កាលពីម្សិលមិញ ប្រធាននាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានអំពាវនាវឲ្យអភិបាលនិងស្នងការនគរបាលខេត្តជួយគ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់ ខណៈចំនួននៃជនអន្តោប្រវេសន៍ជនជាតិវៀតណាមបានកើនឡើងទ្វេដងក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។
ពេលថ្លែងនៅឯកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍នៅក្រសួងមហាផ្ទៃ លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងថា ចំនួននៃជនអន្តោប្រវេសន៍ជនជាតិវៀតណាមនៅកម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០០៩មក។
ឧត្តមសេនីយ៍ សុខ ផល បានមានប្រសាសន៍ថា “ជំរឿនលើជនជាតិវៀតណាមចាប់ពីឆ្នាំ២០០២រហូតដល់ឆ្នាំ២០០៩បានរកឃើញថា មាន[ជនអន្តោប្រវេសន៍] ជនជាតិវៀតណាមចំនួន៧០.០០០នាក់ រស់នៅកម្ពុជា។ [ជំរឿន] ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៤បានរកឃើញជាង១៦០.០០០នាក់”។
ឧត្តមសេនីយ៍ សុខ ផល បានលើកឡើងទៀតថា កាលពីឆ្នាំ២០១៤ នាយកដ្ឋានអន្តោប្រវេសន៍ដែលត្រូវបានបង្កើតឡើងកាលពីខែមករាឆ្នាំមុន បន្ទាប់ពីត្រូវបានកាត់ចេញពីនគរបាលជាតិបានរកឃើញជនជាតិវៀតណាមចំនួន១.៨០០នាក់ដែលគ្មានឯកសារត្រឹមត្រូវ។
លោកបានបន្ថែមថា នៅក្នុងឆ្នាំដដែលនោះនាយកដ្ឋាននេះបាននិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១.៥០០នាក់ដែលភាគច្រើនជាជនជាតិវៀតណាម ហើយមានជនអន្តោប្រវេសន៍បន្ថែមទៀតត្រូវបាននិរទេសនៅក្នុងឆ្នាំនេះ។
លោកបានមានប្រសាសន៍ថា “នៅក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំ២០១៥ យើងបាននិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១.២០០នាក់ក្នុងនោះ៩៨ភាគរយជាជនជាតិវៀតណាម”។
អំឡុងកិច្ចប្រជុំនៅឯក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ សុខ ផល បានលើកឡើងថា នាយកដ្ឋានរបស់លោកត្រូវការជំនួយក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់ជាពិសេសជនជាតិវៀតណាម។
លោកបានមានប្រសាសន៍ថា “សូម អភិបាលនិងស្នងការនគរបាលខេត្តទាំងអស់នៅទូទាំងប្រទេសជួយត្រួតពិនិត្យជនអន្តោប្រវេសន៍ដែលធ្វើការនៅក្នុងប្រទេស ទាំងស្របច្បាប់ និងខុសច្បាប់។ យើងចង់ធានាឲ្យបាននូវច្បាប់អន្តោប្រវេសន៍នៅក្នុងប្រទេសរបស់យើង”។
ឧត្តមសេនីយ៍ សុខ ផល បានបន្ថែមទៀតថា មានតែជនជាតិវៀតណាមប្រហែល២០ទៅ៣០ភាគរយប៉ុណ្ណោះដែលឆ្លងកាត់តាមរយៈច្រកព្រំដែនអន្តរជាតិផ្លូវការ ប៉ុន្តែ លោកមិនបានប្រាប់ឲ្យដឹងថា តើអ្នកផ្សេងៗទៀតចូលមកក្នុងប្រទេសតាមរបៀបណាឡើយ។
លោកបានមានប្រសាសន៍ថា “ជនអន្តោប្រវេសន៍ជាច្រើនទាំងនេះដែលធ្វើការនៅក្នុងប្រទេសកម្ពុជាគ្មានឯកសារឡើយ ជាពិសេសនៅតាមរោងចក្រ”។
លោក ផាត សារ៉ាត់ ប្រធានច្រកព្រំដែនអន្តរជាតិបាវិតនៅក្នុងខេត្តស្វាយរៀងដែលជាច្រកព្រំដែនផ្លូវការធំបំផុតជាប់ព្រំដែនប្រទេសវៀតណាមនោះបានលើកឡើងថា ជនជាតិវៀតណាមជាច្រើនបានឆ្លងកាត់តាមច្រកព្រំដែននេះ ប៉ុន្តែ ភាគច្រើនជាភ្ញៀវទេសចរ។
លោកបានមានប្រសាសន៍ថា “ជនអន្តោប្រវេសន៍ជនជាតិវៀតណាមភាគច្រើនមិនមកឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិយើងឡើយ។ ពួកគេឆ្លងកាត់តាមច្រករបៀងព្រំដែន”។
ច្រករបៀងព្រំដែនមួយចំនួននៅកម្ពុជាអាចត្រូវបានប្រើប្រាស់ជាផ្លូវការដោយនគរបាល និងយោធាតែប៉ុណ្ណោះ ប៉ុន្តែ អ្នកភូមិមូលដ្ឋាន និងពលករចំណាកស្រុកជារើយៗតែងតែត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់។
លោក ហ៊ូ សាគុណ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែននៃក្រសួងមហាផ្ទៃបានលើកឡើងថា លោកត្រូវបានថ្នាក់លើបញ្ជាឲ្យបង្ក្រាបតាមច្រករបៀងទាំងនេះ។
លោកបានមានប្រសាសន៍ថា “ប៉ុន្តែ វាលំបាកក្នុងការបញ្ឈប់ក្រុមតូចៗដែលព្យាយាមឆ្លងកាត់តាមច្រករបៀង”។ លោកបានបន្ថែមថា នាយកដ្ឋានរបស់លោកបានល្បាតតាមច្រករបៀងទាំងនេះ ប៉ុន្តែ ពំុមានលទ្ធភាពឃ្លាំមើលពួកគេជាប់លាប់រហូតនោះឡើយ។
លោកបានមានប្រសាសន៍ថា “សម្រាប់រយៈពេលប្រាំមួយនៃរដូវវស្សា យើងគ្មានលទ្ធភាពឡើយ”។
កាលពីខែសីហាឆ្នាំមុន នាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសឲ្យមានការធ្វើជំរឿនថ្មីលើជនអន្តោប្រវេសន៍ និងជំរុញឲ្យមានការអនុវត្តច្បាប់យ៉ាងតឹងរឹុង ដោយតម្រូវឲ្យជនបរទេសត្រូវមានប័ណ្ណការងារ។
កាលពីខែឧសភា ឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានផ្នែកស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅក្រសួងមហាផ្ទៃបានលើកឡើងថា ជនបរទេសចំនួន១.៨៧៣នាក់មកពីប្រទេសចំនួន៣៦ត្រូវបាននិរទេសចាប់តាំងពីការធ្វើជំរឿនបានចាប់ផ្តើមមក។
កាលពីម្សិលមិញឧត្តមសេនីយ៍ទោរូបនេះបានលើកឡើងថា នាយកដ្ឋានរបស់លោកមិនមែនផ្តោតតែទៅលើជនជាតិវៀតណាមនោះឡើយ។
លោកបានមានប្រសាសន៍ថា “នៅពេលយើងបន្តប្រតិបត្តិការ យើងឃើញមានជនជាតិវៀតណាមជាច្រើន ព្រោះពួកគេនៅជាក្រុមៗ។ ប៉ុន្តែ យើងផ្តោតលើជនបរទេសទាំងអស់”៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Chris Mueller)