31.4 C
Phnom Penh

នៅ​​​ឯ​​​សវនាការ​​​​​​លើ​​​បណ្ដឹង​​​សាទុក្ខ​​​​​​ សាក្សី​​​ប្រាប់​​​សាលា​​​ក្តី​​​អំពី​​​ការ​​​សម្លាប់​​​រង្គាល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ពេល​​​ដែល​​​សវនាការ​​​លើ​​​បណ្តឹង​​​សាទុក្ខ​​​ បាន​​​បន្ត​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ប្រឆាំង​​​នឹង​​​សាលក្រម​​​មាន​​​ពិរុទ្ធ​​​ ដែល​​​សម្រេច​​​ចំពោះ​​​ នួន ជា​​​ និង​​​ ខៀវ សំផន ក្នុង​​​ដំណាក់​​​កាល​​​ទី​​​១​​​នៃ​​​សំណុំ​​​រឿង​​​០០២នោះ​​​​​​ កូនប្រុស​​​នៃ​​​អតីត​​​ទាហាន​​​ លន់ នល់ ម្នាក់​​​ បាន​​​ប្រាប់​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​អំពី​​​​​​ដំណើរ​​​រឿង​​​​​ដែល​​​គាត់​​​ធ្វើ​​​ពុធ​​​ជា​​​ស្លាប់​​​ក្នុង​​​ចំណោម​​​សព​​​ដែល​​​គេ​​​សម្លាប់​​​ ដោយ​​​សារ​​​តែ​​​ការ​​​ជាប់​​​ទាក់​​​ទង​​​របស់​​​ពួក​​​គេ​​​ទៅ​​​នឹង​​​របប​​​​​​​​​ដែល​​​គាំទ្រ​​​ដោយ​​​អាមេរិក​​​។

នួន ជា មេដឹក​​​នាំ​​​ទី​​​២ របស់​​​ខ្មែរ​​​ក្រហម​​​ និង​​​ ខៀវ សំផន ជា​​​ប្រមុខ​​រដ្ឋ​​​ ត្រូវ​​​គេ​​​រក​​​ឃើញ​​​ថា​​​មាន​​​ពិរុទ្ធភាព​​​នៃ​​​ឧក្រិដ្ឋ​​​កម្ម​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​កាល​​​ពី​​​ខែ​​​សីហា នឹង​​​​​​ត្រូវ​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​មួយ​​​ជីវិត​​​ ចំពោះ​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ឧក្រិដ្ឋ​​​​​​របស់​​​ពួក​​​គេ​​​ក្នុង​​​ការ​​​ជម្លៀស​​​ប្រជាជន​​​ចេញ​​​ពី​​​ក្រុង​​​ភ្នំពេញ​​​​​​នៅ​​​ខែមេសា ឆ្នាំ​​​១៩៧៥ និង​​​វិសុទ្ធិកម្ម​​​ទាហាន​​​ និង​​​មន្ត្រីរបប​​​ លន់​​​ នល់ នៅ​​​ការដ្ឋាន​​​ទួល​​​ពោធិ៍ជ្រៃ ក្នុង​​​ខេត្ត​​​ពោធិ៍សាត់។

កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​ លោក សៅ វ៉ាន់ អតីតមេឃុំ​​​បាន​​​ប្រាប់​​​សាលា​​​ក្តី​​​ថា មន្ត្រី​​​ខ្មែរ​​​ក្រហម​​​ជាន់​​​ខ្ពស់​​​ ក្នុង​​​នោះ​​​មាន​​​ ខៀវ សំផន ផង​​​ដែរ​​​ បាន​​​ចេញ​​​បញ្ជា​​​មិន​​​ឲ្យ​​​ធ្វើ​​​បាប​​​អតីត​​​ទាហាន​​​របប​​​ លន់ នល់។ ក៏ប៉ុន្តែ កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក សំ សិទ្ធី ​​​​​​ដែល​​​មាន​​​អាយុ​​​១៤​​​ឆ្នាំ​​​កាល​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៧៥​​​ បាន​​​រៀប​​​រាប់​​​ផ្ទុយ​​​ស្រឡះ​​​ អំពី​​​​​​​​​អាកប្បកិរិយា​​​របស់​​​របប​​​នេះ​​​ចំពោះ​​​អ្នក​​​ដែល​​​មាន​​​​​ទំនាក់​​​ទំនង​​​នឹង​​​​​​របប​​​សាធារណរដ្ឋ​​​ខ្មែរ​​​។

លោក សិទ្ធី ជា​​​អធិការ​​​នគរ​​​បាល​​​ក្រុង​​​កំពង់​​​ឆ្នាំ​​​ង និង​​​ជា​​​កូន​​​ប្រុស​​​អតីត​​​ទាហាន​​​របប​​​ លន់ នល់ បាន​​​ប្រាប់​​​តុលាការ​​​អំពី​​​ដំណើរ​​​រឿង​​​​​ដែល​​​គ្រួសារ​​​របស់​​​លោក​​​​​​​​​ត្រូវ​​​បាន​​​គេ​​​ជម្លៀស​​​ចេញ​​​ពី​​​ភូមិ​​​ផ្អេរ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង​​​ បន្ទាប់ពី​​​កម្លាំង​​​កុម្មុយនិស្ត​​​បាន​​​ត្រួត​​​ត្រា​​​ក្រុង​​​ភ្នំពេញ​​​។

នៅ​​​ពេល​​​ដើរ​​​កាត់​​​តំបន់​​​ភ្នំ​​​នៅ​​​ជិត​​​នោះ​​​​​​​​​​​​ លោក សិទ្ធី​​​ បាន​​​និយាយ​​​ថា ពួក​​​គាត់​​​ត្រូវ​​​គេ​​​នាំ​​​​​​ទៅ​​​វត្ត​​​ច្រក​​​ស្តេច​​​ ដែល​​​នៅ​​​ទី​​​នោះ​​​មាន​​​ការ​​​ប្រកាស​​​ឲ្យ​​​ទាហាន​​​ និង​​​មន្ត្រី​​​នៃ​​​របប​​​មុន​​​មក​​​ចុះ​​​ឈ្មោះ​​​យក​​​អង្ករ​​​មុន​​​ពេល​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​​​​តាម​​​​​​តំណែង​​​ចាស់​​​របស់​​​ខ្លួន​​​វិញ​​​​​​។ លោក​​​បាន​​​និយាយ​​​ទៀត​​​ថា ពួក​​​គេ​​​ជួប​​​វាសនា​​​អាក្រក់​​​ជាង​​​ការ​​​ស្មាន។

លោក សិទ្ធី បាន​​​និយាយ​​​ថា ​​​”ពួក​​​គេ​​​បាន​​​ភូត​​​យើង​​​ទាំង​​​អស់​​​គ្នា​​​ថា យើង​​​អាច​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​…[ឪពុក​​​របស់​​​ខ្ញុំ​​​] បាន​​​ចុះ​​​ឈ្មោះ​​​ថា គាត់​​​ជា​​​អតី​​​ត​​​ទាហាន​​​។ បន្ទាប់​​​ពីការ​​​ចុះ​​​ឈ្មោះ​​​គេ​​​ហៅ​​​ឈ្មោះ​​​សមាជិក​​​គ្រួសារ​​​ ហើយ​​​គេ​​​បាន​​​នាំ​​​យើង​​​ទៅ​​​ខាង​​​ត្បូង​​​វត្ត​​​ និង​​​ប្រាប់​​​ថា យើង​​​នឹង​​​រក​​​ផ្ទះ​​​មួយ​​​​​​ដើម្បី​​​នៅ​​​”។

ក្រោយ​​​ពី​​​ដើរ​​​បាន​​​ចម្ងាយ​​​ប្រហែល​​​​​​​​​ពី​រ​​​​គីឡូម៉ែត្រ​​​ពីវត្ត​​​នោះ​​​​​​ ប្រជាជន​​​ប្រាំ​​​ពីរ​​​គ្រួសារ​​​ ដែល​​​សុទ្ធ​​​តែ​​​មាន​​​ទំនាក់​​​ទំនង​​​​​​នឹង​​​របប​​​សាធារណរដ្ឋ​​​ខ្មែរ​​​ ត្រូវ​​​បាន​​​គេ​​​បំបែក​​​ចេញ​​​ពី​​​គ្នា​​​ ហើយ​​​ប្រុស​​​ៗ​​​ត្រូវ​​​គេ​​​នាំ​​​ចូល​​​ព្រៃ​​​។ បន្ទាប់​​​ពី​​​ឮ​​​ស្នូរ​​​កាំភ្លើង​​​​​​​​​ ពេល​​​នោះ​​​លោក សិទ្ធី បាន​​​និយាយ​​​ថា ស្ត្រី​​​និង​​​ក្មេង​​​ៗ​​​រួម​​​ទាំង​​​រូប​​​លោក​​​ផង​​​​​​ត្រូវ​​​គេ​​​បណ្តើរ​​​ទៅ​​​កន្លែង​​​សម្លាប់​​​​​​ និង​​​បញ្ជា​​​ឲ្យ​​​អង្គុយ​​​ចុះ​​​។

លោក សិទ្ធី បាន​​​និយាយ​​​ថា “ម្តាយ​​​របស់​​​ខ្ញុំ​​​អង្គុយ​​​នៅ​​​មុខ​​​ខ្ញុំ​​​ ហើយ​​​នៅ​​​ពេល​​​គេ​​​បាញ់​​​កាំភ្លើង​​​លើ​​​យើង​​​ គ្រាប់​​​កាំភ្លើង​​​មួ​​យ​​​គ្រាប់​​​ចំ​​​ទ្រូង​​​គាត់​​​ គាត់​​​បាន​​​ដួល​​​ទៅ​​​នឹង​​​ដី​​​ ហើយ​​​ខ្ញុំ​​​ធ្វើ​​​ពុធ​​​ជា​​​ដួល​​​លើ​​​ដី​​​ដែរ​​​…​​​ហើយ​​​ពួក​​​គេ​​​ដើរ​​ជុំវិញ និង​​​វាយ​​​​​​សំពង​​​ក្បាល​​​កូន​​​ក្មេង​​​​​​ដើម្បី​​​ឲ្យ​​​ពួក​​​គេ​​​ស្លាប់​​​​​​”។

នៅ​​​ពេល​​​ពួក​​​គេ​​​សម្លាប់​​រួច​​​ហើយ​​​ លោក សិទ្ធី បាន​​​និយាយ​​​ថា ​គាត់​​​បាន​​​ឮ​​​កម្មាភិបាល​​​ខ្មែរ​​​ក្រហម​​​និយាយ​​​ថា ” ពួក​​​អ្នក​​​ឯង​​​​​​ជិះ​​​ជាន់​​​អញ​​​ច្រើន​​​ឆ្នាំ​​​ហើយ​​​ ហើយ​​​ឥឡូវ​​​នេះ​​​ដល់​​​វេន​​​យើង​​​ជិះ​​​ជាន់​​​ពួក​​​អ្នក​​​ឯង​​​ម្តង​​​”។

បន្ទាប់​​​ពី​​​ពួក​​​​​​ទាហាន​​​បញ្ចប់​​​ការ​​​បាញ់​​​សម្លាប់​​​ និង​​​ការ​​​វាយ​​​សំពង​​​ជន​​​រង​​​គ្រោះ​​​រួច​​​មក​​​​​​ សាក្ស​​​ី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា កម្មាភិបាល​​​រូប​​​នោះ​​​បាន​​​អូស​​​សាក​​​​​​សព​​​ទម្លាក់​​​ចូល​​​រណ្ដៅ​​​គ្រាប់​​​បេ​​​៥២​​​ មុន​​​ពេល​​​ដើរ​​​ចេញ​​​ទៅ។ ក្រោយ​​​ពេល​​​ធ្វើ​​​ពុធ​​​ជា​​​ស្លាប់​​​ប្រហែល​​​២ម៉ោងរួច​​​មក​​​​​​​​​ លោក​​​សិទ្ធី បាន​​​និយាយ​​​ថា គាត់​​​បាន​​​វារ​​​ចេញ​​​ពី​​​ក្រោម​​​សព​​​ចំនួន​​​ពីរ​​​​​​ ហើយ​​​ស្រែក​​​ហៅ​​​​​​ក្រែង​​​លោ​​​មាន​​​អ្នក​​​នៅ​​​រស់​​​។

លោក សិទ្ធី បាន​​​និយាយ​​​ថា លោក​​​បាន​​​ដឹង​​​ថា​​​​​​ប្អូន​​​ស្រី​​​ និង​​​ជីដូន​​​មួយ​​​ពីរ​​​នាក់​​​ទៀត​​​របស់​​​លោក​​​ក៏​​​នៅ​​​រស់​​​ពី​​​ការ​​​សម្លាប់​​​នោះ​​​ដែរ ហើយ​​​នាំ​​​គ្នា​​​រក​​​ផ្លូវ​​​ត្រឡប់​​​ទៅ​​​វត្ត​​​នោះ​​​វិញ​​​ ដែល​​​នៅ​​​ទី​​​នោះ​​​​​​គាត់​​​បាន​​​អះ​​​អាង​​​ថា មាន​​​មនុស្ស​​​រាប់​​​ពាន់​​​នាក់​​​នៅ​​​ទី​​​នោះ ដោយ​​​រត់​​​គេច​​​ចេញ​​​ពី​​​ការ​​​តាម​​​ចាប់​​​របស់​​​កម្មាភិបាល​​​ ដែល​​​គាត់​​​និយាយ​​​ថា កំពុង​​​ស្វែង​​​រក​​​រូប​​​គាត់​​​។

មេធាវី​​​ការពារ​​​ក្តី​​​ទាំង​​​ពីរ​​​ក្រុម​​​បាន​​​លើក​​ឡើង​​​នូវ​​​​​​ភាព​​​មិនស៊ីគ្នា​​​​​​​​​ក្នុ​​ង​​​សក្ខីកម្ម​​​របស់​​​សាក្សី​​​ និង​​​បាន​​​ចោទ​​​សួរ​​​ភាព​​​គួរ​​​ឲ្យ​​​ជឿ​​​ទុក​​​ចិត្ត​​​របស់​​​គាត់។​​​ សាក្សី​​​រូប​​​នេះ​​​បាន​​​រៀប​​​រាប់​​​ដំណើរ​​​រឿង​​​ផ្ទុយ​​​គ្នា​​​​​​​​​ទៅ​​​នឹង​​​​ការ​​​សម្លាប់​​​នោះ​​​ ដោយ​​​ដំបូង​​​ឡើយ​​​អះ​​​អាង​​​ថា គាត់​​​បាន​​​ឃើញ​​​ “ការ​​​បាញ់​​​កាំភ្លើង​​​” នៅ​​​ពេល​​​គេ​​​សម្លាប់​​​ឪពុក​​​គាត់​​​​​​ តែ​​​ក្រោយ​​​មក​​​អះ​​​អាង​​​ថា គាត់​​​គ្រាន់​​​តែ​​​បាន​​​ឮ​​​ស្នូរ​​​គ្រាប់​​​កាំភ្លើង​​​ពី​​​ចម្ងាយ​​​ប៉ុណ្ណោះ​​​។

នៅ​​​ពេល​​​ព្រមាន​​​អំពី​​​ការ​​​សួរ​​​ដដែល​​​ៗ​​​នោះ លោក វិុចទ័រ កូប៉េ មេធាវី​​​ការ​​​ពារ​​​ នួន ជា​​​ បាន​​​និយាយ​​​ថា “គោល​​​ជំហរ​​​របស់​​​យើង​​​ គឺ​​​ថា គាត់​​​ប្រឌិត​​​រឿង​​​នេះ​​​ ហើយ​​​វិធី​​​តែ​​​មួយ​​​គត់​​​ដើម្បី​​​​​​បង្កើត​​​រឿង​​​នេះ គឺ​​​ត្រូវ​​​ស្វែង​​​រក​​​ដំណើរ​​​រឿង​​​ពិស្តារ​​​ដែល​​​គួរ​​​ឲ្យ​​​ជឿ​​​ទុក​​​ចិត្ត​​​”។

សវនាការ​​​លើ​​​បណ្តឹង​​​សាទុក្ខ​​​​​​​​​បន្ត​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​៕មានិត​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស