38 C
Phnom Penh

ទាហាន​ខេត្ត​ក្រចេះ​​​​​ភ្ជង់​​កាំភ្លើង​ដាក់​ទាហាន​ខេត្ត​មណ្ឌលគិរី​ ដើម្បី​រំដោះ​ជន​ជាតិ​វៀតណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​យោធា​មួយ​រូប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ទាហាន​កង​យោធពល​ខេមរភូមិន្ទ​មួយ​ក្រុម​​​បាន​ភ្ជង់​កាណុង​កាំភ្លើង​ដាក់​​ទាហាន​ដូច​គ្នា​កាលពី​យប់​ថ្ងៃ​អង្គារ ដោយ​​ក្រុម​ទាហាន​មក​ពី​ខេត្ត​ក្រចេះ​​បាន​​ឡោម​ព័ទ្ធ​​​​​ក្រុម​ទាហាន​​មក​ពី​ខេត្ត​មណ្ឌលគិរី ដើម្បី​រំដោះ​បុរស​វៀតណាម​មួយ​ក្រុម ដែល​​ត្រូវ​បាន​ឃាត់​ខ្លួន​តាម​ការ​សង្ស័យ​ពីបទ​កាប់​ឈើ​​ខុស​ច្បាប់​។

ខណៈ​ពេល​ទាហាន​មក​ពី​​វរៈ១ ​ក្នុង​ខេត្ត​មណ្ឌលគិរី​កំពុង​រង់ចាំ​​​អ្នក​បក​ប្រែ​​​ភាសា​នៅ​លើ​ចិញ្ចើម​ផ្លូវ​ បន្ទាប់ពី​ចាប់​ខ្លួន​បុរស​វៀតណាម​បួន​នាក់​​​​​នៅ​ក្នុង​ស្រុក​កែវសីមាខេត្ត​នេះ ​​ស្រាប់​តែ​ទាហាន​មក​ពី​ខេត្ត​ក្រចេះ​​​បាន​បង្ហាញ​មុខ​ ហើយ​ឡោមព័ទ្ធ​ពួកគេ​តែ​ម្ដង​ នេះ​បើ​យោង​តាមការ​​អះអាង​​​របស់​លោក ថន ម៉េងស្រា៊ មេបញ្ជាការ​យោធា​វរៈ១​។

លោក ថន ម៉េងស្រា៊ បានមាន​ប្រសាសន៍​ថា ​​”​ទាហាន​មួយ​ក្រុម​បាន​ភ្ជង់​អាកា៤៧​ដាក់​​ទាហាន​ប្រាំ​នាក់​របស់​ខ្ញុំ រំដោះ​​យក​ជន​ជាតិ​វៀតណាម​ទៅ​​បាត់”។ លោក​បាន​លើក​ឡើង​បន្ថែម​ថា លោក​បាន​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​​បាត់​ទៅ​ហើយ​មុន​ពេល​ទាហាន​ទុច្ចរិត​ទាំង​នេះ​ទៅ​ដល់​ទីនោះ​នៅ​វេលា​ម៉ោង​ប្រហែល​៩និង​៣០​នាទី​យប់។

វរសេនីយ៍​ទោរូប​នេះ​បាន​មាន​ប្រសាសន៍​ថា បន្ទាប់ពី​ទទួល​បាន​​ការ​​​​ហៅ​ទូរស័ព្ទ​​​ដើម្បី​ជូន​ដំណឹង​អំពី​ហេតុការណ៍​នេះ លោក​បាន​បញ្ជូន​ទាហាន​បន្ថែម​ទៀត​ទៅ​កាន់​កន្លែង​កើត​ហេតុ​ភ្លាមៗ ប៉ុន្តែ​ទាហាន​មក​ពី​ខេត្ត​ក្រចេះ​ និង​បុរស​​វៀតណាម​ទាំង​នោះ​បាន​​គេច​ខ្លួន​បាត់​អស់​ទៅ​ហើយ។ “​ខ្ញុំ​បាន​រាយការណ៍​អំពី​ហេតុការណ៍​នេះ​ទៅ​ថ្នាក់​លើ ហើយ​យើង​​គួរ​តែ​​ទុក​ឲ្យ​ថ្នាក់​លើ​ចាត់​ចែង​រឿង​នេះ ពីព្រោះ​ទាហាន​មក​ពី​ខេត្ត​ក្រចេះ​ ការ​ពារ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់”។

មេបញ្ជាការ​រូប​នេះ​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា លោក​​និង​ទាហាន​ប្រាំ​នាក់​ទៀត​មក​ពី​វរៈ​១​របស់​លោក​​បាន​ឃាត់​ខ្លួន​បុរស​វៀតណាម​ទាំង​នោះ​ល្ងាច​ថ្ងៃ​នោះ​​ ខណៈ​ពេល​ពួកគេ​​ជិះ​រថយន្ត​ធុនធំ​ពីរ​គ្រឿង​កាត់​តាម​ឃុំ​ស្រែព្រះ ជា​ចំណុច​កាប់​ឈើ​ខុស​ច្បាប់​ដែល​​ជាប់​ព្រំប្រទល់​ស្រុក​ស្នួល ខេត្ត​ក្រចេះ​ឆ្ពោះ​​ទៅ​ភាគ​ខាង​ត្បូង។

លោក មាស ភាព ​មេបញ្ជាការ​កង​វរសេនា​ធំ​លេខ​២០៤ ដែល​ឈរ​ជើង​នៅ​ក្នុង​ស្រុក​ស្នួល បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​​ទេ​ជុំវិញ​​ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​អង្គារ​នេះ​។

ទោះ​ជា​យ៉ាង​ណា ឧត្ដម​សេនីយ៍​ត្រី​ ណៃ តឹងឡឹង មេបញ្ជាការ​​កង​យោធពល​ខេមរភូមិន្ទ​ខេត្ត​ក្រចេះ ​បាន​​​រៀបរាប់​ខុស​ពី​នេះ​ស្រឡះ ដោយ​លោក​​លើក​ឡើង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​ដោយ​សារ​តែ​ទាហាន​មក​ពី​ខេត្ត​មណ្ឌលគិរី​​ឈាន​ជើង​ចូល​ក្នុង​ខេត្ត​របស់​លោក​​ បណ្ដាល​ឲ្យ​ទាហាន​របស់​លោក​ដក​ហូត​អាវុធ​របស់​ពួកគេ​​យក​ទៅ​រក្សា​ទុក​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​មាន​សិទ្ធិ​ដក​ហូត​កាំភ្លើង​របស់​ទាហាន​ទាំង​ប្រាំ​នាក់​មកពី​ខេត្ត​មណ្ឌល​គិរី ពីព្រោះ​​ពួកគេ​បាន​ចូល​ក្នុង​ទឹក​ដី​ខេត្ត​ក្រចេះ។ យើង​បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​បួន​នាក់​ ប៉ុន្តែ​យើង​បាន​​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​​ស្រុក​​វិញ​ហើយ​”។

លោក​បានមាន​ប្រសាសន៍​ទៀត​ថា ជន​ជាតិ​វៀតណាម​ទាំង​នោះ ​បាន​ឆ្លង​ដែន​​​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​ដើម្បី​កាប់​ឈើ​ប្រណីត ហើយ​ត្រូវ​បាន​​រំដោះ​ចេញពី​​ដៃ​ទាហាន​ខេត្ត​មណ្ឌលគិរី និង​​បញ្ជូន​ត្រឡប់ទៅ​​ស្រុក​វិញ​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ ពីព្រោះ​យោធា​ខេត្ត​ក្រចេះ​មាន​ “​កិច្ច​ព្រមព្រៀង​​” ជាមួយ​​ខេត្ត​ប៊ិញហ្វុក (Binh Phuoc) ​ប្រទេស​វៀតណាម​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​​ទាំង​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ។

ឧត្ដម​សេនីយ៍​ត្រី ណៃ តឹងឡឹង បានបន្ត​ថា លោក​បាន​​ “​សម្រុះសម្រួល​” ជាមួយ​មន្ត្រី​យោធា​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​នៅ​ពេល​នោះ​​ ហើយ​បាន​ប្រគល់​អាវុធ​​ដែល​ដក​ហូត​​ទុក​​ឲ្យ​ទៅ​ពួកគេ​វិញ​ហើយ​។

លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ទេ​ជុំវិញ​ហេតុការណ៍​នេះ។ ចំណែក​ឯ​លោក ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ គឺ​មិន​អាច​ទាក់​ទង​បាន​តែ​ម្ដង។

​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ តំបន់​ដែល​ទឹក​ដី​ខេត្ត​មណ្ឌល​គិរី​ ខេត្ត​ក្រចេះ និង​វៀតណាម​ជួប​ប្រសព្វ​គ្នា ដែល​រួម​មាន​ទាំង​ព្រៃ​ការ​ពារ​សីមាផង​នោះ​ បាន​ក្លាយ​​ជា​ចំណុច​​ប៉ះទង្គិច​គ្នា​​ដ៏​ក្រៅ​គគុក​រវាង​ក្រុម​កាប់​ឈើ​ និង​កង​កម្លាំង​សន្តិសុខ​។

ពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោក ឈិត ម៉េងស្រេង មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ខេត្ត​មណ្ឌលគិរី​ បាន​មាន​ប្រសាសន៍​ថា យោធា​ខេត្ត​ក្រចេះ​គឺ​ជា​អ្នក​ជាប់​ពាក់​ព័ន្ធ​ដ៏​សំខាន់​នៅ​ក្នុង​​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​។

លោក​មាន​ប្រសាសន៍​ថា “​អ្នក​ទាំង​នោះ​​ការ​ការ​ពារ​​ជនជាតិ​វៀតណាម ដើម្បី​ឲ្យ​ពួកគេ​​កាប់​ឈើ​​ក្នុង​ទឹក​ដី​ខ្មែរ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​និយាយ​អំពី​ករណី​នេះ​ទេ ពីព្រោះ​​ពួកគេ​​មិន​​ធ្វើ​សកម្មភាព​​ [នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី]”។

ឧត្ដម​សេនីយ៍​ត្រី ឈិត ម៉េងស្រេង ផ្ទាល់​​ធ្លាប់​ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​កាល​ពី​ខែកុម្ភៈ​ឆ្នាំ​មុន នៅ​ពេល​យោធា និង​នគរ​បាល​ខេត្ត​បាន​ឆ្មក់​​ចូល​ឆែក​ឆេរ​គេហដ្ឋាន​ និង​ចម្ការ​កៅស៊ូ​របស់​​លោក​ និង​​រក​ឃើញ​ឈើ​ប្រណីត​ជាង​៥០​ដុំ​។

ទោះ​ជាយ៉ាង​ណា ​​មួយ​សប្ដាហ៍​ក្រោយមក​ ​ដោយ​មន្ត្រី​មាន​សមត្ថកិច្ច​ហាក់​ដូច​ជា​ស្ទាក់​ស្ទើរ​​​ក្នុង​ការ​ចោទ​ប្រកាន់​​មន្ត្រី​យោធា​ជាន់​ខ្ពស់រូប​នេះ​ ករណី​នេះ​ក៏​ត្រូវ​បាន​បិទ​បញ្ចប់​។ លោក ឈិត ម៉េងស្រេង បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា “​ករណី​នេះ​ចប់​ហើយ ពីព្រោះ​នៅ​ពេល​ខ្ញុំ​គំរាម​ប្ដឹង​ អាជ្ញាធរ​ដែល​​ជាប់​ពាក់​ព័ន្ធ​​បាន​សូម​​ទោស​ខ្ញុំ”៕ សុខុម​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស