30 C
Phnom Penh

អ្នក​​​ភូមិ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​ត្រូវ​​​បាន​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​សម្លាប់​​​គោរបស់​​​អ្នក​​​ជំនួញ​​​ម្នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​អង្គារ ​​​សាលា​​​ដំបូង​​​ខេត្ត​​​កោះ​​​កុងបាន​​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ស្ត្រី​​​ម្នាក់​​​ពីបទ​​​សម្លាប់​​​គោ​​​ចំនួន​​​ពីរ​​​ក្បាល​​​ដែល​​​ជា​​​របស់​​​​​​លោក ហេង ហ៊ុយ ម្ចាស់​​​ចម្ការ​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​ជាមួយ​​​អ្នក​​​ភូមិ​​​មូល​​​ដ្ឋាន​​​ ដែល​​​ចោទប្រកាន់​​​លោក​​​ពីបទ​​​ទន្ទ្រាន​​​យក​​​ដីស្រែ​​​របស់ពួក​​​​​​គាត់​​​។

លោក ហេង ហ៊ុយ ដែល​​​ក្រុមហ៊ុន​​​របស់​​​លោក​​​​​​​​​ទទួល​​​បាន​​​ដី​​​សម្បទានទំហំ​​​៧៧៩​​​ហិកតា​​​​​​សម្រាប់​​​ដាំ​​​អំពៅ​​​នៅក្នុង​​​ស្រុក​​​ស្រែ​​​អំបិល​​​បាន​​​ប្តឹង​​​ស្ត្រីម្នាក់​​​ឈ្មោះ ផាវ ញឿង អាយុ​​​៣៩​​​ឆ្នាំ​​​ពីបទ​​​បំពុល​​​គោ​​​ចំនួន​​​ពីរ​​​ក្បាល​​​របស់​​​លោក​​​ដោយ​​​ប្រើ​​​ថ្នាំ​​​សម្លាប់​​​សត្វ​​​ល្អិត​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ ​​​​​​ដែល​​​ជា​​​ហេតុ​​​​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​បង្ក​​​ការ​​​ខូច​​​ខាត​​​ដោយ​​​ចេតនា​​​។

លោក យិន សាវាតឌី មេធានី​​​របស់​​​អ្នក​​​ស្រី​​​ ញឿង បាន​​​​​​លើក​​​ឡើង​​​ថា តុលាការ​​​បាន​​​ប្រកាស​​​សាល​​​ក្រម​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​គ្មាន​​​ទោស​​​កំហុស​​​ឡើយ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “ចៅក្រម​​​ សាំង​​​ សេរី បាន​​​ប្រកាស​​​សាល​​​ក្រម​​​នៅ​​​ក្នុង​​​តុលាការ​​​ ហើយ​​​សម្រេច​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ចុង​​​ចោទ​​​ព្រោះ​​​គ្មាន​​​ភ័ស្តុ​​​តាង​​​ដាក់​​​បន្ទុក​​​ឡើយ។ វា​​​យុត្តិធម៌​​​សម្រាប់​​​កូន​​​​​​ក្តី​​​របស់​​​ខ្ញុំ​​​ ព្រោះ​​​គាត់​​​មិន​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​នោះ​​​ទេ​​​ ហើយ​​​តុលាការ​​​គ្មាន​​​ភ័ស្តុតាង​​​ចោទ​​​ប្រកាន់​​​គាត់​​​ឡើ​​​យ​​​”។

ចៅក្រម​​​ ប្រធាន​​​ និង​​​អនុ​​​ប្រធាន​​​តុលាការ ​​​​​​សុទ្ធ​​​តែ​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​។ លោក ហេង ហ៊ុយ បាននិយាយ​​​ថា លោក​​​​​​មាន​​​ការ​​​ខក​​​ចិត្ត​​​ចំពោះ​​​សាល​​​ក្រម​​​នេះ​​​ដោយ​​​​​​លើក​​​ឡើង​​​ថា ថ្នាំ​​​សម្លាប់​​​សត្វ​​​ល្អិត​​​ដែល​​​រក​​​ឃើញ​​​នៅ​​​ក្រោម​​​ផ្ទះ​​​របស់​​​អ្នក​​​ស្រី ញឿង គួរ​​​តែ​​​ជា​​​ភ័ស្តុតាង​​​គ្រប់​​​គ្រាន់​​​ ដើម្បីបង្ហាញ​​​ពី​​​ទោស​​​កំហុស​​​របស់​​​អ្នកស្រី។ លោក​​​បាន​​​និយាយ​​​ថា “វា​​​អយុត្តិធម៌​​​ណាស់​​​​​​ ប៉ុន្តែ យើង​​​មិន​​​ដឹង​​​ថា យ៉ាង​​ម៉េច​​​ទេ​​​​​​ វា​​​គឺ​​​ជា​​​ការ​​​សម្រេច​​​របស់​​​តុលាការ​​​។

គេ​​​បាន​​​រក​​​ឃើញ​​​ ថ្នាំ​​​សម្លាប់​​​សត្វ​​​ល្អិត​​​នៅ​​​ក្រោម​​​ផ្ទះ​​​របស់​​​គាត់​​​ដែល​​​ប្រើ​​​ដើម្បីបំពុល​​​គោ​​​ចំនួន​​​ពីរ​​​ក្បាល​​​”។ លោក ហេង ហ៊ុយ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​នៅ​​​មិន​​​ទាន់​​​សម្រេច​​​នៅ​​​ឡើយ​​​ទេ​​​ ថាត្រូវ​​​ប្តឹង​​​ទាស់​​​ ឬក៏​​​អត់​​​នោះ​​​។ អំឡុង​​​ពេល​​​​​​បើក​​​សវនាការ​​​កាល​​​ពីថ្ងៃ​​​ទី​​​១០​​​ខែ​​​មិថុនា អ្នកស្រី ញឿង បាន​​​​​​លើក​​​ឡើង​​​ថា អ្នក​​​ស្រី​​​មិន​​​បាន​​​ស្ថិត​​​នៅ​​​កន្លែង​​​ដែល​​​គោ​​​បាន​​​ងាប់​​​នោះ​​​ឡើយ​​​​​​នៅ​​​ថ្ងៃកើត​​​ហេតុ​​​នោះ​​​ ហើយ​​​បាន​​​ចោទ​​​ប្រកាន់​​​លោក ហេង​​​ ហ៊ុយ ថា បាន​​​ព្យាយាម​​​ប្រើ​​​ប្រព័ន្ធ​​​តុលាការ​​​ដើម្បី​​​បំភិត​​​បំភ័យ​​​អ្នក​​​ភូមិ​​​ឲ្យឈប់​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​។ ក្រុមហ៊ុន ហេង ហ៊ុយ អឹគ្រីខាលឆឺ គ្រុប​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨ ប៉ុន្តែ វិវាទ​​​បាន​​​កើតមាន​​​​​​ឡើង​​​បន្ទាប់​​​ពី ក្រុមហ៊ុន​​​នេះ​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​ថា បាន​​​​​​ទន្ទ្រាន​​​​​​ចូល​​​​​​ដី​​​ដែល​​​ស្ថិត​​​នៅ​​​ក្រៅ​​​ព្រំប្រទល់​​​​​​​​​របស់​​​ខ្លួន​​​។

អ្នក​​​ភូមិ​​​ចំនួន​​​២៤​​​គ្រួសារ​​​បាន​​​ព្រម​​​ព្រៀង​​​ជាមួយ​​​ក្រុមហ៊ុន​​​នេះ​​​ដោយ​​​ព្រម​​​ចាក​​​ចេញ​​​ពី​​​ដី​​​មាន​​​វិវាទនេះ​​​​​​កាល​​​ពី​​​ឆ្នាំ ២០១០​​​ ប៉ុន្តែ អ្នក​​​ភូមិ​​​ចំនួន​​​​​​បួន​​​គ្រួសារ​​​រួម​​​ទាំង​​​គ្រួសារ​​​របស់​​​លោក​​​ស្រី ញឿង ផង​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​កាន់​​​សាលា​​​ដំបូង​​​ខេត្ត​​​កាល​​​ពីឆ្នាំ​​​២០១៣​​​ដោយ​​​អះអាង​​​ថា ពួក​​​គាត់​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យ​​​ចុះ​​​ហត្ថលេខា​​​លើក​​​កិច្ច​​​សន្យា ហើយ​​​បាន​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​ចាត់​​​ទុក​​​កិច្ច​​​សន្យា​​​នេះ​​​ជា​​​អសារបង់​​​។ លោក ហេង​​​ ហ៊ុយ បាន​​​បដិសេធ​​​ថា មិន​​​បាន​​​ទន្ទ្រាន​​​ចូល​​​ដី​​​របស់​​​អ្នក​​​ភូមិ​​​នោះ​​​ឡើយ​​​”៕ ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស