
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនរួមកម្ពុជា-វៀតណាម បានរៀបចំសន្និសីទកាសែតមួយកាលពីម្សិលមិញដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់គណបក្សប្រឆាំងដែលលើកឡើងថា លោកមិនបញ្ចេញផែនទីរបស់រដ្ឋាភិបាលដែលបង្ហាញពីព្រំដែនកម្ពុជា-វៀតណាម ដោយសារតែផែនទីទាំងនោះគូរដោយវៀតណាម នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
ក្នុងរយៈពេលជាង១ខែមកនេះ លោក វ៉ា គឹមហុង បានច្រានចោលការអំពាវនាវរបស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលសុំឲ្យបញ្ចេញផែនទីច្បាប់ចម្លងដែលគណៈកម្មាធិការរបស់លោកប្រើប្រាស់ដើម្បីកំណត់ព្រំដែន បណ្តាលឲ្យមានការអះអាងថា លោកមិនបានប្រើប្រាស់ផែនទីផ្លូវការគូរដោយបារាំង នៅក្នុងឆ្នាំ១៩៥៣ និងដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញឡើយ។
មុនពេលលោកបង្ហាញផែនទីចាស់គូរដោយបារាំង ទៅដល់អ្នកមានវត្តមាននៅក្នុងសន្និសីទនោះ ដែលរួមមានទាំងលោក រៀល ខេមរិន្ទ្រ និងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផង លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា លោកសង្ឃឹមថា កាយវិការនេះនឹងបញ្ចប់ការអះអាងដែលលើកឡើងថា រដ្ឋាភិបាលនៅតែកំពុងប្រើប្រាស់ផែនទីគូរអំឡុងការត្រួតត្រារបស់វៀតណាម នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
លោក វ៉ា គឹមហុង ដែលមានឋានៈជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននៅទីស្ដីការគណៈរដ្ឋមន្ត្រីផងដែរនោះ បានមានប្រសាសន៍ថា “ខ្ញុំសូមរំឭកអស់លោកចំពោះការចោទប្រកាន់ធ្ងន់ៗមកលើរដ្ឋាភិបាលកម្ពុជា ពីសំណាក់ឯកឧត្ដមមួយចំនួន និងសាធារណជនដែលចោទថា យើងបានប្រើប្រាស់ផែនទីក្លែងក្លាយ ឬផែនទីខុស”។
លោកបានលើកឡើងទៀតថា ការអះអាងបែបនេះគឺស្មើនឹងការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា “ក្បត់ជាតិ ដោយសារតែការប្រើប្រាស់ផែនទីខុសសម្រាប់កំណត់ព្រំដែន បណ្តាលឲ្យប្រទេសរបស់យើងបាត់បង់ទឹកដី និងអធិបតេយ្យ”។
លោកបានបកស្រាយថា “ផែនទីដែលបង្ហាញនៅទីនេះ គឺដើម្បីចៀសវាងកុំឲ្យមានការរិះគន់បែបនេះទៀត។ ដូច្នេះសូមកុំយកបញ្ហាព្រំដែនទៅធ្វើយុទ្ធនាការដើម្បីទទួលបានប្រជាប្រិយភាព”។
ដោយមានជំនួយការជួយត្រដាងផែនទីចាស់ៗជាច្រើនផ្ទាំងនៅលើកម្រាលព្រំខាងមុខតុរបស់ខ្លួន លោក វ៉ា គឹមហុង បានអញ្ជើញឲ្យក្រុមអ្នកយកព័ត៌មាន និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងពីររូបពិនិត្យមើលភាពត្រឹមត្រូវនៃផែនទីទាំងនោះ ហើយអំឡុងពេលនោះលោកថែមទាំងបានស្រែកប្រាប់លោក រៀល ខេមរិន្ទ្រ កុំឲ្យជាន់ផែនទីទាំងនោះទៀតផង។
លោកបានមានប្រសាសន៍ថា “ផែនទីដែលយើងកំពុងបង្ហាញនៅទីនេះ គឺជាផែនទីភូមិសាស្ត្រឥណ្ឌូចិន និងផែនទី២៦ផ្ទាំងទៀតដែលរកឃើញនៅនាយកដ្ឋានភូមិសាស្ត្ររបស់យើងនៅទីនេះ នៅពេលយើងត្រូវបានរំដោះក្នុងឆ្នាំ១៩៧៩។ ផែនទីផ្សេងៗទៀត យើងទទួលបានពីនាយកដ្ឋានភូមិសាស្ត្របារាំង”។
លោក វ៉ា គឹមហុង បានចំណាយពេល៤ម៉ោងបន្ទាប់ដើម្បីបង្ហាញច្បាប់ចម្លងឌីជីថលនៃផែនទីបារាំង ដែលបង្ហាញពីព្រំប្រទល់ក្នុងខេត្តមួយចំនួនដូចជាខេត្តកណ្ដាល ព្រែវែង និងកំពតជាដើម ដោយពន្យល់បកស្រាយថា កម្ពុជា និងវៀតណាម បានបោះបង្គោលព្រំដែនយ៉ាងត្រឹមត្រូវយោងទៅតាមផែនទីនេះ។
ប៉ុន្តែលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ដែលបានជួយដឹកនាំយុទ្ធនាការព្រំដែនរបស់គណបក្សសង្គ្រោះជាតិក្នុងពេលថ្មីៗនេះ បានជំទាស់ការអះអាងរបស់លោក វ៉ា គឹមហុង ដែលលើកឡើងថា បង្គោលព្រំដែនត្រូវបានបោះនៅទីតាំងសមស្របនៅក្នុងខេត្តកំពត។
លោកបានលើកយកការធ្វើដំណើររបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចុះទៅពិនិត្យមើលស្ថានភាពព្រំដែននៅទីនោះក្នុងពេលថ្មីៗនេះ មកធ្វើជាភ័ស្តុតាងដើម្បីបញ្ជាក់ ដោយបណ្ដាលឲ្យមានប្រកែកគ្នាតឹងសរសៃកជាមួយជំនួយការមួយរូបក្នុងចំណោមជំនួយការរបស់លោក វ៉ា គឹមហុង ដែលបានលើកឡើងថា ខ្លួនក៏បានចុះទៅពិនិត្យមើលតំបន់នោះដែរកាលពីពេលថ្មីៗនេះ ហើយមើលឃើញថា បង្គោលព្រំដែនទាំងនោះគឺត្រឹមត្រូវ។
កាលពីខែមុន ដោយសារតែលោក វ៉ា គឹមហុង បដិសេធមិនបញ្ចេញផែនទីរបស់រដ្ឋាភិបាល គណបក្សសង្គ្រោះជាតិបានងាកទៅសុំច្បាប់ចម្លងឌីជីថលនៃផែនទីបារាំង
ពីវិទ្យាស្ថានជាតិភូមិសាស្ត្រ (National Geographic Institute) នៅក្នុងទីក្រុងប៉ារីស។
កាលពីម្សិលមិញលោក វ៉ា គឹមហុង បានមានប្រសាសន៍ថា លោកនឹងនៅតែមិនប្រគល់
ផែនទីច្បាប់ចម្លងរបស់រដ្ឋាភិបាលឲ្យទៅគណបក្សប្រឆាំងដដែល ប៉ុន្តែលោករីករាយនឹងពិនិត្យមើលផែនទីរបស់គណបក្សសង្គ្រោះជាតិដើម្បីកំណត់ថា តើវាជាច្បាប់ចម្លងស្របច្បាប់នៃផែនទីគូរដោយបារំាង ឬយ៉ាងណា។
លោកបានមានប្រសាសន៍សំដៅដល់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថា “ទុកឲ្យអ្នកជំនាញរបស់យើងពិនិត្យផ្ទៀងផ្ទាត់ ហើយចាំប្រគល់លទ្ធផលឲ្យទៅគាត់។ ខ្ញុំនឹងមិនប្រគល់ [ផែនទីរបស់រដ្ឋាភិបាល] ឲ្យទេ ពីព្រោះយើងធ្លាប់បានបង្ហាញវាឲ្យគាត់មើលរួចហើយ”។
លោក សម រង្ស៊ី បានមានប្រសាសន៍តាមទូរស័ព្ទកាលពីម្សិលមិញថា លោកជឿថា ការស្ទាក់ស្ទើររបស់លោក វ៉ា គឹមហុង ក្នុងបង្ហាញផែនទីរបស់ខ្លួនសម្រាប់ការពិនិត្យពិច័យជាសាធារណៈ បង្ហាញថា លោកកំពុងតែលាក់បាំងអ្វីម្យ៉ាងហើយ ប៉ុន្តែលោករីករាយនឹងប្រគល់ផែនទីរបស់លោកដើម្បីធ្វើការផ្ទៀងផ្ទាត់។
លោកបានថ្លែងថា “ប៉ុន្តែខ្ញុំរំពឹងនឹងមានការធ្វើដូចគ្នាដើម្បីបញ្ជាក់ថា តើផែនទីរបស់ពួកគេក្លែងក្លាយ ឬអត់”។ លោកបានមានប្រសាសន៍បន្តថា ការបង្ហាញផែនទីទាំងនេះត្រួសៗ មិនបានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់វា ឬក៏ពិនិត្យមើលថា តើបង្គោលព្រំដែនត្រូវបានបោះដោយត្រឹមត្រូវ ឬក៏អត់នោះទេ។
មាត្រា២នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ចែងថា ផែនទីតែមួយគត់ដែលអាចយកមកប្រើប្រាស់បានដើម្បីកំណត់ព្រំដែនរបស់កម្ពុជា គឺជាផែនទីគូរដោយបារំាង ដែលប្រើខ្នាត១/១០០.០០០នៅក្នុងឆ្នាំ១៩៥៣ និងដែលត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ពេញលេញនៅក្នុងឆ្នាំ១៩៦៩។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “គេប្រហែលជានិយាយថា ពេលនេះគេបានបង្ហាញផែនទីត្រឹមត្រូវហើយ ប៉ុន្តែតើគេបានប្រើប្រាស់ផែនទីទាំងនោះដោយរបៀបណា? យើងចង់ឃើញផែនទីនោះដើម្បីផ្ទៀងផ្ទាត់ថាតើគេបានសម្រេចគូរព្រំដែនដោយរបៀបណា។ ការធ្វើបទបង្ហាញរបស់លោក វ៉ា គឹមហុង ជាជាងការផ្ដល់ចម្លើយ បានធ្វើឲ្យមានសំណួរចោទសួរកាន់តែច្រើន”។
លោក អ៊ុំ សំអាន បានធ្វើសន្និសីទកាសែតដាច់ដោយឡែកមួយដោយឥតព្រាងទុកនៅខាងក្រៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ ភ្លាមៗបន្ទាប់ពីសន្និសីទកាសែតរបស់លោក វ៉ា គឹមហុង ប៉ុន្តែត្រូវបានសន្តិសុខបញ្ឈប់ទាំងកណ្ដាលទី។
លោកបានមានប្រសាសន៍ថា “និយាយជារួម ផែនទីទាំងនេះ គឺយួនជាអ្នកគូរនៅទសវត្សរ៍១៩៨០” មុនពេលសន្តិសុខបណ្ដេញក្រុមអ្នកយកព័ត៌មានឲ្យចេញពីតំណាងរាស្ត្ររូបនេះ៕ សុខុម