27 C
Phnom Penh

សមាជិក​សភាប៉ះទង្គិច​ពាក្យសម្តី​គ្នា​ក្នុង​រដ្ឋសភា​ជុំវិញ​សិទ្ធិក្នុងការ​និយាយស្តី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឈាង វុន សមាជិក​សភាគណបក្ស​ប្រជាជន​កម្ពុជា​ ​និង​លោក អ៊ុំ សំអាន សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​​​បន្ទាប់ពី​កិច្ច​ប្រជុំ​​​​នៅ​រដ្ឋសភា​កាលពី​ម្សិល​មិញ ​ដោយ​លោក ឈាង វុន បដិសេធ​មិន​អនុញ្ញាត​ឲ្យ​លោក អ៊ុំ​ សំអាន និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាននៅ​ក្នុង​សភា​។

លោក ឈាង វុន ​អ្នក​នាំពាក្យ​រដ្ឋសភា​បាន​ប៉ះទង្គិច​​សម្តី​គ្នា​ជាមួយ​​លោក អ៊ុំ សំអាន ​ដែល​ឈរ​នៅ​ក្បែរ​លោក​ ខណៈ​ដែល​និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​កិច្ច​ប្រជុំ​អំពី​សេចក្ដី​ព្រាង​ច្បាប់អង្គការ​មិន​មែន​រដ្ឋាភិបាល ដោយ​​គំរាម​ឲ្យ​សន្តិសុខធ្វើ​​អន្តរាគមន៍​។

ដោយ​ព្រមានកម្ទេច​ម៉ាស៊ីន​ថត​​របស់​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ដែល​ព្យាយាម​​សម្ភាស​លោក អ៊ុំ សំអាន នោះ លោក ឈាង​ វុន បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​បាន​ប្រាប់​លោក​ហើយ​ថា គាត់​​មិន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​និយាយ​ទេ។ គាត់​ត្រូវ​សុំ​ការ​អនុញ្ញាត​ជាមុន​សិន។ តើ​លោក​យល់​ទេ?”។

លោក អ៊ុំ​ សំអាន បាន​និយាយ​ជំទាស់​។ ​លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​ជា​សមាជិក​សភា​​ខ្ញុំ​ក៏​មាន​សិទ្ធិ​និយាយ​ផង​ដែរ​”។

លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា “​អ្នក​មាន​សិទ្ធិ​និយាយ​ហើយ​ ប៉ុន្តែ​មិន​មែន​និយាយនៅ​​​​ក្នុង​រដ្ឋសភា​ទេ”។

លោក អ៊ុំ​ សំអាន បាន​ឆ្លើយ​តប​​ថា “​ប្រជាពល​រដ្ឋ​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​”។

លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា “​ដូច្នេះ​ទៅ​និយាយ​ជាមួយ​ប្រជាពល​រដ្ឋ​ទៅ​”។ ដោយ​លោក​បន្ថែម​ថា ​សភា​មាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​ហាម​ឃាត់​ការ​ធ្វើ​សន្និសីទ​កាសែត​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​។

លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា “​នៅ​ក្នុង​សភា​មាន​​បទបញ្ជាផ្ទៃ​ក្នុង​។ ហៅ​សន្តិសុខ​ឲ្យ​ខ្ញុំ​ ហើយ​សូម​ឲ្យ​ពួកគេ​ ទៅ ទៅ ទៅ”។

លោក អ៊ុំ សំអាន បាន​​លើក​ឡើង​ថា “​បទប្បញ្ញត្តិ​នេះ​មិន​មែន​នៅ​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុងទេ”។

លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា “​បទប្បញ្ញត្តិ​នេះ​នៅ​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​។ ប៉ុន្តែ​អ្នកមិនមើល”។

បន្ទាប់ពី​ថត​អំ​ពី​ការ​ប៉ះ​ទង្គិចសម្តី​គ្នាបាន​​ប្រហែល​​២នាទី អ្នក​យក​ព័ត៌មាន​បាន​បោះ​បង់​ការ​សម្ភាស​លោក អ៊ុំ សំអាន ហើយ​បាន​ចាក​ចេញ​ទៅ​ជាមួយ​អ្នក​កាសែត​មួយ​ចំនួន​ទៀត​ដែល​ថត​ហេតុការណ៍​នោះ​។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​​​​តាម​ទូរស័ព្ទ​បន្ទាប់ពី​ហេតុការណ៍កើតឡើង​នោះ​ លោក អ៊ុំ សំអាន បាន​មាន​ប្រសាសន៍​ថា ការ​ព្យាយាមរបស់​លោក​ ឈាង វុន​ ​រារាំង​រូប​លោក​មិន​ឲ្យ​និយាយ​នៅ​រដ្ឋសភានេះ​ ​​​​រំលោភ​សិទ្ធិ​របស់​លោក​តាម​រដ្ឋធម្មនុញ្ញ​​ក្នុង​នាម​ជា​សមាជិក​សភា ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ការ​តវ៉ា​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​មាន​គម្រោង​សុំ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​រៀបចំ​កិច្ច​ប្រជុំ​មួយ​ ស្ដី​បន្ទោស​ឯក​ឧត្ដម​ ឈាង វុន ចំពោះ​កំហុស​របស់​លោក​កាលពី​ព្រឹក​មិញ​នេះ ហើយ​​សុំ​ឲ្យ​លោក​​សូម​អភ័យ​ទោស​ចំពោះ​ការ​មើល​ងាយ​ និង​ការ​​រំលោភ​សិទ្ធិសមាជិក​សភា​”។

គេ​មិន​អាច​ទាក់​ទង​លោក​ ឈាង វុន ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ៕ សារុន​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស