26 C
Phnom Penh

លោក ឈាង វុន ស្នើ​​​​ឲ្យ​​​​មាន​​​​ការ​​​​ពិនិត្យ​​​​ចំពោះ​​​​ឥរិយាបថ​​​​រឹងរូស​​​​របស់​​​​លោក ​អ៊ុំ សំអាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឈាង វុន តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ជូន​​​លោក ហេង សំរិន​​​ ប្រធាន​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ ដើម្បីប្តឹង​​​ថា លោក អ៊ុំ សំអាន តំណាង​​​រាស្ត្រ​​​មក​​​ពីគណបក្ស​​​សង្គ្រោះជាតិ​​​​​​បាន​​​រំលោភ​​​បំពានបទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​នៃ​​​​​​រដ្ឋសភា​​​ដោយ​​​ព្យាយាម​​​ធ្វើ​​​កិច្ច​​​សម្ភាស​​​ជាមួយ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​​​​ ខណៈ​​​លោក ឈាង វុន ខ្លួន​​​លោក​​​​​​ផ្ទាល់​​​កំពុង​​​ធ្វើ​​​កិច្ច​​​​​​សម្ភាសនោះ​​​​​​។

លោក ឈាង វុន បាន​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​ជាមួយ​​​លោក អ៊ុំ សំអាន ដែល​​​ឈរ​​​នៅ​​​ក្បែរ​​​លោក​​​ បន្ទាប់ពី​​​តំណាង​​​រាស្ត្រ​​​រូប​​​នេះ​​​ព្យាយាម​​​​​​ឆ្លើយ​​​សំណួរ​​​ ខណៈ​​​លោក​​​ ឈាង វុន កំពុង​​​និយាយ​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ។ លោក ឈាង វុន ដែល​​​ជា​​​អ្នក​​​នាំពាក្យ​​​រដ្ឋសភា​​​បាន​​​រុញ​​​ឧបករណ៍​​​ថត​​​សំឡេង​​​របស់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ម្នាក់​​​ចេញ​​​ ពេល​​​អ្នក​​​យក​​​ព័ត៌មាន​​​រូប​​​នេះ​​​ព្យាយាម​​​សម្ភាស​​​លោក អ៊ុំ សំអាន​​​ មុន​​​ពេល​​​លោក​​​គំរាម​​​ហៅ​​​សន្តិសុខ​​​។ លោក ឈាង វុន បាន​​​សរសេរ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “ នៅពេលដែល​​​​​​ខ្ញុំបាទ​​​​​​កំពុង​ធ្វើ​​​កិច្ច​​​សម្ភាស​​​នោះ​​​ ឯក​​​ឧត្តម អ៊ុំ សំអាន ​​​បានចូល​​​​​​មក​​​ជ្រៀតជ្រែក​​​​​​ ហើយ​​​ទាម​​​ទារធ្វើ​​​​​​កិច្ច​​​សម្ភាស​​​ជា​​​មួយ​​​អ្នក​​​យក​​​ព៌ត៌មាន​​​​​​ដែរ”។ លោក​​​បាន​​​សរសេរ​​​បន្ត​​​ថា “ ខ្ញុំ​​​បាទ​​​មិន​​​បាន​​​យល់​​​ព្រម​​​អនុញ្ញាត​​​ឲ្យ​​​ឯកឧត្តម អ៊ុំ សំអាន ធ្វើ​​កិច្ច​​​សម្ភាស​​​ឡើយ ហើយ​​​បាន​​​ស្នើ​​​ឲ្យ​​​គាត់​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​​​សម្តេចប្រធាន​​​ [លោក ហេង សំរិន] ជា​​​មុន​​​សិន​​​”។

លោក ឈាង វុន បានជម្រាប​​​​​​ប្រាប់​​​​​​លោក ហេង សំរិន ថា លោក អ៊ុំ សំអាន មិន​​​បាន​​​ធ្វើ​​​តាម​​​បទ​​​បញ្ជា​​​របស់​​​លោក​​​ទេ​​​ ហើយ​​​បាន​​​រំលោភ​​​បំពាន​​​បទបញ្ជា​​​ផ្ទៃ​​​ក្នុងនៃ​​​រដ្ឋ​​​​​​សភា​​​ដែល​​​តម្រូវ​​​ឲ្យ​​​សមាជិក​​​សភា​​​ទាំង​​​អស់​​​សុំ​​​ការអនុញ្ញាត​​​ពី​​​លោក ហេង សំរិន មុន​​​ពេល​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​។ លោក​​​បាន​​​សរសេរ​​​បន្ត​​​ទៀត​​​ថា “ចរិត​​ព្រហើនរបស់​​​ឯកឧត្តម​​​ អ៊ុំ​​​ សំអាន ​​​មិន​​​អនុវត្ត​​​តាម​​​បទបញ្ជា​​​ផ្ទៃ​​​ក្នុង​​​នៃ​​​រដ្ឋ​​​សភា​​​ គឺ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ឡើយ​​​។

ខ្ញុំ​​​គិត​​​ថា ឥរិយាបថ​​​របស់​​​ឯកឧត្តម អ៊ុំ សំអាន គួរត្រូវ​​​​​​យកមក​​​​​​ពិចារណា​​​នៅ​​​ក្នុង​​​គណៈកម្មាធិការ​​​អចិន្ត្រៃយន៍​​​នៃ​​​រដ្ឋសភា”។ រីឯលោក អ៊ុំ​​​ សំអាន វិញ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា ខ្លួន​​​លោក​​​​​​ផ្ទាល់​​​នឹង​​​ប្តឹង​​​ទៅ​​​កាន់​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​នៃ​​​រដ្ឋសភា​​​ អំពី​​​លោក ឈាង វុន ដែល​​​រំលោភ​​​បំពាន​​​សិទ្ធិរបស់​​​លោក​​​ជា​​​តំណាង​​​រាស្ត្រ​​​ ដោយ​​​រារាំង​​​មិន​​​ឲ្យលោក​​​និយាយ​​​ជាមួយ​​​អ្នក​​​យក​​​ព័ត៌មាន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សកម្មភាព​​​របស់​​​គាត់​​​​​​បាន​​​រំលោភ​​​បទបញ្ជាផ្ទៃ​​​ក្នុង​​​នៃ​​​​​​រដ្ឋសភា​​​ និង​​​រដ្ឋធម្មនុញ្ញ​​​ ព្រោះ​​​រដ្ឋសភា​​​មិន​​​មែនជា​​​សភា​​​គ្រប់​​​គ្រង​​​ដោយ​​​​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ លោក ឈាង វុន ឬលោកប្រធាន​​​ ហេង សំរិន ​​​ឡើយ​​​ ប៉ុន្តែ វា​​​គឺជា​​​រដ្ឋសភា​​​សម្រាប់​​​តំណាង​​​រាស្ត្រ​​​ទាំង​​​១២៣​​​រូប​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ខ្ញុំ​​​នឹង​​​មិន​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​ដាក់​​​ពិន័យគាត់​​​​​​ធ្ងន់​​​ធ្ងរ​​ឡើយ​​ ព្រោះ​​​ខ្ញុំ​​​មិន​​​ចង់​​​ឈ្លោះ​​​ប្រកែក​​​ជាមួយ​​​គាត់​​​​​​ឡើយ​​​ ប៉ុន្តែយ៉ាង​​​ហោចណាស់គាត់​​​​​​ត្រូវ​​​តែ​​​មាន​​​ការបន្ទោស​​​ ហេតុ​​​ដូច្នេះ​​​ខ្ញុំ​​​នឹង​​​ស្នើ​​​ឲ្យគណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​ណែនាំ​​​គាត់​​​​​​កុំឲ្យធ្វើ​​​ដូច្នេះ​​​ម្តង​​​ទៀត​​​”៕ស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស