32 C
Phnom Penh

កម្មករ​​​រាប់​​​សិប​​​នាក់​​​បន្ថែម​​​ទៀត​​​ដួល​​​សន្លប់​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ចំនួន​​​បី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​ជាង​​​៩០នាក់​​​បាន​​​ដួល​​​សន្លប់​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ចំនួន​​​បី​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ ខេត្ត​​​តាកែវ និង​​​ខេត្ត​​​កណ្តាល​​​ កាល​​​ពីម្សិលមិញ ​​​ដោយ​​​ធ្វើ​​​ឲ្យ​​​តួលេខ​​​សរុប​​​នៃកម្មករ​​​ដែល​​​ដួល​​​សន្លប់​​​ក្នុង​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​កន្លង​​​មក​​​នេះ​​​​​​បាន​​​កើន​​​ឡើង​​​ដល់​​​២៧៤​​​នាក់​​​។

យោង​​​តាម​​​លោក​​​ ឡាយ​​​ សុខា អភិបាល​​​ស្រុក​​​បាទី​​​បាន​​​ឲ្យដ​​​ឹង​​​ថា នៅម៉ោង​​​ប្រហែល​​​២និង​​​៣០​​​នាទី​​​រសៀល​​​ កម្មការិនី​​​ចំនួន​​​៦៨​​​នាក់​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ Vonammy ក្នុង​​​ស្រុក​​​បាទី​​​ ខេត្ត​​​តាកែវ​​​ បាន​​​ដួល​​​សន្លប់​​​ បន្ទាប់​​​ពី​​​​​​ឈប់​​​​​​សម្រាក​​​ពី​​​ការ​​​ងារ​​​​​​ដើម្បី​​​ទទួល​​​ទាន​​​​​​​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​។

លោក សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “កម្មករ​​​​​​បាន​​​ចាប់​​​ផ្ដើម​​​ក្អួត​​​ចង្អោរ​​​ និង​​​ដួល​​​សន្លប់​​​ម្តង​​​ម្នាក់​​​ៗ​​​។ យើង​​​មិន​​​ដឹង​​​ថា តើ​​​ការ​​​ដួល​​​សន្លប់​​​នេះ​​​បណ្ដាល​​​មក​​​ពី​​​មូល​​​ហេតុ​​​អ្វី​​​ឡើយ​​​ ហើយ​​​យើង​​​បាន​​​ទុក​​​ឲ្យ​​​អ្នក​​​ជំនាញ​​​សើុប​​​អង្កេត​​​”។

លោក ជាវ ប៊ុនរិទ្ធ អ្នក​​​នាំពាក្យ​​​បេឡា​​​ជាតិ​​​របប​​​សន្តិសុខ​​​សង្គម​​​​​​នៅ​​​ក្រសួង​​​ការ​​​ងារ​​​​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​ដែល​​​ដួល​​​សន្លប់​​​ទាំង​​​នេះ​​​បាន​​​​​​បរិភោគ​​​​​​ផ្អក​​​កំពឹស។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ហេតុ​​​ផល​​​គឺ​​​ថា កម្មករ​​​មួយ​​​ចំនួន​​​បាន​​​នាំ​​​គ្នា​​​ទិញ​​​ផ្អក​​​កំពឹស​​​តូច​​​ៗ​​​មក​​​បរិភោគ​​​សម្រាប់​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​ ហើយ​​​មាន​​​អាការៈ​​​ដូច​​​ជា ឈឺក្បាល​​​ និង​​​វិល​​​មុខ ដែល​​​ជា​​​ហេតុ​​​​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ដួល​​​សន្លប់​​​”។

នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ កម្មករ​​​ចំនួន​​​១៩​​​នាក់​​​បាន​​​ដួល​​​សន្លប់​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ Quint Major Industrial ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ស្រុក​​​អង្គស្នួល​​​ ខេត្ត​​​កណ្តាល​​​ នៅ​​​វេលា​​​ម៉ោង​​​៩​​​ព្រឹក​​​ ហើយ​​​វា​​​ជា​​​ថ្ងៃ​​​ទី​​​៣​​​ហើយ​​​ដែល​​​កម្មករ​​​នៅក្នុង​​​រោង​​​ចក្រ​​​នេះ​​​បាន​​​ដួល​​​សន្លប់​​​នោះ​​​។ កម្មការិនី​​​សរុប​​​ចំនួន​​​​​​​​​៨៩​​​នាក់បាន​ដួល​សន្លប់​​នៅ​ក្នុង​រោង​ចក្រ​នេះ​កាល​ពី​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ។

លោក សៀង សុគន្ធ​​​ មេដឹក​នាំ​សហជីព​នៅ​ក្នុង​រោង​ចក្រ​នេះ​បាន​​លើក​ឡើង​ថា ការ​ដួល​សន្លប់​កើត​ឡើង​ដោយ​សារ​​ភាព​ភ័យ​ខ្លាច​ និង​សុខភាព​មិន​ល្អ​ក្នុង​ចំណោម​កម្មករ​។

លោក ប៊ុនរិទ្ធ បាន​លើក​​ឡើង​ទៀត​ថា ការ​ដួល​សន្លប់​ក្នុង​ចំនួន​យ៉ាង​ច្រើន​នៅ​តាម​រោង​​ចក្រ​ដែល​កើត​ឡើង​ជា​​​បន្ត​បន្ទាប់​គ្នា​ក្នុង​រយៈ​​​ពេល​​​​​​ប៉ុន្មាន​​​ថ្ងៃ​​​ជាប់​​​​​​ៗ​​​​​​គ្នា​​​​​​គឺ​ជា​រឿង​ធម្មតា​ទេ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​រឿង​​​ធម្មតា​​​ទេ​​​។ តាម​​​លក្ខណ​​​ៈ​​​បច្ចេកទេស​​​ ប្រសិន​​​បើ​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​មួយ​​​មាន​​​ហេតុការណ៍​​​ដួល​​​សន្លប់​​​នោះ ​​​វា​​​នឹង​​​មាន​​​ការ​​​ដួល​​​សន្លប់​​​ក្នុង​​​ចំនួន​​​តិច​​​តួច​​​បន្ថែម​​​ទៀត​​​នៅ​​​ថ្ងៃ​​​បន្ត​​​បន្ទាប់​​​មក​​​ទៀត​​​​​​​​​”។

ដើម្បី​​​ជៀស​​​វាង​​​ការ​​​ដួល​​​សន្លប់​​​បន្ត​​​ទៀត​​​នោះ​​​ បេឡា​​​ជាតិ​​​របប​​​សន្តិសុខ​​​សង្គម​​​បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ទៅ​​​ឲ្យ​​​រោង​​​ចក្រ​​​ Quint Major Industrial កាល​​​ពី​​​ថ្ងៃ​​​អង្គារ ដោយ​​​ស្នើ​​​ឲ្យ​​​រោង​​​ចក្រ​​​នេះ​​​បើក​​​ប្រព័ន្ធ​​​ខ្យល់​​​របស់​​​ខ្លួន​​​ក្នុង​​​រយៈ​​​ពេល​​​៣០​​​នាទី​​​ មុន​​​ពេល​​​កម្មករ​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​តាម​​​វេន​​​របស់​​​ខ្លួន​​​។

នៅ​​​ក្នុង​​​ករណីទី​​​៣​​​កាល​​​ពី​​​ម្សិលមិញ កម្មករ​​​ចំនួន​​​បី​​​នាក់​​​បាន​​​ដួល​​​សន្លប់​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ M&V International Manufacturing ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ នេះ​​​បើ​​​យោង​​​តាម​​​លោកស្រី នួន សំអុល តំណាង​​​សហជីព​​​សេរី​​​កម្មករ​​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កម្មករ​​​ដែល​​​ដួល​​​សន្លប់​​​មាន​​​កម្រិត​​​ជាតិ​​​ស្ករ​​​ និង​​​កាល់​ស្យូម​​​ទាប​​​ជាង​​​ធម្មតា​​​”៕ស៊ុយឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស