27 C
Phnom Penh

មន្ត្រី​នគរបាល​​​​​ស្វែង​រក​​ជន​ដៃដល់​ជុំវិញ​ការ​បាញ់​សម្លាប់​នៅ​ពិធី​ខួប​កំណើត​មួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ អាជ្ញាធរ​កំពុង​ស្វែង​រក​​មន្ត្រី​នគរ​បាល​ម្នាក់​​ដែល​បាន​បាញ់​អ្នក​​​ជិត​ខាង​​របស់​ខ្លួន១៤​គ្រាប់​អំឡុង​ពិធី​ខួប​កំណើត​មួយ​ក្នុង​ស្រុក​អង្គស្នួល កាល​ពី​យប់​ថ្ងៃ​សៅរ៍ បណ្ដាល​ឲ្យ​បុរស​នោះ​ស្លាប់ភ្លាមៗ។

​យោង​តាម​លោក ហង្ស ចាន់ដា អាយុ​៤០​ឆ្នាំ ​អធិការ​នគរ​បាល​ស្រុក​ បាន​​ឲ្យ​ដឹង​ថា មនុស្ស​៤០​នាក់​បាន​ចូលរួមពិធី​នោះ​នៅ​ក្នុង​ឃុំ​លំហាច រួម​មាន​កុមារ​ប្រាំនាក់ផង​ ស្រាប់​តែ​ឈ្មោះ ទឹម សារី អាយុ​៣៥​ឆ្នាំ តាម​ការ​អះ​អាង​ថា បាន​យក​កាំភ្លើងខ្លី​ CF-98 ផលិត​នៅ​ប្រទេស​ចិន​បាញ់​​លោក ស្រី ចាន់វុទ្ធី អាយុ​៤៣​ឆ្នាំ​នៅ​ម៉ោង​ប្រហែល​១០​យប់។

លោក ចាន់ដា បានមាន​ប្រសាសន៍​ថា “​ជន​រងគ្រោះ​រូប​នេះ​គឺ​ជា​អ្នក​ភូមិ​​ម្នាក់​រស់​នៅ​ភូមិ​គោក​ពពេល ហើយ​ត្រូវ​បាន​បាញ់​ជាច្រើន​​​គ្រាប់ និង​ត្រូវ​ដង​ខ្លួន​ជាង​១០​គ្រាប់។ គាត់​បាន​ស្លាប់​ភ្លាមៗ”។

លោក​បាន​មាន​ប្រសាសន៍​ថា “​បុរស​ទាំង​ពីរ​នាក់​នេះ​រស់​នៅក្បែរគ្នា​​ក្នុង​ភូមិ​ជាមួយ​​គ្នា​ ដែល​ជន​រង​គ្រោះ​​ជាកសិករ ហើយ​ជន​សង្ស័យ​ជា​មន្ត្រី​នគរ​បាល​។

លោក ផាច ផល្លា អធិការ​រង​នគរ​បាលស្រុក​​បាន​មាន​ប្រសាសន៍​ថា គ្មាន​ភ្ញៀវ​ណា​ម្នាក់​ក្នុង​ចំណោម​ភ្ញៀវ​ផ្សេង​​ទៀត​ដឹង​ថា ហេតុ​អ្វី​​បាន​ជា​​បណ្ដាល​លោក សារី បាញ់​​សម្លាប់​លោក ស្រី ចាន់វុទ្ធី ឡើយ​ ហើយ​ថា នគរ​បាល​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​សង្ស័យ​ថា ជន​រងគ្រោះ​ និង​ខ្មាន់​កាំភ្លើង​ធ្លាប់​មាន​​ជម្លោះ​នឹង​គ្នា​ក្នុង​ពេល​មុន ពីព្រោះ​ពួកគេ​ទាំង​ពីរ​រស់​នៅ​​ក្នុងភូមិ​ជាមួយ​គ្នា​”។

លោក ផល្លា បាន​មាន​ប្រសាសន៍​ថា លោក សារី បាន​បាញ់​កាំភ្លើង​រហូត​អស់​គ្រាប់ ​បន្ទាប់​មក​បាន​បោះ​កំាភ្លើង​ចោល ហើយ​រត់​គេច​ខ្លួន​ពី​​កន្លែង​កើត​ហេតុ​។

លោក​បានមាន​ប្រសាសន៍​ថា “​យើង​ស្គាល់​អត្តសញ្ញាណ​ខ្មាន់​កាំភ្លើង​ហើយ ហើយ​ថា​ជន​នេះ​ជា​អង្គរក្ស​ផងដែរ​ ប៉ុន្តែ​ជន​នេះ​កំពុង​​រត់​គេច​ខ្លួន​នៅ​ឡើយ​”។

យោង​តាម​របាយការណ៍​នគរ​បាល​ដែល​ផ្ដល់​ដោយ​លោក អុីវ ចំរើន ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា លោក ស្រី ចាន់វុទ្ធី ត្រូវ​គ្រាប់​ទាំង​អស់​១៤​គ្រាប់ គឺ​៤​គ្រាប់​ត្រូវ​ត្រង់ពោះ ២គ្រាប់​ចំ​ចំហៀង ២​គ្រាប់​ចំ​ជង្គង់​ខាង​ឆ្វេង បី​គ្រាប់​ចំទ្រូង និង​៣គ្រាប់​ចំ​ជង្គង់​ខាង​ស្ដាំ។

លោក ចំរើន បាន​មាន​ប្រសាសន៍​ថា ប្រពន្ធ​របស់ សារី គឺ​អ្នកស្រី ជិន​ ចន្ទគ្រិស្នា អាយុ​២៨​ឆ្នាំ បាន​អះអាង​ថា ប្ដី​របស់​គាត់​ជា​មន្ត្រី​នគរ​បាល និង​ជា​អង្គរក្ស​ផងដែរ​។ លោក​បាន​​បន្ថែម​ថា ក្រុម​ស៊ើប​អង្កេត​បាន​ព្យាយាម​ស្វែង​រក​ភ័ស្តុ​តាង​បន្ថែម​ទៀត​អំពី​តួនាទី​​​ជា​នគរ​បាល​​របស់​ជន​នេះ និង​ពី​និយោជក​។

លោក​បាន​មាន​​ប្រសាសន៍​ថា គាត់​ជា​មន្ត្រី​នគរ​បាល និង​ជា​អង្គរក្ស​ ហើយ​យើង​មិន​ទាន់​រក​ឃើញ​កន្លែង​ដែល​គាត់​ធ្វើ​ការ​នៅ​ឡើយ​ទេ”៕ សារុន​​​​​​​

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស