កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមប្រារព្ធទិវាមច្ឆជាតិ ដោយជំរុញឲ្យជនរួមជាតិចិញ្ចឹមត្រីឲ្យបានកាន់តែច្រើនដើម្បីបំពេញបន្ថែមពីលើបរិមាណត្រីធម្មជាតិដែលកំពុងធ្លាក់ចុះ ហើយលោកថែមទាំងបានស្នើឲ្យម្ចាស់រណ្ដៅដីប្រែក្លាយរណ្ដៅទាំងនោះទៅជាកសិដ្ឋានចិញ្ចឹមត្រីទៀតផង។
លោកបានមានប្រសាសន៍ថា “បើយើងពឹងផ្អែកតែទៅលើផលត្រីដែលមាននៅតាមទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេបឹងបួដទៃទៀតដែលជាទន្លេធម្មជាតិនោះ វាមិនគ្រប់គ្រាន់ទេ អីចឹងទាមទារឲ្យយើងចិញ្ចឹមត្រីបន្ថែមទៀត”។
លោកបានថ្លែងបែបនេះក្នុងពិធីលែងកូនត្រីប្រហែល១លានក្បាលចូលទៅក្នុងអាងទឹកខ្នាច ក្នុងខេត្តកំពង់ចាម។ លោកមានប្រសាសន៍ថា បរិមាណត្រីចិញ្ចឹមបានកើនឡើងលើសទ្វេដងកាលពីឆ្នាំមុនរហូតដល់ ៣០០.០០០ តោន ប៉ុន្តែលោកបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា អាចចិញ្ចឹមត្រីបានច្រើនជាងនេះទៅទៀត ដោយលើកយកប្រទេសវៀតណាម មកធ្វើជាឧទាហរណ៍។
លោកបានមានប្រសាសន៍ថា “ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យុង បានប្រាប់ខ្ញុំថា គ្រាន់តែត្រីឡាបយ៉ាដែលវៀតណាមចិញ្ច្ឹម ក្នុងមួយឆ្នាំនាំចេញបានជាង ២.០០០លានដុល្លារសហរដ្ឋអាមេរិក។ វៀតណាមគ្មានបឹងបួច្រើនដូចនៅកម្ពុជាទេ អត់មានទន្លេសាបទេ ក៏ប៉ុន្តែគេមានបច្ចេកវិទ្យាដើម្បីចិញ្ចឹមត្រី ហើយបាននាំចេញត្រីថែមទៀតផង”។
លោកបានបញ្ជាក់ថា បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណ៦៥.០០០គ្រួសារដែលចិញ្ចឹមត្រីនៅទូទាំងប្រទេស ហើយក្នុងនោះក៏មានរូបលោកដែរ។ លោកមានប្រសាសន៍ថា “សូម្បីតែខ្ញុំ គឺចិញ្ចឹមត្រីដែរ។ ឥឡូវសួរថា បន្ទាប់ពីលោកឯងចូលនិវត្តទៅ រកស៊ីអី? ចិញ្ចឹមត្រី”។
លោកនាយករដ្ឋមន្ត្រីថែមទាំងបានជំរុញឲ្យអ្នកដែលមានរណ្ដៅដី ប្រែក្លាយរណ្ដៅទាំងនោះឲ្យមានប្រយោជន៍ទៀតផង។សំដៅដល់ហេតុការណ៍គ្រោះថា្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយនៅជាយរាជធានីភ្នំពេញ ដែលបានផ្តាច់ជីវិតមន្ត្រីយោធាចំនួនបួនរូប លោកបានថ្លែងថា
“នៅក្បែរទីក្រុងភ្នំពេញ និងទីរួមខេត្តមួយចំនួន មានការជីកដី អាជីកដីនោះ ជីករួចហើយហាក់ដូចជាទុកចោលអារណ្ដៅហ្នឹង។ មានពេលមួយឧទ្ធម្ភាគចក្រហោះទៅធ្លាក់ក្នុងរណ្ដៅមួយ។ បើសិនជាម្ចាស់ដី គាត់ប្រែក្លាយអាហ្នឹងឲ្យទៅជាកន្លែងចិញ្ចឹមត្រីតែម្ដង វាមិនចំណេញជាង ព្រោះគាត់មិនអាចធ្វើអីបានទៀតទេ”។
លោក ឱម សាវ៉ាត ប្រធានអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា FACT ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានលើកឡើងថា ការចិញ្ចឹមត្រីគឺជាជម្រើសល្អបំផុតទី២បន្ទាប់ពីបរិមាណត្រីធម្មជាតិដែលមានការធ្លាក់ចុះ ហើយលោកបានបន្ទោសការធ្លាក់ចុះបរិមាណត្រីទៅលើការនេសាទខុសច្បាប់យ៉ាងរាលដាល ការអនុវត្តច្បាប់ធូររលង់ និងអំពើពុករលួយ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “យើងបានមើលឃើញថា ចំនួនត្រីធម្មជាតិធ្លាក់ចុះដោយសារការនេសាទខុសច្បាប់ ហើយអាជ្ញាធរមិនរឹតបន្តឹងការនេសាទ។ ការនេសាទខុសច្បាប់នៅតែកើតមាន ដោយសារតែមន្ត្រីអាក្រក់មួយចំនួនឃុបឃិតជាមួយជនល្មើស”៕ សុខុម