34 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​ជំរុញ​រដ្ឋាភិបាល​ឲ្យ​មាន​សាមគ្គីភាព​ប្រឆាំង​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​កើត​ចេញ​ពី​ដំណែល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​វៀតណាម​គាំទ្រ​នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​យូរ​មក​ហើយ​ពី​សំណាក់​ក្រុម​ប្រឆាំង​ថា​បម្រើ​ចៅហ្វាយនាយ​ចាស់​របស់​ខ្លួន។

ការ​រិះគន់​មួយ​ក្នុង​ចំណោម​ការ​រិះគន់​ឥត​ឈប់​ឈរ​បំផុត​លើ​គណបក្ស​កាន់​អំណាច​នេះ​ជាច្រើន​ឆ្នាំ មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ធ្វើការ​តវ៉ា​របស់​ខ្លួន​ប្រឆាំង​ជ័យ​ជម្នះ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​អះអាង​ថា​មាន​បទ​បញ្ជា​ដាច់​ខាត​មក​ពី​វៀតណាម។

លោក សុខា បាន​មាន​ប្រសាសន៍​ទាក់ទិន​នឹង​លោក ហ៊ុន សែន នៅ​ឯ​កន្លែង​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១៣ ដោយ​ប្រើ​ពាក្យ​សំដៅ​ជនជាតិ​វៀតណាម ដែល​ច្រើនតែ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ពាក្យ​ប្រមាថ ថា “កម្ពុជា​ថា ‘ចុះ​ចេញ​ទៅ’។ យួន​ប្រាប់​គាត់​ឲ្យ​នៅ​បន្ត។ តើ​គាត់​នឹង​ជ្រើស​យក​នរណា?”។

ប៉ុន្តែ​មួយ​ឆ្នាំ​កន្លះ​ក្រោយ​មក គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រក​ឃើញ​ជោគជ័យ​កាន់តែ​ច្រើន​និង​មិន​ដែល​មាន​ពី​មុន​មក ក្នុង​ការ​បញ្ចុះ​បញ្ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​យុទ្ធនាការ​របស់​ខ្លួន ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​ការ​ទន្ទ្រាន​ព្រំដែន និង​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ពី​ប្រទេស​វៀតណាម គឺ​ជា​បញ្ហា​ដែល​គេ​មិន​អើពើ​យូរ​មក​ហើយ​ដែល​បក្ស​ប្រឆាំង​តែងតែ​លើក​ឡើង។

នៅ​ខែ​មុន លោក ហ៊ុន សែន ជា​អ្នក​និយាយ​ភាសា​វៀតណាម​រូ បាន​ជួប​មន្ត្រី​ការិយាល័យ​មជ្ឈិម​បក្ស​វៀតណាម ដើម្បី​សុំ​ឲ្យ​មាន “ភាព​ស្ងៀម​ស្ងាត់” ក្នុង​ពេល​មាន​ដំណើរ​ចុះ​ពិនិត្យ​ព្រំដែន​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

លិខិត​ទូត​ជាច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជូន​ទៅ​ដោយ​ទាមទារ​ឲ្យ​បញ្ចប់​ការ​ទន្ទ្រាន​ដោយ​វៀតណាម ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក រង្ស៊ី ដែល​រស់​នៅ​និរទេស​រវាង​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣​ដើម្បី​គេច​ពី​បទ​ចោទ​ព្រហ្មទណ្ឌ​ដែល​កើត​ចេញ​ពី​ការ​តវ៉ា ថា​លោក​បាន​ដក​បង្គោល​ព្រំដែន​នោះ បាន​មាន​ប្រសាសន៍​ថា “ស្ថានការណ៍​នៅ​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ហើយ។ អ្វីៗ​មិន​នៅ​ដដែល​ដូច​ពីរបី​ឆ្នាំ​មុន​ទេ”។

លោក រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ចង់​ការពារ​ខ្លួន​ទប់ទល់​នឹង​វៀតណាម។ ការ​ផ្លាស់​ប្តូរ​នេះ​ក្នុង​ស្ថានការណ៍​មាន​កត្តា​ផ្សំ​ជាច្រើន ពោល​គឺ​ការ​គាំទ្រ​របស់​ប្រជាជន​លើ​បក្ស​ប្រឆាំង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ព្រងើយ​កន្តើយ​បាន​ឡើយ ព្រម​ទាំង​ភាព​តាន​តឹង​ខ្លាំង​ឡើង​រវាង​ប្រទេស​ចិន​និង​ប្រទេស​វៀតណាម​ផង​ដែរ”។

មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​និយាយ​ថា លោក​ជឿ​ថា ការ​ប្រឹងប្រែង​របស់​វៀតណាម​ដើម្បី​បាន​ការ​គាំទ្រ​ពី​អាមេរិក​ក្នុង​ជម្លោះ​ទឹកដី​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​ប្រទេស​ចិន បាន​ផ្តល់​ឱកាស​តែ​មួយ​គត់​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​បញ្ចេញ​ឆន្ទៈ​ប្រឆាំង​នឹង​ការ​លុកលុយ​ព្រំដែន​ពី​សំណាក់​ប្រទេស​វៀតណាម។

លោក រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ខ្ញុំ​និយាយ​ជាមួយ​ក្រុម​មន្ត្រី​អាមេរិក​នៅ​វ៉ាស៊ីនតោន ឌីស៊ី ពួកគេ​ចង់​ឲ្យ​ប្រទេស​កម្ពុជា​រួបរួម​គ្នា​ជាមួយ​អាស៊ាន​ទប់ទល់​នឹង​ប្រទេស​ចិន។ រឿង​ហ្នឹង ពួកគេ​ត្រូវការ​កម្លាំង​សាមគ្គី​ក្នុង​អាស៊ាន ហើយ​ដូច្នេះ អាមេរិក​នឹង​គិត​ថា វា​ច្បាស់​ថា​មិន​មាន​ភាព​តានតឹង​រវាង​កម្ពុជា​និង​វៀតណាម​ទេ”។

“តាម​ទស្សន​វៀតណាម​សុទ្ធសាធ វៀតណាម​ក៏​មាន​ប្រយោជន៍​ដែរ ក្នុង​ពេល​ដែល​ខ្លួន​កំពុង​ប្រឈម​នឹង​ប្រទេស​ចិន មិន​បង្កើត​ភាព​តានតឹង​ជាមួយ​កម្ពុជា បើ​ពុំ​នោះ​ទេ​វា​នឹង​បញ្ជូន​សារ​ថា វៀតណាម​កំពុង​ប្រើ​នយោបាយ​ក្អេងក្អាង​ប្រឆាំង​នឹង​ប្រទេស​ជិតខាង​ទន់​ខ្សោយ​ជាង​ខ្លួន គឺ​កម្ពុជា”។

ភាព​អត់​ឱន​ប្លែក​របស់​លោក ហ៊ុន សែន ថ្មីៗ​នេះ​ទៅ​លើ​ការ​តវ៉ា​អំពី​ព្រំដែន​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ (មន្ត្រី​បក្ស​ប្រឆាំង​បួន​នាក់ ក្នុង​ចំណោម​នោះ​មាន​លោក សុខា ផង​ដែរ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ឆ្នាំ​២០០៥ ដោយសារ​តវ៉ា​នឹង​សន្ធិ​សញ្ញា​ព្រំដែន​ជាមួយ​វៀតណាម) បាន​ទទួល​ការ​ចាប់​អារម្មណ៍​នៅ​ក្រុង​ហាណូយ។

កាសែត​ផ្លូវការ​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម ញិន ហ្ស៊ិន (Nhan Dan) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃ​អង្គារ ដោយ​ដក​ស្រង់​សម្តី លោក ឡេ ហាយ ប៊ីន អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម ដោយ​រិះគន់​ការ​ធ្វើ​ដំណើរ​ទៅ​ព្រំដែន​ដោយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្ទ្រ កាលពី​ថ្ងៃ​អាទិត្យ។

ក្នុង​ដំណើរ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​ជាប់​គ្នា​នឹង​ខេត្ត​ស្វាយរៀង ជនស៊ីវិល​វៀតណាម​តាម​សេចក្តី​រាយការណ៍​ថា បាន​វាយ​លោក ខេមរិន្ទ្រ និង​ក្រុម​របស់​លោក​ដោយ​ដំបង​ឈើ ក្នុង​ការ​វាយ​តប់​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​មាន​ប្រសាសន៍​ថា បាន​កើត​ឡើង​យ៉ាង​ច្បាស់​ខាង​ក្នុង​ទឹក​ដី​ខ្មែរ។

ដោយ​ចោទ​សកម្មជន​ខ្មែរ​ថា​វាយ​ប្រហារ​ជន​ស៊ីវិល​វៀតណាម​នោះ អត្ថបទ​កាសែត ញិន ហ្ស៊ិន និយាយ​ថា “វៀតណាម​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​ថ្មីៗ​នេះ​ដោយ​ជន​ជ្រុល​និយម​ខ្មែរ​មួយ​ចំនួន ដែល​រំលោភ​ទាំង​ច្បាប់​របស់​វៀតណាម ទាំង​ច្បាប់​របស់​កម្ពុជា ក៏​ដូចជា​សន្ធិសញ្ញា​នានា និង​កិច្ច​ព្រមព្រៀង​ដែល​ចុះ​ហត្ថលេខា​ដោយ​ភាគី​ទាំង​ពីរ”។

“យើង​ស្នើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​ប្រើ​វិធានការ​មាន…​ដើម្បី​ទប់​ស្កាត់​អំពើ​ស្រដៀង​គ្នា​នេះ​មិន​ឲ្យ​កើត​ឡើង​ជា​ថ្មី​ទៀត សំដៅ​ធានា​ការ​អនុវត្ត​ដោយ​រលូន​នូវ​ការ​កំណត់​ព្រំដែន​និង​ការ​ដាំ​បង្គោល​សម្រាប់​ប្រយោជន៍​រួម​នៃ​ប្រជាជន​ប្រទេស​ទាំង​ពីរ”។

ក៏​ប៉ុន្តែ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​គ្មាន​ផែនការ​រារាំង​សកម្មជន​ក្រុម​ប្រឆាំង​មិន​ឲ្យ​ទៅ​មើល​ព្រំដែន​នោះ​ទេ។

នាយ​ឧត្តមសេនីយ៍ សុភ័គ បាន​មាន​ប្រសាសន៍​ការពារ​ដំណើរ​ទៅ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា “វៀតណាម​មិន​មាន​គណបក្ស​ប្រឆាំង​ទេ ហើយ​ពួកគេ​អាច​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ។ នៅ​ប្រទេស​កម្ពុជា យើង​មាន​ប្រព័ន្ធ​ពហុបក្ស។ យើង​ជា​ប្រទេស​ប្រជាធិបតេយ្យ ដូច្នេះ​តើ​យើង​អាច​ឃាត់​គេ​យ៉ាង​ម៉េច​កើត?”។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​មាន​សិទ្ធិ​ទៅ​ទី​នោះ ពីព្រោះ​ពួកគេ​ជា​បក្ស​ប្រឆាំង។ វៀតណាម​នឹង​យល់​បញ្ហា​នេះ ប្រសិនបើ​ពួកគេ​មាន​ប្រព័ន្ធ​ពហុបក្ស ប៉ុន្តែ​ពួកគេ​មាន​ប្រព័ន្ធ​បក្ស​តែ​មួយ”។

“យើង​ខុស​គ្នា​ពី​វៀតណាម”។

លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ដែល​បាន​បង្កើត​ក្រុម​តស៊ូ​មតិ “ខ្មែរ​ដើម្បី​ខ្មែរ” កាលពី​ឆ្នាំ​មុន បាន​មាន​ប្រសាសន៍​ថា កំហឹង​សាធារណជន​អំពី​ការ​ទន្ទ្រាន​ដី​ដោយ​វៀតណាម គឺ​មិន​មាន​កំណត់​តែ​ចំពោះ​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​របស់​លោក រង្ស៊ី ទេ ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​បោះ​ឆ្នោត​ដោយសារតែ​គោល​ជំហរ​កន្លង​មក​របស់​ខ្លួន។

លោក ឡី បាន​មាន​ប្រសាសន៍​ថា “តាម​ការ​សង្កេត​របស់​ខ្ញុំ គឺ​ប្រជាពលរដ្ឋ មិន​មែន​តែ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំងមូល សូម្បី​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ក្រោម​ដល់​មន្ត្រី​ថ្នាក់​ខ្ពស់​ក៏​ដោយ ដែល​មាន​កង្វល់​ដូច​គ្នា​ទាក់ទង​នឹង​ការ​លុក​លុយ​ព្រំដែន​នេះ”។

លោក ឡី បាន​បន្ត​ថា “នៅ​ពេល​ដែល​ពួកគេ​នៅ​ក្នុង​រដ្ឋាភិបាល ពួកគេ​មិន​អាច​បង្ហាញ​មុខ​មាត់​បាន​ទេ ប៉ុន្តែ​ក្នុង​ការ​ពិភាក្សា​មិន​ផ្លូវ​ការ ពួកគេ​មាន​កង្វល់​ដូច​តែ​គ្នា។ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​ដឹង​ថា ខ្លួន​នឹង​ខក​ខាន​មិន​ទទួល​បាន​ប្រជាប្រិយ​ភាព​ត្រឡប់​មក​វិញ​ទេ ប្រសិនបើ​ខ្លួន​មិន​ដោះ​ស្រាយ​បញ្ហា​នេះ”។

ព្រះ​តេជគុណ ប៊ុត ប៊ុនទិញ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បាន​មាន​សង្ឃដីកា​ថា ការ​ផ្លាស់​ប្តូរ​ភ្លាមៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ដោយ​កង្វល់​ទៅ​នឹង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

ព្រះ​តេជគុណ ប៊ុនទិញ បាន​មាន​សង្ឃដីកា​ថា “ហេតុ​អី​ឥឡូវ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​ជា​ចូលរួម​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ? គេ​ដឹង​ថា ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ជិត​មក​ដល់​ហើយ ហើយ​គេ​នឹង​ចាញ់ ប្រសិនបើ​គេ​មិន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើការ​ជាមួយ​ក្រុម​ជាតិ​និយម​និង​គណបក្ស​សង្គ្រោះ​ជាតិ”។

ព្រះ​តេជគុណ​អង្គ​នេះ​បាន​មាន​សង្ឃ​ដីកា​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ជាមួយ​វៀតណាម គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មាន​ប្រជាប្រិយ​បំផុត ហើយ​ពួកគេ​នឹង​ទទួល​បាន​ការ​អបអរ​សាទរ​ពី​ប្រជាពលរដ្ឋ ពីព្រោះ​ប្រជា​ពលរដ្ឋ​នឹង​មើល​ឃើញ​ថា​នរណា​ដែល​បាន​ប្តេជ្ញា​ដោះ​ស្រាយ​បញ្ហា​នេះ”។

ប៉ុន្តែ​គណបក្ស​កាន់​អំណាច​មិន​មាន​គម្រោង​ប្រគល់​បញ្ហា​នេះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ងាយៗ​ទេ។ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​ធ្វើការ​ជាមួយ​មន្ត្រី​វៀតណាម​ក្នុង​ការ​ដោះ​ស្រាយ​ការ​រំលោភ​ចូល ដោយ​គ្មាន​ការ​សហការ​របស់​លោក រង្ស៊ី។

លោក ឥសាន បាន​មាន​ប្រសាសន៍​ថា “គាត់​គ្មាន​សិទ្ធិ​អំពាវនាវ​ឲ្យ​នរណា​ម្នាក់ រួម​មាន​គណបក្ស​ប្រជាជន ដើម្បី​ចូល​រួម​ជាមួយ​គាត់​ទេ។ រដ្ឋាភិបាល​មាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ដើម្បី​ធ្វើ​ការ​លើ​បញ្ហា​ព្រំដែន ហើយ​គណៈកម្មាធិការ​នោះ​នឹង​ជួប​ប្រជុំ​រវាង​ថ្ងៃ​ទី​៦​និង​ថ្ងៃ​ទី​៩​ខែ​កក្កដា​ក្នុង​ខេត្ត​សៀមរាប”។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​រូប​នេះ​បាន​បន្ថែម​ថា “លោក សម រង្ស៊ី គួរ​ស្តាប់ និង​តាម​ដាន​កិច្ច​ប្រជុំ​នោះ ដើម្បី​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ទទួល​បន្ទុក​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ដោះ​ស្រាយ​ការ​កំណត់​ព្រំដែន​រហូត​មក​ដល់​ពេល​នេះ​បាន​ប៉ុន្មាន​ហើយ”។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក រង្ស៊ី បាន​មាន​ប្រសាសន៍​ថា សករាជ​នៃ​ការ​ទន្ទ្រាន​របស់​វៀតណាម​ចូល​ក្នុង​ប្រទេស​កម្ពុជា ដែល​មិន​បាន​ដោះ​ស្រាយ​នោះ គឺ​ចប់​ហើយ។

លោក រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ឥឡូវ​នេះ​មាន​តុល្យភាព​អំណាច​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទិដ្ឋភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​បាន​ផ្លាស់​ប្តូរ។ វៀតណាម​គួរ​ធ្វើ​បច្ចុប្បន្ន​ភាព​នូវ​ប្រតិកម្ម​របស់​ខ្លួន​បន្តិច​ទៅ​នឹង​ស្ថានការណ៍​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​តំបន់​នេះ”៕ និត និង រើន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស