31 C
Phnom Penh

អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​មេឃុំ​​គណបក្ស​ប្រជាជន​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេឃុំ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ក្នុង​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង ត្រូវ​បាន​ចាប់​ខ្លួន​​ដោយ​អង្គភាព​ប្រឆាំង​អំពុក​រលួយ​​ (ACU)របស់​រដ្ឋាភិបាល​​កាលពី​ថ្ងៃ​សៅរ៍ ដោយ​មន្ត្រី​ម្នាក់​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា លោក​​បាន​ទាម​ទារ​ប្រាក់​​កម្រៃ​ខ្ពស់​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​លក់​​ដី​។

​​យោង​តាម​លោក ម៉ាន់ មិន ​ជំទប់​ឃុំ​បាន​ឲ្យ​ដឹង​ថា លោក ហៃ ស៊ិន អាយុ​៣៤​ឆ្នាំ ជា​មេឃុំ​ជ្រោយ​ស្វាយ ដែល​ជាប់ឆក​​សមុទ្រ​កំពង់​សោម​ជិត​ក្រុង​ព្រះសីហនុ​ ​ត្រូវ​បាន​ចាប់​ខ្លួន​​​ភ្លាមៗ​បន្ទាប់ពី​លោក​បាន​លុប​ចោល​កិច្ច​ប្រជុំ​សាធារណៈ​មួយ​ ហើយ​ត្រូវ​គេ​ឃើញ​ចេញពី​ផ្ទះ​របស់​លោក​។

លោក ម៉ាន់ មិន បាន​មាន​ប្រសាសន៍​ថា លោក​មិន​ច្បាស់​ថា​តើ​ហេតុ​អ្វី​បាន​ជា ACU ចាប់​ខ្លួន​លោក ហៃ ស៊ិន ឡើយ ប៉ុន្តែ​ថា លោក​សង្ស័យ​ថា ការ​ចាប់​ខ្លួន​នេះ​ពាក់​ព័ន្ធ​ការ​ព្យាយាម​លក់​ដី​ទំហំ​៦២​ហិកតា​មិន​បាន​ជោគ​ជ័យ​កាលពី​ឆ្នាំ​២០១២​។

លោក ម៉ាន់ មិន ដែល​ត្រូវ​បាន​​បោះ​ឆ្នោត​ជ្រើស​រើស​ឲ្យ​កាន់​តួនាទី​របស់លោក​សម្រាប់​​គណបក្ស​សង្គ្រោះ​ជាតិនោះ​​បាន​មាន​ប្រសាសន៍​ថា “​យើង​សង្ស័យ​ថា ការ​ចាប់​ខ្លួន​​លោក ហៃ ស៊ិន ពាក់​ព័ន្ធ​នឹង​ការ​​ព្យាយាម​លក់​ដី​រដ្ឋ​ ពីព្រោះ​គាត់​ចង់​លក់​ដី​រដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន”។

លោក​បាន​បន្ថែម​ថា “​គាត់​បាន​ចុះ​ហត្ថលេខា​​លើ​ឯកសារសម្រាប់បញ្ហាដីធ្លី​​ ហើយ​​​គាត់​មិន​ដែល​អនុញ្ញាត​​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​​ដឹង​ថា​ គាត់​ទទួល​បាន​ប្រាក់​ប៉ុន្មាន​ចំពោះ​ការ​ចុះ​ហត្ថលេខា​ចន្លោះ​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៥នោះឡើយ​”។

ទោះ​យ៉ាង​ណា​ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៅ ACU ដែល​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ ពីព្រោះ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ ​បាន​មាន​ប្រសាសន៍​ថា លោក ហៃ ស៊ិន ​បាន​ទាម​ទារ​កម្រៃ​ខ្ពស់​ក្នុង​ការ​ចុះ​ហត្ថលេខា​​លើ​ឯកសារ​លក់​ដី​។

ដោយ​សំដៅ​​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ​ លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ចាប់​ខ្លួន​​មេឃុំ​រូប​នេះ​​ខណៈ​ដែល​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​យក​លុយ​ពី​ស្ត្រី​ម្នាក់​”។

លោក​បាន​មាន​ប្រសាសន៍​ថា “​ស្ត្រី​រូប​នោះ​បាន​​ប្រគល់​ប្រាក់​ចំនួន​៣.០០០​ដុល្លារ​ដល់​មេឃុំ​រូប​នោះ ប៉ុន្តែ​គាត់​បាន​ទាម​ទារ​៥.០០០​ដុល្លារ​។ នោះ​ជាមូលហេតុ​ដែល​ស្ត្រី​រូប​នោះ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ ACU ចោទ​ប្រកាន់​គាត់​ពី​បទ​គំរាម​ទារ​ប្រាក់​”។

មន្ត្រី​​ ACU រូប​នេះ​បាន​លើក​ឡើង​ថា លោក​មិន​ស្គាល់​ឈ្មោះ​ស្ត្រី​រូប​នោះ ឬ​តួនាទី​របស់​គាត់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​​ទេ ប៉ុន្តែ​ការ​ស៊ើបអង្កេត​បង្ហាញ​ថា លោក ហៃ ស៊ិន តែង​តែ​ទាមទារ​ប្រាក់​បន្ថែម​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ករណី​នេះ​កើត​ឡើង​ប្រហែល​៥ខែ​មក​ហើយ ហើយ​យើង​រក​ឃើញ​ថា ​លោក ហៃ ស៊ិន ពិតជាបាន​​យក​ប្រាក់​​ដូច​​ការ​ចោទ​ប្រកាន់​​​មែន បន្ទាប់ពី​យើងបាន​ស៊ើបអង្កេត​លើ​ពាក្យ​បណ្ដឹងផ្សេង​​ទៀត​ពី​ប្រជាពល​រដ្ឋ​”។

លោក តាំង ស៊ុនឡាយ ប្រធាន​សាលា​ដំបូង​រាជធានី​​ភ្នំពេញ បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ម្សិលមិញ​ថា លោក ហៃ ស៊ិន បាន​មក​ដល់​​តុលាការ​ហើយ ហើយ​កំពុង​ត្រូវ​បាន​សាក​សួរ​ដោយ​ចៅក្រម​ស៊ើបសួរ​៕ សារុន​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស