38.1 C
Phnom Penh

មេដឹកនាំខ្មែរក្រហម​​ចាប់​ផ្តើម​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​ទោស​កំហុស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សវនាការ​បណ្ដឹង​ឧទ្ធរណ៍​បាន​ចាប់​ផ្ដើម​កាលពី​ម្សិលមិញ​នៅ​ក្នុង​សំណុំរឿង​ទី១​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​ប្រឆាំង​​មេដឹកនាំ​របប​ជាន់​ខ្ពស់​​ គឺ​ នួន ជា និង​ ខៀវ សំផន ដែល​បានព្យាយាម​ច្រាន​ចោល​ការ​ផ្តន្ទា​ទោស​ពួកគាត់​ទាំងពីរ​​ឲ្យ​​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។

“​បងធំទី២” នួន ជា និង​​លោក ខៀវ សំផន ប្រមុខរដ្ឋរបប​ខ្មែរ​ក្រហម​​ត្រូវ​បាន​​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​សាលា​ក្ដី​កាលពីខែ​សីហា ចំពោះ​​ការ​ទទួល​ខុស​ត្រូវ​របស់ខ្លួន​ក្នុង​ការ​ជម្លៀស​ប្រជាជន​ចេញពី​ក្រុង​ភ្នំពេញ និង​ការ​សម្លាប់​ទាហាន​ លន់ នល់ និង​មន្ត្រី​​នៅ​​ទួលពោធិ៍ជ្រៃ ក្នុង​ខេត្ត​ពោធិ៍​​សាត់។

​អំឡុង​សវនាការ​​ឧទ្ធរណ៍​រយៈពេល​បួន​ថ្ងៃ​ដែល​បាន​ចាប់​ផ្ដើមកាលពី​ម្សិលមិញ មេធាវី​ការ​ពារ​លោក​ទាំងពីរ​កំពុង​ស្វែង​រក​ការ​បញ្ជាក់​អំពី​កំហុស​នៅ​ក្នុង​អង្គហេតុ និង​ច្បាប់​ទាក់​ទង​នឹង​ការ​វិនិច្ឆ័យនេះ​​​។

​លោក សៅ វណ្ណ សាក្សី​ទី១​ក្នុង​សវនាការ​នោះ​ជា​ប្រធាន​រណសិរ្ស​ឃុំ​ជាង​ទង ក្នុងស្រុក​ត្រាំកក់ មុន​ឆ្នាំ​១៩៧៥​ ​ហើយ​ក្រោយ​មក​ត្រូវ​បាន​ផ្ទេរ​ទៅ​ខេត្ត​កណ្ដាល​។​ ឥឡូវ​នេះ​លោក​ជា​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ឃុំ​ដដែល។

លោក​បាន​ប្រាប់​តុលាការ​កាលពី​ម្សិលមិញ​ថា លោក​បាន​ឮ​​ការ​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​របស់​លោក ខៀវ សំផន មុន​ពេល​ខ្មែរ​ក្រហម​កាន់​កាប់​ប្រទេស​​ក្នុង​ខែ​មេសា ឆ្នាំ​១៩៧៥ ដោយ​ជូនដំណឹង​ដល់​​អ្នក​ស្ដាប់ទាំងអស់​​ថា របប​ថ្មី​នេះ​​នឹង​ទុក​ជីវិត​ទាហាន​ លន់ នល់ ជាច្រើន​។

ដោយ​សំដៅ​ដល់​របប​ លន់ នល់ និង​មន្ត្រី​​ជាន់​​ខ្ពស់​ប្រាំមួយ​នាក់​ទៀត​​ ដែល​ត្រូវ​បាន​ចាត់​ថា ជា​ “ជន​ក្បត់ជាតិ​ប្រាំពីរ​នាក់” ​ដោយ​ខ្មែរ​ក្រហម​នោះ លោក​បានមាន​ប្រសាសន៍​ថា “​ខ្ញុំ​អាច​ប្រាប់​លោក​បាន​ថា អំឡុង​របប​សង្គ្រាម​ សូម្បី​មុន​ពេល​ប្រទេស​ទាំងមូល​ត្រូវ​បាន​រំដោះ​​ក្ដី លោក ខៀវ សំផន បាន​ផ្សព្វ​ផ្សាយ​តាមវិទ្យុ​ថា ទាហាន​ថ្មើរ​ជើង​ ​មន្ត្រី​ ពួក​គហបតី​ បញ្ញវន្ត និង​អ្នក​ស្នេហា​ជាតិ​ នឹង​ត្រូវ​លើក​លែង​ទោស​ ហើយ​រណសិរ្ស​នេះ​​នឹង​សម្រេច​​កាត់​ទោស​មនុស្ស​តែ​ប្រាំពីរ​នាក់​ប៉ុណ្ណោះ”។

លោក​បាន​និយាយ​ថា “​តាម​ខ្ញុំ​ដឹង​គឺ​ថា សារ​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ទាំង​អស់​រួបរួម​គ្នា​ដោយ​មិន​គិត​ដល់​និន្នាការ​នយោបាយ​ឡើយ ដើម្បី​រួមកម្លាំង​​កសាង​ប្រទេស​ជាតិ​”។

​សាក្សី​រូប​នេះ​បាន​អះអាង​ថា មាគ៌ា​ស្រដៀង​គ្នា​ចំពោះ​ទាហាន​ លន់ នល់ ត្រូវ​បាន​​អនុវត្ត​ដោយ​ តាម៉ុក មេបញ្ជា​ការ​ភូមិភាគ​ពាយព្យ និង តាសោម​ ប្រធាន​ផ្នែក​រដ្ឋបាល​ដែល​គេ​ស្គាល់​ថាតំបន់​១៣។

លោក​បាន​និយាយ​ថា អំឡុងពេល​​ប្រជុំ​នៅ​ភ្នំ​ក្រៀល​ និង​ក្រុង​តាកែវ បន្ទាប់ពី​ការ​ដួល​រលំ​ក្រុង​ភ្នំពេញ មន្ត្រី​​ទាំងពីរ​រូប​នេះ​បាន​ព្រមាន​កម្មាភិបាល​​កុំ​ឲ្យ​ប៉ះពាល់​អតីត​ទាហាន​ លន់ នល់។

លោក វណ្ណ បាន​និយាយ​ថា “​ប្រសិន​បើ​នរណា​ម្នាក់​រំលោភ​គោល​គារណ៍​នេះ​ មាន​ន័យ​ថា បុគ្គលនោះ​​ត្រូវ​ជីក​រណ្ដៅ​សម្រាប់​ខ្លួន​ឯង​​ឲ្យ​ហើយ​ទៅ​។ នៅ​ក្នុង​ការ​លើក​ឡើង​របស់​លោក តាម៉ុក បាន​និយាយ​ឡើង​វិញ​ថា នៅ​ក្នុង​តំបន់​នោះ បញ្ហាអាយុ​ជីវិត​ ទីបំផុត​ស្ថិត​ក្នុង​កណ្ដាប់​​ដៃ​តំបន់ ឬ​មជ្ឈមណ្ឌល​នោះ”។

លោក​បាន​បន្ថែម​ថា “​៣​ខែ​បន្ទាប់ពី​ការ​រំដោះ តាសោម បាន​ហៅ​កម្មាភិបាល​ពាក់​ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​តំបន់​១៣​​ ហើយ​លោក​បាន​ណែនាំ​​ និង​ជូន​ដំណឹង​ដល់កម្មាភិបាល​ថា អតីត​ទាហាន​ទាំង​អស់​ ​រហូត​ដល់ឋានន្តរសក្តិ​វរសេនីយ៍ឯក ​មិន​ត្រូវ​ប៉ះពាល់​ឡើយ ពីព្រោះ​ទាហាន​ទាំង​នោះ​…​មាន​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​ស្ថិត​ក្នុង​តំបន់​រំដោះ​…​ដែល​បាន​រួម​ចំណែក​រំដោះ​ប្រទេស​ជាតិ​”។

នៅ​ក្នុង​សវនាការ​ដ៏​ក្ដៅ​គគុក​នៅ​ពេល​រសៀល​ ដែល​​ពោរពេញ​ដោយ​ការ​ជំទាស់ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​​អយ្យការ​ និង​មេធាវី​ លោក នីកូឡាស គូមីចៀន សហ​ព្រះ​រាជអាជ្ញា​អន្តរជាតិ​បាន​ចោទ​សួរ​លោក វណ្ណ ពី​ការ​ដែល​លោក​ដឹង​អំពី​ការ​សម្លាប់​អំឡុង​​របប ប៉ុល ពត។

លោក Koumijian បាន​សួរ​ថា “​លោក​ ខ្ញុំ​ដឹង​ថា​លោក​សម្លឹង​​មើល​ត្រង់ទៅ​មុខ។ ​នៅ​ខាង​ក្រោយ​លោក​ មាន​អ្នក​ស្ដាប់ ដែល​មាន​យុវជនកម្ពុជា​ជាច្រើន​នាក់​។ តើ​លោក​អាច​ប្រាប់​ពួកគាត់​បាន​ទេ​ ពីព្រោះ​លោកនៅ​ទី​នោះ​ ជា​មន្ត្រី​ម្នាក់​ក្នុង​របប​ខ្មែរ​ក្រហម អំឡុង​របប​នោះ៖ តើ​ខ្មែរ​ក្រហម​បាន​សម្លាប់​ប្រជាជន​​​ទេក្នុង​របប​នោះ?”។

​បន្ទាប់​ពី​លោក វិកទ័រ កូប៉េ មេធាវី​ការពារ​លោក នួន ជា បាន​ជំទាស់​ ហើយ​បាន​សុំ​ឲ្យ​ព្រះរាជ​អាជ្ញា​ “ទុក​រឿង​នោះ​មួយ​ឡែក” សាក្សី​រូប​នេះ​បាន​អះអាង​ថា លោក​មិន​ដឹង​ពី​ការ​សម្លាប់​ណាមួយ​ឡើយ​​។

លោក​បាន​និយាយ​ថា “​ខ្ញុំ​មិន​​ដឹង​ថា តើ​ខ្មែរ​ក្រហម​សម្លាប់​មនុស្ស​​ឬយ៉ាង​ណា​នោះ​ឡើយ។ ខ្ញុំ​ពិត​ជា​មិន​ដឹង​ទេ​”។

ទោះ​ជាយ៉ាង​ណា លោក​ វណ្ណ បាន​ឆ្លើយ​ថា លោក​សង្ស័យ​ថា ក្រោយ​មក​លោក​ត្រូវ​បាន​​បញ្ចុះ​តួនាទីរបស់លោក​​នៅ​ក្នុង​ខេត្ត​កណ្ដាល ពីព្រោះ​បងប្អូន​​ប្រុស​របស់​លោក​​​ជា​មន្ត្រី​ថ្នាក់​​ទាប​នៅ​ក្នុង​របប​សាធារណរដ្ឋខ្មែរ។ លោក​ក៏​បានទទួល​ស្គាល់​ផង​ដែរ​ថា លោក​ចាប់​ផ្ដើម​សង្ស័យ​ទៅ​លើអ្វី​ដែល​លោក​ត្រូវ​បាន​គេ​​ប្រាប់​អំពី​គោល​នយោបាយ​របស់​របប​នោះ​ចំពោះ​ទាហាន​ លន់ នល់ បន្ទាប់ពី​ឃើញ​ឆ្អឹង​លលាដ៍​ក្បាល​នៅ​​មជ្ឈមណ្ឌល​សន្តិសុខ​​ក្រាំង​តាចាន់ ក្នុង​ស្រុក​ត្រាំកក់ បន្ទាប់ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​។

លោក​បាន​និយាយ​ថា “​ចាប់ពី​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រាំង​តាចាន់ និង​ទួលស្លែងមក ខ្ញុំ​សន្និដ្ឋាន​ថា មាន​ការ​ផ្លាស់​ប្ដូរ​មែន​”។ សវនាការ​ឧទ្ធរណ៍​បន្ត​នៅ​ថ្ងៃ​នេះ​៕ សារុន​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស