នៅកិច្ចប្រជុំរវាងមន្ត្រីព្រំដែនកម្ពុជា និងវៀតណាមនៅក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា ច្បាប់ចម្លងផែនទីព្រំដែនឌីជីថលរបស់គណបក្សសង្គ្រោះជាតិ ឥឡូវនេះត្រូវបានបង្កើតឡើងដើម្បីដំណើរការជាមួយបច្ចេកវិទ្យាជីភីអេស ហើយបានបង្ហាញរួចហើយថា បង្គោលព្រំដែនបានបោះខុសកន្លែងនៅក្នុងខេត្តស្វាយរៀង។
មានប្រសាសន៍បន្ទាប់ពីពិធីមួយនៅការិយាល័យគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ដើម្បីរំឭកខួបនៃការប្រយុទ្ធគ្នាកាលពីឆ្នាំ១៩៩៧នោះ លោក សម រង្ស៊ី បានមានប្រសាសន៍ថា ឥឡូវនេះគណបក្សប្រឆាំងអាចយកកូអរដោនេ ជីភីអេស ស្ដីពីបង្គោលព្រំដែនដែលពួកគាត់បានទៅពិនិត្យមើល ដើម្បីរកឲ្យឃើញថា តើវាស្ថិតនៅក្នុងបន្ទាត់ព្រំដែនពិតប្រាកដឬយ៉ាងណា។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ”យើងមានផែនទីនេះ ហើយមានតែផែនទីមួយប៉ុណ្ណោះ [ចែង] ក្នុងរដ្ឋធម្មនុញ្ញ។ ខ្ញុំបានសាកល្បងផែនទីឌីជីថលកាលពីយប់មិញ ហើយយើងបានរកឃើញថា បង្គោលព្រំដែនពីរបីដែលត្រូវបានបោះនោះ ស្ថិតក្នុងទឹកដីកម្ពុជា”។
លោកបានបន្ថែមថា “ យើងអាចទៅមើលបង្គោលព្រំដែនដែលមានវិវាទណាមួយ ហើយយកកូអរដោនេបង្គោលព្រំដែននោះទៅដាក់លើផែនទីឌីជីថល ហើយផែនទីនោះនឹងប្រាប់យើងថា តើបង្គោលព្រំដែននោះស្ថិតនៅក្នុងប្រទេសកម្ពុជា ឬស្ថិតក្នុងប្រទេសជិតខាង។ នេះគឺជាភ័ស្តុតាងដែលយើងមិនអាចប្រកែកបាន”។
នៅពេលត្រូវបានទាក់ទងតាមទូរស័ព្ទក្រោយមក លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកបានចូលមើលកូអរដោនេ ជីភីអេស សម្រាប់បង្គោលព្រំដែនលេខ១៨៤ ១៨៥ ១៨៦ និង១៨៧ ដែលគួរស្ថិតនៅតាមបណ្ដោយព្រំដែនក្នុងខេត្តស្វាយរៀង ហើយបានរកឃើញថា តាមពិត បង្គោលទាំងនេះស្ថិតនៅក្នុងទឹកដីកម្ពុជា។
លោក សម រង្ស៊ី ដែលបាននិរទេសខ្លួនទៅរស់នៅប្រទេសបារាំងចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ដើម្បីគេចពីការចោទប្រកាន់បទព្រហ្មទណ្ឌ ដោយសារតែលោកដកបង្គោលតម្រុយព្រំដែនលេខ១៨៥នោះ បានមានប្រសាសន៍ថា “ដោយសារខ្ញុំបានប្រមូលកូអរដោនេបង្គោលព្រំដែនទាំងបួននេះ ខ្ញុំបានប្រើវិធីសាស្ត្រថ្មីរបស់យើង ហើយទទួលបានលទ្ធផលថា បង្គោលទាំងបួននេះស្ថិតក្នុងទឹកដីកម្ពុជា”។
លោកបានមានប្រសាសន៍ថា “វាស្ថិតនៅចម្ងាយប្រហែល១០០ម៉ែត្រប៉ុណ្ណោះពីព្រំដែន។ នេះនឹងមិនទាន់ជាបញ្ហាធ្ងន់ធ្ងរបំផុតអំពីបង្គោលព្រំដែនទាំងនោះទេ។ កសិករខ្មែររបស់យើងបានអះអាងថា ពួកគាត់បានបាត់បង់ដីច្រើនជាងនេះទៅទៀត ដូច្នេះឥឡូវនេះយើងអាចទៅពិនិត្យមើលបង្គោលទាំងនោះ។
នៅក្នុងបទសម្ភាសន៍តាមវិទ្យុសំឡេងសហរដ្ឋអាមេរិក ដែលបានចាក់ផ្សាយកាលពីព្រឹកម្សិលមិញ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនរួម បានមានប្រសាសន៍ថា លោកនៅតែមិនជឿដដែលថាលោក សម រង្ស៊ី ថាមានផែនទីត្រឹមត្រូវចែងដោយរដ្ឋធម្មនុញ្ញ។
បើទោះជាមានយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិក៏ដោយ ក៏រដ្ឋាភិបាលបានបដិសេធមិនចេញផ្សាយផែនទីផ្លូវការស្ដីពីព្រំដែនកម្ពុជា-វៀតណាមជាសាធារណៈ ដែលគេប្រើដើម្បីបោះបង្គោលព្រំដែននេះដែរ។ លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា ទំនងជាលោក សម រង្ស៊ី រកមិនឃើញផែនទីត្រឹមត្រូវឡើយ។
លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា “ខ្ញុំមិនគិតថា ផែនទីដែលលោក សម រង្ស៊ី មាននេះ ជាផែនទីដើមឡើយ ពីព្រោះបារាំងមិនបានបោះពុម្ពផែនទីបន្ថែមទៀតទេ បន្ទាប់ពីឆ្នាំ១៩៥៥មក។ ខ្ញុំគិតថា មនុស្សមួយចំនួនកំពុងប្រើប្រាស់ផែនទីថ្មីដើម្បីញុះញង់ប្រជាពលរដ្ឋឲ្យគាំទ្រពួកគេតែប៉ុណ្ណោះ”។
លោកបានបន្តថា “ប៉ុន្តែនេះមិនមែនជាចម្លើយល្អទេ។ ចម្លើយដែលល្អនោះគឺថា យើងត្រូវធ្វើការចរចាដោយស្ងៀមស្ងាត់”។
គណៈកម្មាធិការរបស់លោក វ៉ា គឹមហុង ដែលមានមន្ត្រីមកពីភាគីកម្ពុជា និងវៀតណា និងមានភារកិច្ចពាក់ព័ន្ធការបោះបង្គោលព្រំដែននោះ គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃនេះជាលើកដំបូងចាប់តាំងពីការតវ៉ាកាលពីពេលថ្មីៗអំពីការទន្ទ្រានចូលទឹកដីកម្ពុជាពីសំណាក់ប្រទេសវៀតណាម។
លោក វ៉ា គឹមហុង បានមានប្រសាសន៍តាមទូរស័ព្ទថា កិច្ចប្រជុំដែលត្រូវបានគ្រោងធ្វើនៅក្រុងសៀមរាបនោះ ឥឡូវនេះត្រូវបានប្តូរមកធ្វើនៅរាជធានីភ្នំពេញវិញ ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើកិច្ចប្រជុំនេះធ្វើពិតប្រាកដនៅកន្លែងណា ឬបញ្ហាអ្វីដែលមន្ត្រីកម្ពុជានឹងលើកឡើងនោះឡើយ។
លោក សម រង្ស៊ី និងគណបក្សប្រឆាំងបានចោទប្រកាន់រដ្ឋាភិបាលម្ដងហើយម្ដងទៀតចំពោះការមិនព្រមបញ្ចេញផែនទីព្រំដែនផ្លូវការ ពីព្រោះរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់ជាផែនទីដែលគូរដោយវៀតណាមខុសច្បាប់ ដែលបានដាក់ខ្សែបន្ទាត់ព្រំដែននៅក្នុងទឹកដីកម្ពុជា។
មាត្រា២នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ចែងថា មានតែផែនទីខ្នាត១/១០០.០០០ ដែលគូរដោយអាណានិគមបារាំង និងត្រូវបានទទួលស្គាល់ពេញលេញដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៦៩ប៉ុណ្ណោះអាចត្រូវបានប្រើដោយរដ្ឋាភិបាលដើម្បីកំណត់អំពីព្រំដែនកម្ពុជា។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា រដ្ឋាភិបាលគួរបញ្ចប់វិវាទនេះជាមួយលោក សម រង្ស៊ី ដោយចេញផ្សាយផែនទីព្រំដែនផ្លូវការដើម្បីធ្វើឲ្យមានតម្លាភាព និងការពិនិត្យពិច័យអំឡុងការកំណត់ព្រំដែន។
លោកបានមានប្រសាសន៍ថា “លោក វ៉ា គឹមហុង គួរចេញផ្សាយផែនទីនេះ។ ពួកគេត្រូវចេះរៀនស្មោះត្រង់ជាមួយប្រជាពលរដ្ឋរបស់ខ្លួន និងដើម្បីទទួលបានការគាំទ្រពីពួកគាត់។ នៅក្នុងស្ថានភាពដែលយើងបាត់បង់ដី ឬដោះដូរដី និងភូមិមួយចំនួនជាមួយវៀតណាម ប្រជាពលរដ្ឋចាំបាច់ត្រូវដឹង៕ សារុន