យោងតាមបុគ្គលិកម្នាក់បានឲ្យដឹងថា ផែនការរបស់លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុដ៏ពេញនិយម និងជាអ្នករិះគន់រដ្ឋាភិបាលម្នាក់ ក្នុងការបង្កើតគណបក្សនយោបាយនោះជិតបានសម្រេចហើយនៅសប្ដាហ៍នេះ នៅពេលក្រសួងមហាផ្ទៃបានផ្ដល់ភ្លើងខៀវដល់រូបលោកឲ្យដាក់ពាក្យសុំ។
លោក ហា៊ង រិទ្ធី ដែលសង្ឃឹមថា នឹងក្លាយជាអនុប្រធានគណបក្សនោះបានមានប្រសាសន៍ថា ក្រសួងបានទទួលស្គាល់ថា បានទទួលការដាក់ពាក្យសុំរបស់លោក ម៉ម សូណង់ដូ ដើម្បីបង្កើតគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលដាក់ឈ្មោះតាមស្ថានីយវិទ្យុរបស់លោក គឺវិទ្យុសម្បុកឃ្មុំ កាលពីថ្ងៃអង្គារ។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “ក្រសួងមហាផ្ទៃបានយល់ព្រមអនុញ្ញាតឲ្យយើងដាក់ពាក្យសុំបង្កើតគណបក្សហើយ ប៉ុន្តែយើងត្រូវដាក់ពាក្យដោយភ្ជាប់ជាមួយនូវឯកសារជាច្រើនទៀត។ ដើម្បីឲ្យមានសុពលភាព គណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រូវតែបំពេញបែបបទ និងលក្ខខណ្ឌដូចមានចែងនៅក្នុងជំពូកទី៥ មាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ”។
មាត្រានោះចែងពីលក្ខខណ្ឌ១១ចំណុចដែលគណបក្សបង្កើតឡើងថ្មីត្រូវដាក់បញ្ចូលនៅក្នុងពាក្យសុំនោះ រួមមានវិធាន លក្ខន្តិកៈ និងគោលនយោបាយ ព្រមទាំងឈ្មោះ និងស្នាមមេដៃសមាជិកយ៉ាងតិច៤.០០០នាក់។
លោក រិទ្ធី បានមានប្រសាសន៍ថា ពួកគេនឹងគ្មានបញ្ហាពីរឿងនោះឡើយ ហើយមានគម្រោងដាក់ឯកសារសំណុំបែបបទជាមួយក្រសួងមហាផ្ទៃនៅដំណាច់ខែនេះ។
លោកបានមានប្រសាសន៍ថា “គណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ មានធនធានមនុស្សគ្រប់គ្រាន់ និងមានប្រជាជនរាប់លាននាក់ទាំងក្នុង និងក្រៅប្រទេស”។
ជារឿយៗ បើទោះជាអ្នករិះគន់ខ្លាំងក្លាដល់គណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏លោក ម៉ម សូណង់ដូ បានលើកឡើងថា លោកចង់បង្កើតគណបក្សរបស់លោកផ្ទាល់ ពីព្រោះគណបក្សសង្គ្រោះជាតិកាន់តែមានភក្ដីភាពជាមួយរដ្ឋាភិបាល។
ក្រុមមន្ត្រីនៅក្រសួងមហាផ្ទៃមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ដែលសង្ឃឹមថា នឹងចូលប្រឡូកក្នុងវិស័យនយោបាយផងដែរនោះ លោក សម អុិន អតីតប្រធានអង្គការមិនមែនរដ្ឋាភិបាលមួយមានគម្រោងដាក់សំណើដំបូងរបស់លោកក្នុងការចុះបញ្ជីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (Grassroots Democracy Party)នៅដើមខែក្រោយផងដែរ។
លោក សម អុិន បានមានប្រសាសន៍ថា មហិច្ឆតានយោបាយរបស់លោកកើតចេញពីចលនាខ្មែរដើម្បីខ្មែរ ដែលបង្កើតឡើងកាលពីឆ្នាំមុនដោយលោក កែម ឡី អ្នកវិភាគនយោបាយម្នាក់ ដើម្បីជំរុញសកម្មភាពមូលដ្ឋាននៅទូទាំងប្រទេស។
លោកបានមានប្រសាសន៍ថា “យើងគោរពលទ្ធិប្រជាធិបតេយ្យ យើងគោរពមតិភាគច្រើន ហើយយើងមិនចាត់តាំងថ្នាក់ដឹកនាំដូចគណបក្សដទៃឡើយ”។
លោក កែម ឡី បានមានប្រសាសន៍ថា លោកបានផ្ដល់គំនិតឲ្យលោក សម អុិន បង្កើតគណបក្ស ប៉ុន្តែលោកនឹងមិនចូលរួមពាក់ព័ន្ធទេ ពីព្រោះលោកមិនមានមហិច្ឆតានយោបាយឡើយ៕ សារុន