យោងតាមក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា មួយខែបន្ទាប់ពីជនភៀសខ្លួនបួននាក់ដំបូងបានមកដល់ប្រទេសកម្ពុជាតាមគម្រោងតាំងទីលំនៅថ្មីដ៏ចម្រូងចម្រាស ដែលរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសអូស្ត្រាលីកាលពីឆ្នាំមុន មន្ត្រីអន្តោប្រវេសន៍នៅប្រទេសណូរូ ជាដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង កំពុងបង្កើនការប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលជនភៀសខ្លួនថែមទៀតឲ្យជឿជាក់លើពួកគេ។
ជនភៀសខ្លួនបួននាក់បានមកដល់ក្រុងភ្នំពេញនៅថ្ងៃទី៤ខែមិថុនា ជាក្រុមដំបូងស្ម័គ្រចិត្តមករស់នៅក្នុងប្រទេសកម្ពុជាក្រោមកិច្ចព្រមព្រៀង ដែលរដ្ឋាភិបាលកម្ពុជាបានធ្វើដើម្បីនាំយកជនភៀសខ្លួនរាប់រយនាក់ ដែលប្រទេសអូស្ត្រាលីកំពុងឃាត់ទុកនៅប្រទេសណូរូ។ ប្រទេសអូស្ត្រាលីបានចំណាយពេលជាច្រើនខែក្នុងការបញ្ចុះបញ្ចូលឲ្យជនភៀសខ្លួនទាំងបួននាក់មកកម្ពុជា ហើយតាំងពីពេលនោះមកមិនទាន់មានអ្នកធ្វើតាមទេ។

ប៉ុន្តែក្រុមចម្រុះសកម្មភាពជនភៀសខ្លួន (Refugee Action Coalition) ជាក្រុមតស៊ូមតិមានមូលដ្ឋាននៅទីក្រុងស៊ីដនី ដែលទាក់ទងជាមួយអ្នកនៅប្រទេសណូរូ បាននិយាយថា បុគ្គលិកក្រសួងអន្តោប្រវេសន៍អូស្ត្រាលី និងសេវាតាំងលំនៅ ជាក្រុមផ្តល់សេវារបស់អូស្ត្រាលីនៅណូរូ កំពុងប្រឹងប្រែងយ៉ាងសកម្មដើម្បីកែប្រែបញ្ហានេះ។
លោក អៀន រីនទូល អ្នកនាំពាក្យក្រុមនេះ បាននិយាយថា “មានសកម្មភាពជាថ្មីគួរឲ្យកត់សម្គាល់លើកោះណូរូ ក្នុងការព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យយល់ព្រមទៅប្រទេសកម្ពុជា។ ប្រហែលពីរសប្តាហ៍មុននេះ ក្រុមអន្តោប្រវេសន៍និងរៀបចំសេវា បាននិងកំពុងព្យាយាមបញ្ចុះបញ្ចូលជនភៀសខ្លួន ហើយថែមទាំងប្រើគម្រោងធ្វើសម្ភាសដើម្បីជំរុញប្រទេសកម្ពុជាជាថ្មីទៀតផង”។
លោក រីន ទូល បាននិយាយថា ពួកគេទំនងជាសំដៅលើជនភៀសខ្លួនដែលនៅលើកោះណូរូតែម្តង និងសន្យាថានឹងមានការជួបជុំគ្រួសាររបស់ពួកគេឆាប់រហ័សនៅប្រទេសកម្ពុជា ប្រសិនបើពួកគេទទួលយកកិច្ចព្រមព្រៀង។
លោកបាននិយាយថា ក្រុមមន្ត្រីក៏កំពុងបន្តផ្តល់ប្រាក់រាប់ពាន់ដុល្លារឲ្យជនភៀសខ្លួន ដែលព្រមមកប្រទេសកម្ពុជា ប៉ុន្តែទទួចបន្តចែកប្រាក់នេះ “ដើម្បីធ្វើមិនឲ្យពួកគេអាចពិចារណាទៅទីណាផ្សេងបានទេ”។
កាលពីខែឧសភា “មណ្ឌលព័ត៌មានកម្ពុជា” ត្រូវបានបង្កើតឡើងនៅប្រទេសណូរូ នៅទល់មុខការិយាល័យអន្តោប្រវេសន៍និងផ្តល់សេវា របស់អូស្ត្រាលី ដើម្បីប្រើជាមណ្ឌលធនធានសម្រាប់ជនភៀសខ្លួនដែលចាប់អារម្មណ៍។ លោក រីន ទូល បាននិយាយថា មណ្ឌលនេះជាកុងតឺន័រដឹកជញ្ជូនលាបថ្នាំពណ៌ស បើកទ្វារមួយថ្ងៃពីរម៉ោង ស្ថិតនៅទីនោះនៅឡើយ ប៉ុន្តែទាក់ទាញការចាប់អារម្មណ៍តិចតួចណាស់។
លោកបាននិយាយថា លោកមិនបានដឹងអំពីជនភៀសខ្លួនផ្សេងទៀតដែលបានស្ម័គ្រចិត្តមកប្រទេសកម្ពុជានោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ លោក កែម សារិន ប្រធាននាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មិនមានអ្នកស្ម័គ្រចិត្តថ្មីទេ ហើយរដ្ឋាភិបាលមិនមានផែនការធ្វើដំណើរទៅប្រទេសណូរូ ដើម្បីស្វែងរកអ្នកស្ម័គ្រចិត្តទៀតទេ។
ក្រុមមន្ត្រីកម្ពុជាបានធ្វើដំណើរទៅប្រទេសកោះនេះបីលើក ដោយរកបានអ្នកស្ម័គ្រចិត្តដំបូងចំនួនបួននាក់។ រដ្ឋាភិបាលក្រុងកង់ប៊ែរ៉ាបានប្រាប់ជនភៀសខ្លួននៅប្រទេសណូរូម្តងហើយម្តងទៀតថា ពួកគេគ្មានផ្លូវនឹងតាំងលំនៅក្នុងប្រទេសអូស្ត្រាលីបានឡើយ។
ក្នុងការប៉ុនប៉ងធ្វើឲ្យព្រមព្រៀងជាមួយកម្ពុជាគួរជាទីពេញចិត្ត ប្រទេសអូស្ត្រាលីបាននឹងកំពុងផ្សព្វផ្សាយ “ឯកសារប្រាប់ព័ត៌មាន” ក្នុងចំណោមជនភៀសខ្លួននៅណូរូ ដែលមានទាំងព័ត៌មានមិនពិតអំពីស្ថានការណ៍នយោបាយ សុខភាព និងសន្តិសុខនៅប្រទេសកម្ពុជា។
ក្រសួងអន្តោប្រវេសន៍អូស្ត្រាលីមិនបានឆ្លើយតបសំណើសុំការពន្យល់កាលពីថ្ងៃអាទិត្យអំពីការប្រឹងប្រែងជ្រើសរើសថ្មីបំផុតនេះទេ ៕ និត (រាយការណ៍បន្ថែមដោយ ឃួន ណារិម)