41.3 C
Phnom Penh

របាយការណ៍អង្គការ​​​សហប្រជាជាតិ​​​លើក​​​ឡើង​​​ថា ការ​​​បន្ទោរបង់​​​ពាសវាល​​​ពាស​​​កាល​​​នៅ​​​កម្ពុជា​​​ថយ​​​ចុះ​​​យ៉ាង​​​ច្រើន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​របាយការណ៍​​​ថ្មី​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អត្រា​​​បន្ទោ​​​របង់​​​​​​ពាសវាល​​​ពាសកាល​​​នៅ​​​កម្ពុជា​​​បាន​​​ថយ​​​ចុះ​​​​​​៤២​​​ភាគរយ​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​១៩៩០​​​មក​​​ ប៉ុន្តែ ការ​​​ទទួល​​​បាន​​​អនាម័យ​​​ដ៏​​​ប្រសើរ​​​របស់​​​អ្នក​​​ក្រី​​​ក្រ​​​រស់​​​នៅ​​​​​​ក្នុង​​​តំបន់​​​ក្រុង​​​​​​នៅ​​​តែមាន​​​កម្រិត​​​នៅ​​​ឡើយ​​​។

របាយការណ៍​​​​​​មាន​​​ចំណង​​​ជើង​​​ថា “ការរីក​​​ចម្រើន​​​ផ្នែក​​​អនាម័យ​​​ និង​​​ទឹក​​​ស្អាត” ដែល​​​ចេញ​​​ដោយ​​​អង្គការ​​​​​​ Unicef  និង​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​កាល​​​ពី​​​ម្សិលមិញ បាន​​​ដាក់​​​ចំណាត់​​​ថ្នាក់​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​លំដាប់​​​ទី​​​៣​​​​​​នៅ​​​ក្នុង​​​បញ្ជី​​​នៃ​​​ប្រទេស​​​ដែល​​​បាន​​​កាត់​​​បន្ថយ​​​អត្រា​​​បន្ទោ​​​របង់​​​​​​ពាសវាល​​​ពាសកាល​​​យ៉ាង​​​តិច​​​២៥​​​ភាគ​​​រយ។

យោង​​​តាម​​​របាយ​​​ការណ៍​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា  អត្រា​​​បន្ទោរបង់​​​ពាសវាល​​​ពាស​​​កាល​​​នៅ​​​កម្ពុជា​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​ គឺ​​​បាន​​​ថយ​​​ចុះ​​​​​​មក​​​នៅ​​​ត្រឹម​​​៤៧​​​ភាគរយ ពោល​​​​​​គឺ​​​បាន​​​ថយ​​​ចុះ​​​ពី​​​៨៩ភាគ​​​រយ​​​ក្នុង​​​រយៈ​​​ពេល​​​១៥​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ ។ ហើយ​​​អត្រា​​​បន្ទោរបង់​​​ពាសវាល​​​ពាស​​​កាល​​​ក្នុង​​​តំបន់​​​​​ក្រុង​​​​​​នៅ​​​កម្ពុជា​​​​​​បាន​​​ថយ​​​ចុះ​​​មក​​​ដល់​​​សូន្យ​​​ភាគ​​​រយ​​​​​​​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​ បើ​​​​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​១៩៩០​​​ដែល​​​មាន​​​៦៥​​​ភាគ​​​រយ​​​នោះ​​​ រីឯ​​​នៅតាម​​​ទី​​​ជន​​​បទ​​​វិញ​​​ឥឡូវ​​​នេះ​​​ធ្លាក់​​​មក​​​នៅ​​​​​​ត្រឹម​​​៦០​​​ភាគ​​​រយ​​​ពោល​​​គឺ​​​បាន​​​ថយ​​​ចុះ​​​ពី​​​៩៤​​​ភាគ​​​រយ​​​។

​​​ទោះ​​​បី​​​ជា មាន​​​ការរីក​​​ចម្រើន​​​បែប​​​នេះ​​​ក្តី​​​ តែ​​​របាយការណ៍​​​នេះ​​​បាន​​​បង្ហាញ​​​ឲ្យឃើញ​​​ពី​​​គម្លាត​​​យ៉ាង​​​ឆ្ងាយ​​​រវាង​​​អ្នកមាន​​​ និង​​​អ្នក​​​ក្រី​​​ក្រ​​​នៅ​​​កម្ពុជា​​​​​​ដោយ​​​អ្នក​​​ក្រី​​​ក្រ​​​នៅ​​​តំបន់​​​ក្រុង​​​ដែល​​​ទទួល​​​​​​អនាម័យ​​​ដ៏​​​ប្រសើរ​​​មាន​​​ត្រឹម​​​​​​តែ​​​៣៦​​​ភាគរយ​​​ប៉ុណ្ណោះ​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១២ បើ​​​ធៀប​​​នឹង​​​អ្នក​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ធូរធារ​​​វិញ​​​ គឺ​​​ទទួល​​​បាន​​​១០០ភាគ​​​រយ។

យោង​​​តាម​​​របាយការណ៍​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ទៀត​​​ថា ប្រទេស​​​ជិត​​​ខាង​​​កម្ពុជា​​​ គឺ​​​មាន​​​ភាព​​​ប្រសើរ​​​​​​ជាង​​​ឆ្ងាយ​​​ណាស់​​​។  ប្រទេស​​​​​​ថៃ​​​បាន​​​លប់​​​បំបាត់​​​​​​ភាព​​​មិន​​​ស្មើ​​​ភាព​​​គ្នា​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​អនាម័យ​​​​​​ដ៏​​​ប្រសើរ​​​នៅក្នុង​​​តំបន់​​​ក្រុង​​​បាន​​​ទាំង​​​ស្រុង​​​​​​ រីឯនៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម និង​​​ប្រទេស​​​ឡាវ​​​វិញ​​​​​​ អ្នក​​​ក្រីក្រ​​​នៅក្នុង​​​តំបន់​​​ក្រុង​​​ដែលទទួល​​​បាន​​​អនាម័យ​​​ដ៏​​​ល្អប្រសើរ​​​គឺ​​​មាន​​​៦៣​​​ភាគ​​​រយ និង​​​៥៦ភាគ​​​រយ៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស