35 C
Phnom Penh

គ្រូបង្រៀន​ម្នាក់​ត្រូវ​នគរ​បាល​វៀតណាម​ចាប់​ខ្លួន​ពេល​ចុះ​ទៅ​តំបន់​ព្រំដែន​វៀតណាម​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​ជា​គ្រូបង្រៀន​ និង​ជា​​សកម្មជន​​ដែល​បាន​នាំ​សិស្ស​សាលា​បឋម​ និង​សិស្ស​វិទ្យាល័យ​ប្រហែល​៤០​នាក់​​ចុះ​ទៅ​កាន់​តំបន់​ព្រំដែន​មាន​ជម្លោះ​ក្នុង​ខេត្ត​ស្វាយរៀង ត្រូវ​បាន​វាយ​ដំ និង​ចាប់​ឃុំឃាំង​អស់​មួយ​យប់​ដោយ​អាជ្ញាធរ​វៀតណាម​។

យោង​តាម​លោក កឹង ខន ស្នង​ការ​នគរ​បាល​​ខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា លោក ផែន ប៊ុនធឿន អាយុ​៣២​ឆ្នាំ ​ដែល​ជា​ប្រធាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ពីរ​ គឺ​មជ្ឈមណ្ឌល​អន្តរ​ជាតិ​ជប៉ុន​ដើម្បី​សិទ្ធិ​កុមារ​ស៊ីរ៉ៃត៍ (C-Right)​ និង​មជ្ឈមណ្ឌល​សកម្មភាព​ដើម្បី​សមភាព​ (Center for Action Toward Equality) ដែល​សុទ្ធ​តែ​ជា​អង្គការ​តស៊ូ​មតិ​សម្រាប់​សិទ្ធិ​កុមារ​នោះ​ ត្រូវ​បាន​​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​វៀតណាម​នៅ​តាម​ព្រំដែន​ក្នុង​ស្រុក​កំពង់រោទ៍។

លោក កឹង ខន បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា​ “​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ខ្លួន​ និង​ឃុំឃាំង​គាត់ [​កាលពី​ថ្ងៃសៅរ៍]។ ពួកគេ​បាន​ប្រគល់​គាត់​មក​ឲ្យ​អាជ្ញាធរ​របស់​យើង​វិញ​នៅ​ម៉ោង​១០​ព្រឹកមិញ​នេះ។ ឥឡូវ​នេះ គាត់​ត្រូវ​បាន​ដោះលែង​វិញ​ហើយ​បន្ទាប់ពី​ត្រូវ​បាន​សួរ​នាំ​នៅ​ឯ​ស្នងការដ្ឋាន​នគរ​បាល​របស់​យើង​”។

មនុស្ស​មួយ​ក្រុម​មាន​គ្នា​៤៣​នាក់ ក្នុង​នោះ​ភាគច្រើន​ជា​ក្មេងៗ​​សិស្ស​សាលា​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​តំបន់​មួយ​ក្បែរ​កន្លែង​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​កាលពី​ខែ​មុន​រវាង​លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​វៀតណាម​។ លោក​ សាត សាមុត អធិការ​នគរ​បាល​ស្រុក​​កំពង់រោទ៍​​នេះ​បាន​លើក​ឡើង​ថា ការ​ចុះ​ទៅ​តំបន់​ព្រំដែន​របស់​មនុស្ស​​ទាំង​​នេះ​ គឺ​ដើម្បី​​អង្កេត​ និង​សិក្សា​អំពី​វិធី​សាស្ត្រ​ធ្វើ​កសិកម្ម​របស់​វៀតណាម​។

លោក​បាន​លើកឡើង​ទៀត​​ថា ​កសិករ​វៀតណាម​​បាន​ធ្វើ​ស្រែ​នៅ​លើ​ដី​ដែល​លោក ប៊ុនធឿន​ ត្រូវ​បាន​វាយ​ដំ និង​ចាប់​ខ្លួន ទោះ​បី​ជា​តំបន់​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​វាស់​វែង​ឲ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​អាជ្ញាធរ​កម្ពុជា​ជឿជាក់​ថា វា​ស្ថិត​នៅ​ខាង​ផ្នែក​​ព្រំដែនកម្ពុជា​ក៏ដោយ។

លោក សាមុត បាន​មាន​ប្រសាសន៍​ថា “​ប្រសិន​បើ​យើង​សិក្សា​ពិចារណា​អំពី​បង្គោល​ព្រំដែន វា​គឺ​ជា​ដី​របស់​យើង​ ហើយ​នៅ​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​កាត់​ដី​នេះ​នៅ​ឡើយ​ទេ។ តំបន់​នេះ​មាន​ដី​ជាច្រើន​ហិកតា​ដែល​​កាន់​កាប់​ដោយ​វៀតណាម​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “​មាន​មនុស្ស​ប្រហែល​បួន​នាក់​ប៉ុណ្ណោះ​ដែល​បានចូល​ទៅ​តំបន់​នោះ​ ប៉ុន្តែ​នៅ​ពេល​ពួកគេ​ឃើញ​ជន​ជាតិ​វៀតណាម​លើក​ដី​គ្រវី ពួកគេ​បាន​​រត់​ត្រឡប់​មក​វិញ​។ ក្មេង​ៗ​ទាំង​អស់​បាន​រត់​គេច​ ហើយ​គាត់ [លោក ប៊ុនធឿន] នៅ​តែ​ម្នាក់​ឯង​ ហើយ​គេ​បាន​ចាប់​គាត់​តែ​ម្ដង​។ គាត់​បានរង​របួស​ត្រង់​ចិញ្ចើម និង​កួយ​ដី…ប៉ុន្តែ​គាត់​នៅ​តែ​មាន​កម្លាំង​ពលំ​បន្ទាប់ពី​ត្រូវ​បាន​វាយ​ដំ។ ដំបូង​ឡើយ​មាន​មនុស្ស​តែ​ពីរ​បី​នាក​់​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់​មក​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​មក​ឡោមព័ទ្ធ​គាត់​ ហើយ​មាន​​អ្នក​ខ្លះ​មាន​​​ទាំង​កាន់​ចប​កាប់ និង​ប៉ែល​ទៀត​​ផង​”។

នៅ​ក្នុង​​ខ្សែវីដេអូ​មួយ​ស្ដីអំពី​លោក ប៊ុនធឿន ​កំពុង​ត្រូវ​បាន​សួរ​នាំ​ដោយ​នគរ​បាល​កម្ពុជា និង​វៀតណាម​ មន្ត្រី​វៀតណាម​ម្នាក់​ដែល​និយាយ​ជា​ភាសា​ខ្មែរ​បាន​លើក​ឡើង​ថា គ្រូ​បង្រៀន​រូប​នេះ​ “​បាន​សារភាព​ថា គាត់​ទៅ​តំបន់​ព្រំដែន​ដើម្បី​ពិនិត្យ​មើល​ដីស្រែ​”។

មន្ត្រី​វៀតណាម​រូប​នេះ​បាន​ប្រាប់​លោក ប៊ុនធឿន​ ថា “​គ្មាន​ដីស្រែ​សម្រាប់​អ្នកឯង​មក​មើល​ទេ រដូវ​នេះ​មិនមែន​ជា​រដូវ​ធ្វើ​​ស្រែ​ឡើយ”។

មន្ត្រី​កម្ពុជា​ម្នាក់​​បាន​សួរ​គ្រូបង្រៀន​រូប​នេះ​ដែល​មាន​បង់​រុំរបួស​នៅ​លើ​ថ្ងាស​ថា “​ហេតុ​អី​បាន​ជា​លោក​ទៅ​ទីនោះ​​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​? លើក​ក្រោយ​មុន​នឹង​ទៅ​តំបន់​ព្រំដែន​ លោក​គួរ​តែ​ជូន​ដំណឹង​មក​យើង​ជាមុន​សិន​”។

លោក ប៊ុនធឿន បាន​ឆ្លើយ​តប​ថា “​ខ្ញុំ​មិន​បាន​ប៉ះពាល់​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់ពួកគេ​ឡើយ…ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ប៉ុណ្ណោះ”។

នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ម្សិលមិញ លោក ប៊ុនធឿន បាន​​លើក​ឡើង​ថា លោក​ត្រូវ​បាន​គេ​បញ្ជូន​មក​មន្ទីរ​ពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​​លោក​មិន​រង​របួស​ធ្ងន់​ឡើយ។

លោក​បាន​លើកឡើង​ទៀត​ថា ​លោក​មិនបាន​ឆ្លង​​កាត់​ចូលទឹក​ដី​វៀតណាម​ឡើយ​អំឡុង​​ពេល​ចុះទៅ​កាន់ព្រំដែន។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ធ្វើដំណើរ​ទៅ​មើល​ស្រូវ​របស់​វៀតណាម​ ហើយ​​ឆ្លៀត​ឱកាស​នេះ​​បង្ហាញ​ដល់​សិស្សានុសិស្ស​​អំពី​ស្ថានភាព​នៅ​ក្នុង​​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “​ខ្ញុំ​បាន​ដើរ​តែ​ម្នាក់​ឯង​ទៅ​កាន់​ព្រំដែន ប៉ុន្តែ​​ត្រូវ​ពលរដ្ឋ​វៀតណាម​បញ្ឈប់​។ ខ្ញុំ​បាន​ឈប់ ហើយ​បន្ទាប់​មក​ពួកគេ​បាន​រត់​សំដៅ​មក​ខ្ញុំ​ដោយ​​ដៃ​មាន​កាន់​ចប​កាប់ និង​ប៉ែល ហើយ​បន្ទាប់​មក​ទៀត​​ពួកគេ​បាន​ចាប់​ផ្ដើម​វាយ​ដំ​ខ្ញុំ​តែ​ម្ដង។ ក្រោយ​មក​ អាជ្ញាធរ​វៀតណាម​បាន​មក​ដល់ ហើយ​នាំ​ខ្ញុំ​ទៅ​កាន់​ប៉ុស្តិ៍​របស់​ពួកគេ​”។

កាលពី​ខែ​មុន​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​យុទ្ធនាការ​មួយ​ដើម្បី​​​​​​បើក​កកាយ​​អំពី​ការ​ឈ្លានពាន​ចូល​មក​ទឹក​ដី​កម្ពុជា​ដោយ​វៀតណាម​​ ដែល​ជាហេតុ​នាំ​ឲ្យ​រដ្ឋាភិបាល​​បាន​ផ្ញើ​កំណត់​ទូត​ទៅ​វៀតណាម​ចំនួន​បី​លើក​។

កាលពី​ម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បានការ​ពារ​សិទ្ធិ​របស់​លោក ប៊ុនធឿន ក្នុង​ការ​ចូល​ទៅ​កាន់​​តំបន់​ព្រំដែន​មាន​ជម្លោះ​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​កុំ​ឲ្យ​​មាន​ការ​វាយ​​ដំ​​បែ​បនេះ​កើត​ឡើង​ម្ដង​ទៀត​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “​រដ្ឋាភិបាល​ត្រូវ​តែ​ប្រាកដ​ថា រឿង​បែប​នេះ​នឹង​មិន​កើត​​ឡើង​ទៀតឡើយ​នៅ​ពេល​អនាគត”។

លោក​ ជុំ សួនរី អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​វាយ​ដំ និង​ការ​ចាប់​ខ្លួន​លោក ប៊ុនធឿន​ ឡើយ។

លោក​បាន​មាន​ប្រសាសន៍​​ថា “​ខ្ញុំ​នៅ​មិន​ទាន់​ឃើញ​សេចក្ដី​រាយការណ៍​អំពី​​បញ្ហា​នេះ​នៅ​ឡើយ​ទេ”៕ ស៊ុយឈាង​ (រាយការណ៍​បន្ថែម​ដោយ Alex Willemyns)​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស