26 C
Phnom Penh

ក្រុង​​​ភ្នំពេញនិ​ង​​​ក្រុង​​​ហាណូយ​​​នឹង​​​សើុប​​​អង្កេត​​​ការ​​​វាយ​​​តប់​​​គ្នា​​​នៅ​​​តាម​​​ព្រំដែន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​វៀតណាម​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​ចម្រុះ​​​មួយ​​​ ដើម្បី​​​សើុប​​​អង្កេត​​​ដំណើរ​​​ទៅ​​​ពិនិត្យ​​​ព្រំដែន​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​ទៅ​​​កាន់​​​បង្គោល​​​ព្រំដែន​​​មាន​​​ជម្លោះ​​​ក្នុ​​​ង​​​ខេត្ត​​​ស្វាយ​​​រៀង​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​ ជា​​​កន្លែង​​​ដែល​​​លោក​​​ រៀល ខេមរិន្ទ្រ​​​ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​​​​អះ​​​អាង​​​ថា រូប​​​លោក​​បាន​​ទទួល​​​រង​​​ការ​​​វាយ​​​ដំ​​​ពី​​​សំណាក់​​​ជន​​​ស៊ីវិល​​​វៀតណាម​​​ ដែល​​​គាំទ្រ​​​ដោយ​​​ទាហាន​​​។

ការ​​​ធ្វើ​​​ដំណើរ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​មិថុនា​​​ មាន​​​បំណង​​​ដើម្បី​​​សិក្សា​​​បង្គោល​​​ព្រំដែន​​​​​​លេខ​​​​​​២០៣​​​​​​​​ក្នុង​​​ស្រុក​​​កំពង់​​​រោទិ៍ ប៉ុន្តែ បាន​​​កើត​​​មាន​​​ការ​​​វាយ​​​តប់​​​គ្នា​​​ នៅ​​​ពេល​​​ដែល​​​ពល​​​រដ្ឋ​​​ខ្មែរ​​​រាប់​​​រយ​​​នាក់​​​ជួប​​​នឹង​​​ក្រុម​​​ជនជាតិ​​​​​​វៀតណាម​​​​​​ក្នុង​​​តំបន់​​​នោះ​​​ ដែល​​​មិន​​​ទាន់​​​បោះ​​​បង្គោល​​​កំណត់​​​ព្រំដែន​​​ពេញ​​​លេញ​​​នៅ​​​ឡើយ​​​​​។

រដ្ឋាភិបាល​​​ក្រុង​​​ហាណូយ​​​ បាន​​​អះ​​​អាង​​​ថា ពល​​​រដ្ឋ​​​ និង​​​ក្រុម​​​​​​សន្តិសុខ​​​របស់​​​ខ្លួន​​​​​​បាន​​​ទទួល​​​រង​​​ការ​​​វាយ​​ដំ​​​ ដោយ​​​មាន​​​មនុស្ស​​​ប្រាំពីរ​​​នាក់​​​បាន​​​រង​​​របួស​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​ព្យាយាម​​​ឃាត់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​មិន​​​ឲ្យ​​​ឆ្លង​​​ចូល​​​ទឹក​​​ដី​​​វៀតណាម​​​។

សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​ពី​​​ក្រសួង​​​ការ​​​បរទេស​​​ចេ​​​ញ​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ និយាយ​​​ថា “រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​ឯកភាព​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​​​​ចម្រុះ​​​ដែល​​​មាន​​​ភារកិច្ច​​​ក្នុង​​​ការ​​​បន្ត​​​ពិនិត្យ​​​ និង​​​បំភ្លឺ​​​ពី​​​ឧប្បត្តិហេតុ​​​ដែល​​​បាន​​​កើត​​​ឡើង…តាម​​​ការ​​​ស្នើ​​​សុំ​​​”។

ទាក់​​​ទង​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក​​​ ជុំ​​​ សុន្ទរី អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការបរទេស​​​មិន​​​អាច​​​ផ្តល់​​​សេចក្តី​​​ពិស្ដារ​​​ថា នរណា​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​គណៈកម្មាធិការ​​​ ឬ​​​ថា គណៈកម្មាធិការ​​​នេះ​​​មាន​​​សមាជិក​​​ប៉ុន្មាន​​​នាក់​​​នោះ​​​ទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ទើប​​​តែ​​​ដំណើរ​​​ការ​​​រៀ​​ប​​​ចំ​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​ចម្រុះ​​​នេះ​​​ដើម្បី​​​បំភ្លឺ​​​ឧប្បត្តិហេតុ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​មិថុនា នៅ​​​ស្រុក​​​ំពង់​​​រោទិ៍។ ខ្ញុំ​​​មិន​​​ដឹង​​​សមាសភាព​​​ទេ​​​”។

លោក​​​ ខេមរិន្ទ្រ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​ទាំង​​​ពី​​​រ​​​គួរ​​​សើុបអង្កេត​​​ជម្លោះ​​​នេះ​​​ដោយ​​​ឯករាជ្យ​​​ ហើយ​​​បន្ទាប់មក​​​ប្រៀបធៀប​​​លទ្ធផល​​​ដែល​​​រក​​​ឃើញ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ដោយ​​​សារ​​​តែ​​​រដ្ឋាភិបាល​​​វៀតណាម​​​តែ​​​ងតែ​​​ប្រើ​​​ឥទ្ធិពល​​​របស់​​​ខ្លួន​​​លើ​​​រដ្ឋាភិបាល​​​កម្ពុជា​​​នោះ លទ្ធផល​​​រក​​​ឃើញ​​​នឹង​​​មិន​​​អា​ច​​​ទទួលយក​​​​​​បាន​​​ទេ​​​ ប្រសិន​​​បើ​​​ឧប្បត្តិហេតុ​​​នេះ​​​ត្រូវ​​​ពិនិត្យ​​​ដោយ​​​ក្រុម​​​ការ​​​ងារ​​​ចម្រុះ​​​នៃ​​​ប្រទេស​​​ទាំង​​​ពីរ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ដើម្បី​​​បាន​​​លទ្ធផល​​​រក​​​ឃើញ​​​​​​ត្រឹម​​​ត្រូវ​​​ ប្រទេស​​​ទាំង​​​ពីរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​​​បង្កើត​​​ក្រុម​​ការ​​​ងារ​​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​​​​ ហើយ​​​យក​​​មក​​​ប្រៀប​​​ធៀប​​​ការ​​​រក​​​ឃើញ​​​​​​នៃ​​​ក្រុម​​​ការ​​​ងារ​​​យួន ជា​​​មួយ​​​នឹង​​​ការ​​​រក​​​ឃើញ​​​នៃ​​​​​​ក្រុម​​​ការ​​​ងារ​​​ខ្មែរ”។

លោក ខេមរិន្ទ្រ​​​ ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គួរ​​​មាន​​​តួនាទី​​​ក្នុង​​​ការ​​​ស៊ើុប​​​អង្កេត​​​នេះ​​​ដែរ​​​។ ក្នុង​​​ពេល​​​ប៉ុន្មាន​​​សប្តាហ៍​​​ថ្មី​​​ៗនេះ​​​ រដ្ឋាភិបាល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​បាន​​​ផ្ញើ​​​កំណត់​​​ទូត​​​​​​​​​ចំនួន​​​បី​​​ទៅ​​​រដ្ឋាភិបាល​​​ក្រុង​​​ហាណូយ​​​ ដោយ​​​ទាម​​​ទារ​​​ឲ្យ​​​បញ្ឈប់​​​ការ​​​លុក​​​លុយ​​​ចូល​​​ប្រទេស​​​កម្ពុជា​​​ ក្នុង​​​នោះ​​​មាន​​​ទាំង​​​ការ​​​ជីក​​​ស្រះ​​​​​​ទឹក​​​ ការ​​​សាង​​​សង់​ប៉ុស្តិ៍​​​យោធា និង​​​ការ​​​ធ្វើ​​​ផ្លូវ​​​នៅ​​​តាម​​​ព្រំដែន​​​មាន​​​ជម្លោះ​​​ជា​​​ដើម​​​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ក៏​​​បាន​​​ជួប​​​ជាមួយ​​​សមាជិក​​​​​​នៃ​​​ការិយាល័យ​​​នយោបាយ​​​មជ្ឈិម​​​បក្ស​​​របស់​​​វៀតណាម​​​នៅ​​​ខែ​​​មុន​​​ និង​​​បាន​​​ស្នើ​​​ឲ្យ​​​មាន​​​ “ភាព​​​ស្ងៀម​​​ស្ងាត់​​​” អំឡុង​​​ដំណើរ​​​ចុះ​​​ពិនិត្យ​​​ដែល​​​ដឹកនាំ​​​ដោយ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​តំបន់​​​មាន​​​ជម្លោះ​​​តាម​​​បណ្តោយ​​​ព្រំដែន​​​។

ទាក់​​​ទង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក កែម ឡី អ្នក​​​វិភាគ​​​នយោបាយ​​​ និង​​​ជា​​​ស្ថាបនិក​​​នៃ​​​ក្រុម​​​តស៊ូ​​​មតិ​​​នយោបាយ​​​ខ្មែរ​​​ដើម្បី​​​ខ្មែរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​ទាំង​​​ពីរ​​​​​​នឹង​​​ពិបាក​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ព្រំដែន​​​នេះ​​​​​​ដោយ​​​ខ្លួន​​​ឯង​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គេ​​​មិន​​​អាច​​​បន្ត​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទាំង​​​នេះ​​​ម្តង​​​មួយ​​​ៗ​​​បាន​​​ទេ​​​។ ដើម្បី​​​បញ្ចប់​​​ជម្លោះ​​​ព្រំដែន​​​នេះ​​​ ចាំ​​​បាច់​​​ត្រូវ​​​មាន​​​យន្ត​​​ការ​​​ថ្នាក់​​​តំបន់​​​ ឬ​​​អន្តរ​​​ជាតិ​​​ តុលាការ​​​អន្តរជាតិ​​​ ដូច​​​ករណី​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​អ៊ីចឹង​​​​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​សើុប​​​អង្កេត​​​ដោយ​​​ក្រុម​​​ការ​​​ងារ​​​ចម្រុះ​​​ថ្មី​​​នេះ​​​​​​មិន​​​ទំនង​​​ជា​​​នឹង​​​បាន​​​លទ្ធផល​​​អព្យាក្រឹត្យ​​​ទេ​​​ ដោយសារ​​​តែ​​​ទំនាក់​​​ទំនង​​​ជា​​​ប្រវត្តិសាស្ត្រ​​​រវាង​​​រដ្ឋាភិបាល​​​ទាំង​​​ពីរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “រដ្ឋាភិបាល​​​បច្ចុប្បន្ន​​​ [របស់​​​ប្រទេស​​​កម្ពុជា]​​​ ​​​បាន​​​កើត​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​១៩៨០​​​ ដោយ​​​សារ​​​រដ្ឋាភិបាល​​​ក្រុង​​​ហាណូយ ហើយ​​​មនុស្ស​​​ដដែល​​​ទាំងអស់​​​ហ្នឹង​​​កំពុង​​​ធ្វើ​​​ការ​​​ក្នុង​​​រដ្ឋាភិបាល​​​នេះ​​​នៅ​​​ឡើយ​​​។ នៅ​​​ពេល​​​ពួក​​​គេ​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​មួយ​​​ដូច​​​នេះ​​​ វា​​​អាច​​​បិទបាំង​​​បញ្ហា​​​ មិន​​​មែន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទេ​​​”៕មានិត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស