29 C
Phnom Penh

រោង​​​អារឈើ​​​ត្រូ​​​វ​​​បាន​​​រក​​​ឃើញ​​​ក្នុង​​​ព្រៃ​​​ជ្រៅនៅ​​​ខេត្ត​​​ឧត្តរមាន​​​ជ័យ​​​ ខណៈឈើ​​​ប្រណីត​​​ត្រូវ​​​បាន​​​រឹបអូស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា កាល​​​ពី​​​ថ្ងៃ​​​ពុធ មន្ត្រី​​​រដ្ឋាបាល​​​ព្រៃ​​​ឈើ​​​ក្នុង​​​ខេត្ត​​​ឧត្តរមាន​​​ជ័យ​​​បាន​​​រក​​​ឃើញ​​​​​​រោង​​​អារ​​​ឈើ និង​​​ឈើ​​​ប្រណិត​​​រាប់​​​ពាន់​​​ដុំ​​​នៅ​​​ក្នុង​​​តំបន់​​​ព្រៃ​​​ដាច់​​​ស្រយាល​​​ ដែល​​​មាន​​​តែ​​​ទាហាន​​​នៅ​​​ទី​​​នោះ​​​។ យោង​​​តាម​​​លោក ម៉ៅ សំណាង នាយ​​​ប៉ុស្តិ៍​​​​​​ សង្កាត់​​​កូន​​​ក្រៀល បាន​​​ឲ្យ​​​ដឹងថា ​​​រោង​​​អារ​​​ឈើ​​​នេះ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​​​​ សង្កាត់​​​កូនក្រៀល​​​ ក្រុង​​​​សំរោង​​​ ចម្ងាយ​​​ប្រហែល​​​២០គីឡូម៉ែត្រ​​​ពី​​​ព្រំដែន​​​កម្ពុជា-ថៃ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ មាន​​​តែ​​​កង​​​យោធពល​​​ខេមរៈភូមិន្ទប៉ុណ្ណោះ​​​ ដែល​​​​​​អាច​​​ចូល​​​តំបន់​​​នោះបាន​​​ ហើយ​​​អ្នក​​​ភូមិរបស់​​​យើង​​​មិន​​​ដែល​​​ទៅ​​​ទី​​​នោះ​​​ឡើយ​​​ ប៉ុន្តែ យើង​​​មិន​​​ហ៊ាន​​​បន្ទោស​​​ទាហាន​​​នោះទេ​​​”។ លោក សំណាង បាន​​​លើក​​​ឡើង​​​ថា រោង​​​អារឈើ​​​នេះ​​​បាន​​​មាន​​​ប្រតិបត្តិការ​​​ប្រហែល​​​បី​​​ខែ​​​មក​​​ហើយ​​​ ហើយ​​​ជា​​​កម្មសិទ្ធិ​​​របស់​​​អ្នក​​​ជំនួញ​​​ម្នាក់​​​ដែល​​​លោក​​​បដិសេធ​​​មិន​​​​​​ប្រាប់​​​ឈ្មោះ​​​។

លោក​​​បាន​​​បន្ថែម​​​ថា តំបន់​​​ដែល​​​រោង​​​អារ​​​ឈើ​​​នេះ​​​ស្ថិត​​​នៅ​​​​​​​​​គឺ​​​មាន​​​ការ​​​យាម​​​កាម​​​ដោយ​​​ទាហាន​​​មក​​​ពី​​​កង​​​ពល​​​តូច​​​លេខ​​​៤២​​​នៃ​​​កង​​​ពល​​​ធំ​​​លេខ​​​៤នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ ឥឡូវ​​​នេះ​​​នៅ​​​សល់​​​តែ​​​ដើម​​​ឈើ​​​តូច​​​ៗ​​​ប៉ុណ្ណោះ​​​ ឈើ​​​ល្អ​​​ទាំង​​​អស់​​​បាត់​​​បង់​​​អស់​​​ហើយ​​​”។ លោក​​​ ប៉ែន វ៉ូយ មេបញ្ជាការ​​​កង​​​ពល​​​តូច​​​លេខ​​​៤២មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ឡើយ​​​កាល​​​ពី ម្សិលមិញ។

លោក ចេង ដេវីដ មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប​​​នៅក្នុង​​​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​បាន​​​លើក​​​ឡើង​​​ថា ក្រុមការងារ​​​របស់​​​លោក​​​កំពុង​​​ដឹក​​​ជញ្ជូន​​​ឈើ​​​ដែល​​​ភាគ​​​ច្រើន​​​ជា​​​កំណាត់​​​ឈើ​​​ប្រភេទ​​​ធ្នង់​​​ដែល​​​អាច​​​លក់​​​បាន​​​រាប់​​​ពាន់​​​ដុល្លារ​​​ក្នុង​​​មួយ​​​មែ៉ត្រ​​​គូបចេញ​​​ពីក្នុង​​​ព្រៃ​​​ ហើយ​​​​​​ត្រឡប់​​​ទៅ​​​ទីបញ្ជាការ​​​ដ្ឋាន​​​ក្នុង​​​ក្រុង​​​សំរោង​​​វិញ។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា នៅ​​​ពេល​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​បាន​​​ទៅ​​​ដល់​​​កន្លែង​​​​​​​​​អារឈើ​​​នោះ​​​ មនុស្ស​​​ដែល​​​កំពុង​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​បាន​​​រត់​​​ចែក​​​ជើង​​​គ្នា​​​ចូល​​​ក្នុង​​​ព្រៃ ហើយ​​​គេ​​​មិន​​​អាច​​​ចាប់​​​ខ្លួន​​​អ្នក​​​ទាំង​​​នោះ​​​បាន​​​ឡើយ​​​។

លោក ដេវីដ បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​នៅ​​​មិន​​​ទាន់​​​​​​វាស់​​​​​​ឈើ​​​​​​ទាំង​​​នោះ​​​នៅ​​​ឡើយ​​​ទេ​​​ ប៉ុន្តែ ឈើ​​​ដែល​​​រឹប​​​អូស​​​បាន​​​ទាំងនេះ​​​មាន​​​រាប់​​​ពាន់​​​ដុំ​​​ ហើយ​​​គេ​​​ក៏​​​រឹប​​​អូស​​​បានរណារ​​​ចំនួន​​​បី​​​គ្រឿង​​​ផង​​​ដែរ​​​។ ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​តែ​​​សើុបអង្កេត​​​ ដើម្បី​​​រក​​​ឲ្យឃើញ​​​ថា នរណា​​​ជា​​​ម្ចាស់​​​រោង​​​អារ​​​ឈើ​​​នេះ​​​ ព្រោះ​​​វា​​​ស្ថិត​​​នៅ​​​ក្នុង​​​ព្រៃ​​​​​​ជ្រៅ”។

យោងតាម​​​លោក អ៊ុំ សុភក្ត្រ អភិបាល​​​ក្រុង​​​សំរោង​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោកអភិបាល​​​ខេត្ត​​​ ស ថាវី បាន​​​ថ្លែង​​​នៅ​​​ក្នុង​​​ពិធី​​​រុក្ខ​​​ទិវា​​​មួយ​​​នៅ​​​ក្នុង​​​ក្រុង​​​នេះ​​​កាល​​​ពីថ្ងៃពុធ ដោយ​លោក​​​បាន​​​ពិភាក្សា​​​អំពីប្រតិបត្តិការ​​​ចុះបិទ​​​​​​រោង​​​អារ​​​ឈើ​​​នេះ​​​។ លោក​​​ សុភក្ត្រ បាន​​​មាន​​​ប្រសាសន៍​​​ថា “ ប៉ុន្តែ លោក​​​មិន​​​បាន​​​បន្ទោស​​​ទាហាន​​​ថា បាន​​​​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ឡើយ​​​ លោក​​​គ្រាន់​​​តែ​​​មាន​​​ប្រសាសន៍​​​ថា មាន​​​ឈើ​​​រាប់​​​ពាន់​​​ដុំ​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ប៉ុណ្ណោះ”៕ ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស