26 C
Phnom Penh

​ភ្ញៀវទេសចរ​ជនជាតិ​ចិន​​ត្រូវ​បាន​ចាប់​ខ្លួន​​ដោយសារ​បង្ហោះ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ក្បែរ​ព្រះបរម​រាជវាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​មន្ត្រី​នគរ​បាល​ជាន់​ខ្ពស់​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ភ្ញៀវទេសចរ​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជធានីភ្នំពេញ​កាលពីថ្ងៃ​សៅរ៍ ពីបទ​ប្រើ​ប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ ដើម្បី​ថត​យក​រូប​ថត​នៃ​ព្រះបរមរាជវាំង​ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​វិញ​​​​បន្ទាប់ពី​ត្រូវ​បាន​ណែនាំ​រួច​។

ការ​ចាប់​ខ្លួន​ពួកគេ​ត្រូវ​បាន​ធ្វើ​ឡើង​​មិន​ដល់​​២សប្ដាហ៍​ផង​ បន្ទាប់ពី​​ផលិត​​ករ​ភាពយន្ត​ជន​ជាតិ​​​បរទេស​ចំនួន​ពីរ​នាក់​ត្រូវ​បាន​​ឃាត់​ខ្លួន​រយៈពេល​ខ្លី​ពី​បទ​បង្ហោះ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ក្បែរ​ភូមិគ្រឹះ​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​​បន្ទាប់ពី​មាន​បម្រាម​​ហាម​​មិន​ឲ្យ​ប្រើ​ប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដោយ​​គ្មាន​​ការ​អនុញ្ញាត​ ដែល​សាលា​រាជធានី​បាន​ប្រកាស​កាលពី​ខែ​កុម្ភៈ។

លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នង​ការ​រង​នគរ​បាល​ជាតិ​​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា លោក Wang Ming Lei និង​លោក Peng Zhe Liang ដែល​សុទ្ធ​តែមាន​អាយុ​២៤​ឆ្នាំ​ដូច​គ្នា​ត្រូវ​បាន​ចាប់​ខ្លួននៅ​ម៉ោង​ប្រហែល​៧និង​៣០​នាទី​ព្រឹកថ្ងៃ​សៅរ៍ ដោយ​នគរ​បាល​​ខណ្ឌដូនពេញ ដែល​ប្រទះ​ឃើញពួកគេ​កំពុង​បង្ហោះ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ក្បែរ​ព្រះបរម​រាជវាំង។ ​ហើយ​បន្ទាប់​មក​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​ ដើម្បី​សាក​សួរ​នៅ​ព្រឹក​ដដែល​នោះ។

ឧត្ដម​សេនីយ៍​ឯក ឆៃ ស៊ីណារិទ្ធ បាន​មាន​ប្រសាសន៍​ថា “​ពួក​គេ​បាន​និយាយ​ថា ខ្លួន​គឺ​ជា​​អ្នក​ទេសចរ​ ​ហើយ​មិន​ដឹង​ថា​តំបន់​នេះ​ជា​តំបន់​ហាម​ឃាត់​ឡើយ​”។ លោក​បាន​បន្ថែម​ថា ក្រុម​មន្ត្រី​មិន​ជឿជាក់​លើ​ចម្លើយ​របស់​ពួកគេ​ឡើយ ហេតុដូច្នេះ​បាន​ទាក់​ទង​​រដ្ឋាភិបាល​ចិន និង​ស្ថានទូត​ចិនប្រចាំ​រាជធានី​ភ្នំពេញ។

លោក​បាន​មាន​​ប្រសាសន៍​ថា “​យើង​បាន​​ទាក់​ទង​​រដ្ឋាភិបាល​ចិន និង​ស្ថានទូត​ចិន​ដើម្បី​ចង់​ដឹង​ថា​តើពួកគេ​គឺ​ជា​អ្នក​ទេសចរ​មែន​ឬមិន​មែន​។ ស្ថានទូត​ចិន​បាន​បញ្ជាក់​ថា ពួកគេ​​ពិត​ជា​អ្នក​ទេសចរ​មែន”។

ឧត្ដម​សេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ បាន​លើក​ឡើង​ទៀត​ថា បុរស​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ដោះ​លែង​​កាលពី​ម្សិលមិញ បន្ទាប់ពី​​បាន​​សន្យា​ថា​ នឹង​មិន​​បំពាន​បម្រាម​ហាម​មិន​ឲ្យ​បង្ហោះ​​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​​នេះ​ម្ដង​​​ទៀត​។ លោក​បាន​មាន​ប្រសាសន៍​ថា “​បន្ទាប់ពី​យើង​បាន​អប់រំ និង​ណែនាំពួកគេ​ យើង​បាន​​​ឲ្យ​ពួកគេ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ថា​​នឹង​មិន​​ធ្វើ​ដូច្នេះ​ម្ដង​​ទៀត​”។

លោក​បាន​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា “​ពួកគេ​ត្រូវ​បាន​ដោះលែង ហើយ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កំណើត​វិញ​​នៅ​យប់​នេះ”។ លោក​បាន​ពន្យល់​បន្ត​ទៀត​ថា ពួកគេ​បាន​ខក​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​វិញ ខណៈ​កំពុង​​ត្រូវ​បាន​ឃុំខ្លួន​នៅ​ឯ​ក្រសួង​មហាផ្ទៃ។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​បាន​បញ្ជាក់​ថា ជនជាតិ​ចិន​ទាំងពីរ​នាក់​នេះ​មិន​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​​ដើម្បី​បង្ហោះ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​របស់​ខ្លួន​ឡើយ ហើយ​លោក​បាន​ក្រើន​រំឭក​ដល់​មនុស្ស​គ្រប់ៗ​គ្នា​ឲ្យ​​អនុវត្ត​​តាម​បម្រាម​នេះ​ឲ្យបាន​​ហ្មត់ចត់។ លោក​បាន​មាន​ប្រសាសន៍​​​ថា “​មនុស្ស​គ្រប់​ៗ​គ្នា រួម​ទាំង​ជន​បរទេស​ផង​ត្រូវ​តែ​គោរព​តាម​សេចក្ដី​ប្រកាស​របស់​សាលា​រាជធានី​”។

លោក Cheng Hong Bo អ្នក​នាំពាក្យ​ស្ថានទូត​ចិន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ។

កាលពី​ថ្ងៃទី​២៣ ខែមិ​ថុនា នគរ​បាល​បាន​ចាប់​ខ្លួន​ផលិត​ករ​ភាព​យន្ត​ជនជាតិ​អាមេរិក​មួយ​រូប និង​អ្នក​បញ្ជា​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ជនជាតិ​បារំាង​មួយ​រូប​ នៅ​ពេល​ពួកគេ​បង្ហោះ​​យន្ត​ហោះ​​គ្មាន​មនុស្ស​បើក​របស់​ខ្លួន​នៅ​មុខ​ភូមិគ្រឹះ​របស់​លោក ហ៊ុន សែន។ ពួកគេ​ទាំងពីរ​នាក់​ត្រូវ​បានឃុំខ្លួន​នៅ​ឯ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​​​​រាជធានី​​​រយៈ​ពេល​ខ្លី។ ហើយ​​ក៏​ត្រូវ​បាន​ដោះលែង​វិញ​ផង​ដែរ​បន្ទាប់ពី​ពួកគេ​បាន​ចុះ​ហត្ថ​លេខា​​​​ជាមួយ​អាជ្ញាធរ​៕ ស៊ុយឈាង​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស