ពីរថ្ងៃបន្ទាប់ពីមេបញ្ជាការយោធាវរៈម្នាក់ក្នុងខេត្តមណ្ឌលគិរីបានចោទប្រកាន់ទាហានមកពីខេត្តក្រចេះពីបទយកកាំភ្លើងភ្ជង់កូនចៅរបស់ខ្លួន ដើម្បីរំដោះអ្នកកាប់ឈើខុសច្បាប់មួយក្រុមមកពីប្រទេសវៀតណាមនោះ ក្រុមមន្ត្រីជាន់ខ្ពស់ពីររូបក្នុងចំណោមមន្ត្រីជាន់ខ្ពស់ជាច្រើនក្នុងជួរទាហាន កាលពីម្សិលមិញបានលើកឡើងថា ពួកគាត់មិនដឹងពីហេតុការណ៍នោះទេ ចំណែកមេបញ្ជាការកងទ័ពខេត្តក្រចះបានកែប្រែការលើកឡើងរបស់លោកពីហេតុការណ៍នោះ។
យោងតាមលោក ថន ម៉េងស្រា៊ មេបញ្ជាការយោធាវរៈ១ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីទាហានរបស់លោកបានឃាត់ខ្លួនអ្នកកាប់ឈើជនជាតិវៀតណាមបួននាក់នៅក្នុងស្រុកកែវសីមា។
លោក ម៉េងស៊្រា បានមានប្រសាសន៍កាលពីថ្ងៃពុធថា នៅម៉ោងប្រហែល៩និង៣០នាទីយប់ ទាហានមួយក្រុមមកពីខេត្តក្រចេះបានឡោមព័ទ្ធកូនចៅរបស់លោក បានដកហូតអាវុធរបស់ពួកគេ និងបានការពារអ្នកកាប់ឈើទាំងនោះ។ លោកបានបន្ថែមថា លោកបានរាយការណ៍ពីហេតុការណ៍នេះទៅថ្នាក់លើរបស់លោក។
លោក ណៃ តឹងឡឹង មេបញ្ជាការយោធាខេត្តក្រចេះបានមានប្រសាសន៍កាលពីថ្ងៃពុធថា ទាហានរបស់លោកបានដកហូតអាវុធទាំងនោះ ពីព្រោះទាហានខេត្តមណ្ឌលគិរីបានដើរឆ្លងកាត់ព្រំប្រទល់ខេត្ត ហើយថា បុរសជនជាតិវៀតណាមដែលលោកទទួលស្គាល់ថា ជាអ្នកកាប់ឈើនោះ ត្រូវបានដោះលែងក្រោម “ការព្រមព្រៀង” ជាមួយអាជ្ញាធរក្នុងខេត្តប៊ិញហ្វុក (Binh Phuoc) ប្រទេសវៀតណាម។
នៅពេលត្រូវបានទាក់ទងកាលពីម្សិលមិញ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ឈុំ សុជាតិ អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា លោកមិនដឹងពីហេតុការណ៍នោះទេ ហើយក៏មិនដឹងពីការព្រមព្រៀងណាមួយដែរ។
ទោះជាយ៉ាងណា ក្រោយមកឧត្ដមសេនីយ៍ ឈុំ សុជាតិ បានហៅអ្នកយកព័ត៌មានម្នាក់មកដោយនិយាយថា លោកបានពិនិត្យជាមួយមេបញ្ជាការយោធាខេត្តក្រចេះ និងខេត្តមណ្ឌលគិរីរួចហើយ ហើយលោកទាំងពីរបានបដិសេធថា មិនមានជនជាតិវៀតណាមណាម្នាក់ជាប់ពាក់ព័ន្ធក្នុងជម្លោះនោះទេ។
លោកបានលើកឡើងពីការសន្ទនាជាមួយឧត្ដមសេនីយ៍ត្រី ណៃ តឹងឡឹង ថា “រឿងនេះ” គឺថា ទាហានពីរនាក់ និងកងរាជអាវុធហត្ថម្នាក់ប្រហែលជាស្រវឹងស្រានៅពេលបរិភោគអាហារពេលល្ងាច ហើយបន្ទាប់មកប៉ះទង្គិចសម្ដីគ្នា ដូច្នេះពួកគេក៏បានរត់ចូលក្នុងតំបន់របស់លោក ទីដែលទាហានខេត្តក្រចេះបានប្រទះឃើញពួកគេ ដកហូូតកាំភ្លើង ហើយបញ្ជូនពួកគេត្រឡប់ទៅវិញ។
យោងតាមឧត្ដមសេនីយ៍ ឈុំ សុជាតិ បានឲ្យដឹងថា លោក ឈិត ម៉េងស្រេង មេបញ្ជាការយោធាខេត្តមណ្ឌលគិរីដែលកាលពីថ្ងៃពុធ បានចោទប្រកាន់ទាហានខេត្តក្រចេះថា បានការពារអ្នកកាប់ឈើជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជានោះ កាលពីម្សិលមិញបានមានប្រសាសន៍ថា ការប្រឈមមុខដាក់គ្នា “មិនដែលកើតឡើងទេ”។
ឧត្ដមសេនីយ៍ ឈុំ សុជាតិ បានមានប្រសាសន៍ថា “គាត់និយាយថា មានរឿងតូចតាចជាមួយប្រជាជនក្នុងមូលដ្ឋាន ប៉ុន្តែថា មិនមានជនជាតិវៀតណាមជាប់ពាក់ព័ន្ធទេ”។ លោកបានបន្ថែមថា ទោះយ៉ាងណា លោកនឹងស៊ើបអង្កេតករណីនេះបន្ថែមទៀត។
ឧត្ដមសេនីយ៍ត្រី ណៃ តឹងឡឹង បានមានប្រសាសន៍ថា ការលើកឡើងដំបូងរបស់លោកត្រូវបានអ្នកយកព័ត៌មានប្រឌិត។ លោកបានមានប្រសាសន៍ថា “យើងឃើញទាហានខ្មែរពីរនាក់នៅក្នុងទឹកដីរបស់យើង ដូច្នេះហើយយើងក៏បានឃាត់ខ្លួនពួកគេ ហើយទាក់ទងទៅទាហានខេត្តមណ្ឌលគិរីឲ្យមកយកពួកគេត្រឡប់ទៅវិញ។ មិនមានជនជាតិវៀតណាមទេ”។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ដែលសម្បូរព្រៃការពារ ហើយគេឃើញមានការប៉ះទង្គិចគ្នាមួយចំនួនរវាងកម្លាំងសន្តិសុខ និងអ្នកកាប់ឈើ ដោយក្រុមទាំងពីរនេះតែងតែជួបគ្នា។
កាលពីខែឧសភា ឆ្នាំ២០១៤ លោក ស៊ិន វណ្ណវុធ អភិបាលស្រុកកែវសីមា ត្រូវមន្ត្រីកងរាជអាវុធហត្ថម្នាក់យកកាំភ្លើងភ្ជង់ក្បាលរបស់លោកដែលលោកបានមកដល់កន្លែងចាប់ឈើ ក្នុងគោលបំណងមកយករថយន្តទំនើបមួយគ្រឿងដែលដឹកឈើប្រណីតពេញ។
លោក ស៊ូ ម៉ារិទ្ធ មន្ត្រីកងរាជអាវុធបានគេចខ្លួន។ មិនមានព័ត៌មានពីការចាប់ខ្លួនគាត់ទេ។
នៅពេលត្រូវបានទាក់ទងកាលពីម្សិលមិញ លោក ស៊ិន វណ្ណវុធ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីស្ថានភាពនៅចំណុចប្រសព្វជាមួយប្រទេសវៀតណាម ខេត្តមណ្ឌលគិរី និងខេត្តក្រចេះទេ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើអ្នកចង់បានព័ត៌មាន សូមមកទីនេះ ហើយមើលខ្លួនឯងទៅ”៕ សារុន