​ក្រុម​ការងារ​របស់​យើង​កំពុង​បន្ត​ការងារ​របស់​ពួកគេ”។

លោក ប្រាំង បាន​មាន​ប្រសាសន៍​ថា “បន្ថែម​លើ​សំណង​ផ្តល់​ឲ្យ​គ្រួសារ​ប្រជាជន​ទាំង​នោះ ជា​ប្រាក់ ឬ​ផ្ទះ​ថ្មី នៅ​ចម្ងាយ​ប្រហែល​៤០​គីឡូម៉ែត្រ​ពី​អាង​ទំនប់ ពួកគេ​អាច​ទទួល​បាន​ប្រាក់​១០០​ដុល្លារ​ដើម្បី​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​ចេញ អង្ករ​២០​គីឡូក្រាម​ក្នុង​ម្នាក់​ក្នុង​មួយ​ខែ​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ ប្រេងកាត​​១៥​ដុល្លារ​ក្នុង​មួយ​ខែ និង​២០០​ដុល្លារ​ទៀត​ជា “ប្រាក់​លើក​ទឹកចិត្ត”។

ក៏​ប៉ុន្តែ អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ បាន​មាន​ប្រសាសន៍​ថា ការ​ឧបត្ថម្ភ​អាច​ទទួល​បាន​តែ​ក្នុង​ខែ​កក្កដា​ប៉ុណ្ណោះ។

ប្រដាប់​ស្ទួច​នៅឯ​ការដ្ឋាន​សាងសង់​ក្នុង​អាង​ស្តុកទឹក​នៃ​ទំនប់​សេសាន​ក្រោម​២ ក្នុង​ខេត្ត​ស្ទឹងត្រែង​កាលពី​សប្តាហ៍មុន។ រូបថតៈ Mekong Matters Journalism Network
ប្រដាប់​ស្ទួច​នៅឯ​ការដ្ឋាន​សាងសង់​ក្នុង​អាង​ស្តុកទឹក​នៃ​ទំនប់​សេសាន​ក្រោម​២ ក្នុង​ខេត្ត​ស្ទឹងត្រែង​កាលពី​សប្តាហ៍មុន។ រូបថតៈ Mekong Matters Journalism Network

លោក ពៅ បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ស្នើ​ឲ្យ​ពួកគេ​រើ​ផ្ទះ​សំបែង​របស់​ខ្លួន​មុន​ដាច់​ខែ​កក្កដា”។ លោក​បាន​បន្ថែម​ថា អាង​ទំនប់​ទំហំ​៣៦.០០០​ហិកតា បាន​បញ្ចប់​ប្រហែល​៣០​ភាគរយ​ហើយ។

ទំនប់​វារីអគ្គិសនី​កម្លាំង​៤០០​មេហ្គាវ៉ាត់​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប ក្នុង​ស្រុក និង​ក្រុមហ៊ុន​ចិន Hydrolancang International Energy បាន​រង​ការ​រិះគន់​ដោយសារ​ការ​គំរាម​ដែលទំនប់​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​ត្រី និង​ប៉ះពាល់​ដល់​គ្រួសារ​ប្រជាជន​ដែល​ត្រូវ​គេ​ប្រាប់​ឲ្យ​រើ​ចេញ។

លោក ហួត គឿន អាយុ​៣៦​ឆ្នាំ ដែល​ស្ថិត​ក្នុង​ចំណោម​តំណាង​សហគមន៍​នៅ​ឯ​ជំនួប​កាលពី​ថ្ងៃ​អង្គារ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទន់​ចិត្ត​តាម​ការ​ផ្តល់​ឲ្យ​របស់​រដ្ឋាភិបាល​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​មិន​រើ​ចេញ​ទេ ពីព្រោះ​ដី​កន្លែង​តាំង​លំនៅ​ថ្មី​គ្មាន​ជីជាតិ​និង​មិន​អាច​ដាំ​ដំណាំ​យូរ​អង្វែង​បាន​ឡើយ”៕ និត

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស